អានតួអត្ថបទ
កម្ពុជា-សង្គម

ច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-ថៃក្នុងខេត្តបន្ទាយមានជ័យ បើកឡើងវិញជាផ្លូវការ នៅថ្ងៃនេះ

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានបើកដំណើរការឡើងវិញជាផ្លូវការ នៅថ្ងៃទី១ ខែឧសភានេះ បន្ទាប់ពីផ្ដល់ដំណឹងផ្លូវការពីអាជ្ញាធរថៃ។ បើតាមអាជ្ញាធរខេត្តជាប់ព្រំដែនថៃមួយនេះ គឺមានមនុស្សរាប់រយនាក់ បានឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ខណៈមានការអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរឹង។

ច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែត
ច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែត © Internet
ផ្សាយពាណិជ្ជកម្ម

ច្រកទ្វារអន្តរជាតិ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា -ថៃ ខេត្តបន្ទាយមានជ័យ បានដំណើរការឡើងវិញជាផ្លូវការ នៅថ្ងៃទី១ ខែឧសភាឆ្នាំ២០២២នេះតទៅ។

 

លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ការបើកដំណើរការច្រកទ្វារអន្តរជាតិនេះឡើងវិញ គឺយោងទៅលើការការសម្រេចរបស់ភាគីថៃ និងថាកន្លងមកភាគីកម្ពុជាមិនដែលបិទច្រកទ្វារព្រំដែនឡើយ។

តាមរយៈការបើកច្រកព្រំដែនកម្ពុជាថៃខេត្តបន្ទាយមានជ័យឡើងវិញ អភិបាលរងខេត្តបន្ទាយមានជ័យ អបអរចំពោះការសម្រេចនេះ ព្រោះជាច្រកសេដ្ឋកិច្ចដ៏ធំ និងជាពិសេសអាចជួយជំរុញចរន្តសេដ្ឋកិច្ចរបស់ប្រជាជនក្នុងខេត្តបន្ទាយមានជ័យផ្ទាល់។

បើតាមអភិបាលរងខេត្តរូបនេះ ចាប់តាំងពីម៉ោង៦ព្រឹកថ្ងៃនេះមក មានប្រជាជនរាប់រយនាក់ បានចេញចូលតាមច្រកទ្វារអន្តរជាតិ និងច្រករបៀង ក្នុងខេត្តបន្ទាយមានជ័យ ដែលមានដូចជាច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកទ្វារម៉ាឡៃ និងច្រកទ្វារបឹងត្រកួន។

ការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនេះ នេះគឺដោយមានការកំណត់វិធានការសុខាភិបាលជាបីប្រភេទ ចំពោះអ្នកដំណើរចូលប្រទេសថៃ។ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ត្រូវចុះឈ្មោះតាមThailand pass និងតម្រូវឲ្យមានធានារ៉ាប់រងព្យាបាលកូវីដ១៩ ស្មើនឹងទឹកប្រាក់១ម៉ឺនដុល្លារ ដោយមិនតម្រូវឲ្យធ្វើតេស្ត RT-PCR នោះទេ។

 ចំណែកអ្នកដែលមិនបានចាក់វ៉ាក់សាំងពេញលេញ គឺតម្រូវឲ្យមានការធ្វើតេស្ត RT-PCR បន្ថែមទៀត មុនការធ្វើដំណើរ។ រី៝ឯអ្នកកាន់border pass វិញ មិនតម្រូវឲ្យចុះឈ្មោះThailand pass និងមានធានារ៉ាប់រង នោះទេ តែត្រូវជាអ្នកចាក់វ៉ាក់សាំងពេញលេញតែប៉ុណ្ណោះ ហើយអនុញ្ញាតតែនៅក្នុងតំបន់ដែលមានកិច្ចព្រមព្រៀង និងស្នាក់នៅប្រទេសថៃមិនលើសពី៣ថ្ងៃ។

សូមរំលឹកថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានបិទដំណើរការអស់រយៈពេលជាង២ឆ្នាំ ដោយទុកតែការចរាចរណ៍ទំនិញចេញ-ចូល រវាងថៃនិងកម្ពុជា ដោយមានកំរិត រួមទាំងមានការប្រុងប្រយ័ត្នខ្ពស់ទាក់ទងទៅនឹងសុវត្ថិភាពពីជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ