អានតួអត្ថបទ
កម្ពុជា-សង្គម

នរវិទូ អាំង ជូលាន៖ ​គ្រឿង​ឥស្សរិយយស​ពី​ជប៉ុន​​ជា​ការ​ទទួល​ស្គាល់​ចំពោះ​ការងារ​របស់​លោក​នា​ពេល​​កន្លង​មក

នរវិទូ​ខ្មែរ លោក​បណ្ឌិត អាំង ជូលាន មាន​សេចក្ដី​រំភើបរីករាយ​​នៅ​ពេល​លោក​ទទួល​ដំណឹង​ថា រដ្ឋាភិបាល​ជប៉ុន សម្រេច​ផ្ដល់​ជូន​លោក នូវ​គ្រឿង​ឥស្សរិយយស​សម្រាប់​និទាឃរដូវ​ឆ្នាំ​២០២២​។ លោក​បណ្ឌិត អាំង ជូលាន ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI ថា គ្រឿង​ឥស្សរិយយសដែល​លោក​ទទួល​បាន​នាពេល​​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​​មួយសម្រាប់​រូប​លោក​។ និង​ថា ដរាប​ណា​សុខភាព​លោក​នៅ​តែ​អំណោយ​ផល លោក​នឹង​បន្ត​ធ្វើ​ការ​ក្នុង​វិស័យ​បុរាណ​វិទ្យា និង​នរវិទ្យា ដែល​លោក​ស្រឡាញ់​ពេញ​ចិត្ត​ជា​បន្ត​ទៀត ដើម្បី​បន្សល់ទុក​​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​​បាន​សិក្សា​ស្វែង​យល់ ដោយ​ពុំ​ចាំ​បាច់​ពឹង​ពាក់​ទាំង​ស្រុង​តែ​ទៅ​លើ​ឯកសារ​បរទេស​​។

 លោក​អាំង​ ជូលាន​ នរវិទូ​ខ្មែរ​ទទួល​គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២២ ពីរដ្ឋាភិបាលជប៉ុន។
លោក​អាំង​ ជូលាន​ នរវិទូ​ខ្មែរ​ទទួល​គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២២ ពីរដ្ឋាភិបាលជប៉ុន។ RFI/Chan Lida
ផ្សាយពាណិជ្ជកម្ម

គ្រឿង​ឥស្សរិយយស​សម្រាប់​និទាឃរដូវ​ឆ្នាំ​២០២២​ ពី​រដ្ឋាភិបាល​ជប៉ុន គឺ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​លោក​បណ្ឌិត អាំង ជូលាន ដែល​ពេល​នេះ​កំពុង​តែស្នាក់​​​នៅ​ប្រទេស​បារាំង​ដើម្បី​ព្យាបាល​ជំងឺ​។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI តាម​ខ្សែ​ទូរសព្ទ នរវិទូ​រូប​នេះ​មាន​ប្រសាសន៍​ថា លោក​រំភើប​ផង សប្បាយ​ចិត្ត​ផង ​ដែល​ជប៉ុន​ផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​រូប​លោក ជា​ការ​ទទួល​ស្គាល់​ចំពោះ​ការងារ​ដែល​លោក​បាន​ធ្វើ​នា​ពេល​កន្លង​មក ទាំង​ក្នុង​វិស័យ​បុរាណ​វិទ្យា និង​នរវិទ្យា​។

គួរ​ជ្រាប​ថា គ្រឿង​ឥស្សរិយយស​សម្រាប់​និទាឃ​រដូវ​ឆ្នាំ​២០២២ ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ជូន​លោក​បណ្ឌិត អាំង ជូលាន មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា The Order of the Rising Sun, Gold Rays with Neck Ribbon។ ជប៉ុន​បង្កើតគ្រឿង​ឥស្សរិយយស​នេះ​​ឡើង​នៅ​ឆ្នាំ​១៨៧៥ ដើម្បី​​ប្រគល់​ជូន​​បុគ្គល​ឆ្នើម​ទាំង​ឡាយ​ណា ដែល​បាន​រួម​ចំណែក​លើក​កម្ពស់​ទំនាក់​ទំនងជាមួយ​ប្រទេស​ជប៉ុន លើ​គ្រប់​វិស័យ រាប់​ចាប់​តាំង​ពី​វិស័យទំនាក់​ទំនង​អន្ដរជាតិ វប្បធម៌ ការ​អភិវឌ្ឍ​សុខុមាលភាព និង​ការ​អភិរក្ស​​បរិស្ថាន​ជា​ដើម​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៩​ខែ​មេសា​ឆ្នាំ​២០២២ ស្ថាន​ទូត​ជប៉ុន​បញ្ជាក់​ថា ការ​ផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​លោក​បណ្ឌិត អាំង ជូលាន គឺ​ជា​ការ​ទទួល​ស្គាល់​ចំពោះ​ការ​ចូល​រួម​វិភាគទាន​របស់​លោក ក្នុង​កិច្ច​ការ​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ និង​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា ក៏​ដូច​ជា​សមិទ្ធិផល​ដ៏​លេច​ធ្លោ​​របស់​លោក ក្នុង​កិច្ចការ​ស្រាវ​ជ្រាវ ព្រមទាំង​វិស័យ​អភិរក្ស និង​ជួស​ជុល​ទីតាំង​បុរាណ​វិទ្យា​នានា​​។

សូម​ជម្រាប​ថា នរវិទូ​ខ្មែរ លោកបណ្ឌិត អាំង ជូលាន កើត​នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​១៩៤៩ ជា​អ្នក​ស្រុក​កំពង់ឃ្លាំង ខេត្ត​សៀមរាប​។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​នរវិទ្យា​​ពី​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៨២​។ លោក​ធ្លាប់​បម្រើការងារ​ជា​អតីត​ប្រធាន​នាយកដ្ឋាន​វប្បធម៌​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​បច្ចុប្បន្ន លោក​ជា​សាស្ត្រាចារ្យ បង្រៀន​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្រៅ​ពី​ការងារ​ទាំង​នេះ លោក​បណ្ឌិត អាំង ជូលាន ជា​អ្នក​ស្រាវ​ជ្រាវ​ដ៏សកម្ម​មួយ​រូប ដែល​បាន​បោះពុម្ព​ផ្សាយ​ស្នាដៃ​ជា​ច្រើន ក្នុង​ផ្នែក​នរវិទ្យា និង​បុរាណ​វិទ្យា​។

លោក​បណ្ឌិត អាំង ជូលាន អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI ថាដរាប​ណា​សុខភាព​លោក​នៅ​តែ​អំណោយ​ផល លោក​នឹង​បន្ត​ធ្វើ​ការ​ក្នុង​វិស័យ​បុរាណ​វិទ្យា និង​នរវិទ្យា ដែល​លោក​ស្រឡាញ់​ពេញ​ចិត្ត​ជា​បន្ត​ទៀត។ លោក​មាន​បំណង​បញ្ចប់​ការ​សរសេរ​សៀវភៅសិក្សា​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ជា​ភាសា​ខ្មែរ ដើម្បី​​​​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​​បាន​សិក្សា​ស្វែង​យល់ ដោយ​ពុំ​ចាំ​បាច់​ពឹង​ពាក់​ទាំង​ស្រុង​តែ​ទៅ​លើ​ឯកសារ​បរទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ