អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ជំរុញឲ្យអ្នកប្រឆាំងធ្វើបាតុកម្មពេលលោកទៅអាមេរិក

ប្រមុខរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឲ្យក្រុមអ្នក​ប្រឆាំង​ចេញមកធ្វើ​បាតុកម្ម​នៅពេល​លោក​ទៅចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅក្នុងខែ​ឧសភានេះ​។ ​ប៉ុន្តែជាមួយ​គ្នានេះ​លោក ហ៊ុន សែន​ អះអាងថា​ នឹង​មានអ្នក​មកគាំទ្រ​លោក​ច្រើនជាង​អ្នកមកធ្វើ​បាតុកម្ម​ដែរ​ តែមិន​លើកទឹក​ចិត្ត​ឲ្យពួកគេធ្វើ​បាតុកម្ម​ប្រឆាំងវិញឡើយ។ ​សម្រាប់​លោកនាយករដ្ឋមន្ត្រី ​ការធ្វើ​បាតុកម្ម​របស់ពលរដ្ឋខ្មែរ​នៅសហរដ្ឋអាមេរិក​ គឺប្រៀប​បាន​នឹងការ​ធ្វើបាតុកម្ម​ប្រឆាំង​ប្រធានាធិបតីអាមេរិក​ដូចគ្នាដែរ។​

ពលរដ្ឋខ្មែរមួយចំនួននៅសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពលរដ្ឋខ្មែរមួយចំនួននៅសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៅព្រឹកថ្ងៃអង្គារ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក នៅ​ក្នុង​ខែ​ឧសភា​ខាងមុខ​នេះ តាម​ការ​អញ្ជើញ​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ចូ បៃដិន។

នៅពេលនេះលោក ហ៊ុន សែន ថ្លែងថា លោកកំពុងរងចាំមើលថាតើនឹងមានមនុស្សប៉ុន្មាននាក់ ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំងវត្តមានរបស់​លោក​នៅលើទឹកដីអាមេរិកនៅសប្តាហ៍ក្រោយនេះ ខណៈលោកក៏ប្រកាសថាលោកនឹងទៅប្រជុំ​នៅអឺរ៉ុបនៅថ្ងៃទី២១ខែឧសភា។

បើតាម លោក ហ៊ុន សែន ចំនួនអ្នកចេញមុខធ្វើ​បាតុកម្ម​ប្រឆាំងលោក​នៅក្រៅប្រទេស​នឹងតិចជាង​ចំនួន​អ្នកមកគាំទ្រលោកដែលមានប្រមាណ១ពាន់នាក់។

ការដែលលោក ហ៊ុន សែន ពន្យុះឲ្យអ្នកនៅក្រៅប្រទេស​ធ្វើ​បាតុកម្មប្រឆាំងលោកបែបនេះ គឺនៅ​ក្រោយ​ពេលអ្នកគាំទ្រ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា ពួកគេនឹង​ហែ​ក្បួន​បាតុកម្ម​ចម្រុះជាតិសាសន៍ប្រឆាំងនឹង​វត្តមាន ​លោក ហ៊ុន សែន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​១២ ឧសភា គឺ​ចំ​ថ្ងៃទី​១​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក។

តាមរយៈហ្វេសប៊ុករបស់នៅថ្ងៃទី២ឧសភា អគ្គលេខាធិការ​អតីតគណបក្ស​សង្គ្រោះ​ជាតិ ប្រចាំសហរដ្ឋអាមេរិក លោក រី គា អះអាង​ថា នឹងមានពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ក្នុងប្រទេស​អាស៊ាន​រាប់ពាន់នាក់​ ​ដូចជា ភូមា ថៃ​ ឡាវ ហ្វីលីពីន​ ត្រៀមធ្វើ​មហា​បាតុកម្ម​​ចម្រុះ​ជាតិ​សាសន៍​​នៅទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងមេដឹកនាំនៃប្រទេសនីមួយៗ។

អ្នកគាំទ្របក្សប្រឆាំងរូបនេះថែមទាំងបរិហារ្តិ៍ទៀតថា រដ្ឋាភិបាលកម្ពុជាបានចំណាយលុយជាតិ​ទៅទិញទឹកចិត្តអ្នកនៅក្រៅប្រទេសឲ្យមកគាំទ្រ លោក ហ៊ុន សែន នៅគ្រាដែលពលរដ្ឋខ្មែរ​​ក្នុង​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ