អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកជំនាញអលចនទ្រព្យ៖ ទីផ្សារខុនដូនៅបន្តដាំក្បាលចុះ ខណៈគម្រោងវិនិយោគបន្តបាត់សកម្មភាព

អ្នកជំនាញលើវិស័យអចលនទ្រព្យបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លើវិស័យខុនដូក្នុងប្រទេសកម្ពុជា នៅតែបន្តរងផលប៉ះពាល់ដដែលពីវិបត្តិសាកល ខណៈទីផ្សារវិនិយោគលើវិស័យមួយនេះក៏ធ្លាក់ចុះក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ផងដែរ។ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន PropNex បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិថា គម្រោងសាងសង់លើវិស័យខុនដូ ហាក់នៅមិនទាន់មានវត្តឡើងវិញនោះទេនាពេលបច្ចុប្បន្ននេះ។ បើតាម លោកស្រី អាន សុធីតា ម្ចាស់គម្រោងវិនិយោគទាំងអស់បានកែសម្រួលនីតិវិធីលក់ រឺសាងសង់ ដើម្បីទប់ទល់ដល់ការខាត់បង់ ដោយសារខ្វះតម្រូវការពីអតិថិជន។

វិស័យអចលនទ្រព្យសំណង់អគារ (រូបតំណាង)
វិស័យអចលនទ្រព្យសំណង់អគារ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

យោងតាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFI នៅព្រឹកថ្ងៃពុធនេះ លោកស្រី​ អាន សុធីតាបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ​ទីផ្សារខុនដូក្នុងប្រទេសកម្ពុជាកំពុងដាំក្បាលចុះ និងជាប់គាំងជាខ្លាំង បើទោះបីសកម្មភាពសេដ្ឋកិច្ច-សង្គមបានបើកដំណើរការលើគ្រប់វិស័យទាំងអស់ឡើងវិញហើយយ៉ាងណាក្តី។

លោកស្រី អាន សុធីតា បន្តថា គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១មក ស្ថានភាពទីផ្សារវិនិយោគលើវិស័យខុនដូមួយនេះ ហាក់ពុំមានក្រុមហ៊ុនក្នុងស្រុក រឺក្រៅស្រុកណាមួយ មកបោះទុនវិនិយោគនោះទេ។  ក៏ប៉ុន្តែ ចរន្ត និងសញ្ញាទិញលក់លើវិស័យនេះវិញនៅតែមានជារឿយៗ គ្រាន់តែថា សន្ទុះនៃការទិញលក់មិនមានភាពហឹកហាក់ដូចវិស័យអចលនទ្រព្យដទៃផ្សេងៗទៀតប៉ុណ្ណឹង។

ស្ថិតក្នុងស្ថានភាពលំបាកនេះដែរ អ្នកជំនាញលើវិស័យអចលនទ្រព្យខាងលើបានឱ្យដឹងទៀតថា ម្ចាស់វិនិយោគភាគច្រើនបានប្រើប្រាស់វិធីសាស្ត្រថ្មី ដើម្បីសម្របខ្លួនតាមបរិយាកាសទីផ្សារបច្ចុប្បន្ន ដោយលោកស្រី សុធីតាថា ម្ចាស់គម្រោងសាងសង់ទាំងអស់បានសម្រួលលក្ខខណ្ឌបង់ប្រាក់ និងបញ្ចុះតម្លៃទៅលើគម្រោង និងប្រភេទខុនដូ ដែលនេះធ្វើឱ្យអតិថិជនដែលចង់វិនិយោគលើវិស័យខុនដូមានឱកាស និងលទ្ធភាពចំណេញច្រើន ពិសេសក្នុងបរិមាណខ្ពស់តែម្តង។   

បើតាម លោកស្រី អាន សុធីតា ក្តីរំពឹងថា សកម្មភាពវិនិយោគលើវិស័យខុនដូអាចត្រឡប់មករកស្ថានភាពល្អប្រសើរឡើងវិញនៅពេលនោះ គឺមិនទាន់អាចបញ្ជាក់នាពេលនេះបានទេ ក៏ព្រោះថា ស្ថានភាពបច្ចុប្បន្ន គឺនៅមិនទាន់អំណោយផលលើវិស័យទាំងអស់នេះ បើទោះបីកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចសង្គមរួចរាល់ហើយក្តី។

យោងតាមរបាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodiaបានបង្ហាញថា ត្រឹមរយៈពេល​១​ត្រីមាសដំបូងឆ្នាំ​២០២២នេះ ​គ​ម្រោ​ង​ខុន​ដូមានតែ​៣​ប៉ុណ្ណោះ ដែល​បាន​បញ្ចប់​ការ​សាងសង់ ហើយ​ពុំ​មានការ​អភិវឌ្ឍ​លើ​គម្រោង​ខុន​ដូ​ថ្មី​ៗ​នោះ​ទេ​។ បើតាមរបាយការណ៍​ដដែល បញ្ហាចម្បង​ដែលធ្វើ​ឲ្យ​ការ​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ​មិនមានរលូននោះ គឺ​ដោយសារ ​ទីផ្សារ​ខុន​ដូនាពេលបច្ចុប្បន្ននេះ​ ​កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី ដោយធ្វើយ៉ាងណា​ស្រូប​ទាញ​អតិថិជនក្នុងស្រុក​មក​ទិញ​ខុន​ដូ​ដែល​មាន​ស្រាប់​នៅក្នុងប្រទេស​កម្ពុជា​។ បន្ថែមពីនេះ CBREបន្តថា នៅ​ឆ្នាំ​២០២២នេះ ខ្លួន​រំពឹង​ថា ខុន​ដូ​ចំនួន​១​ម៉ឺន​៣​ពាន់​យូ​នី​ត​នឹង​ត្រូវ​បាន​ផ្គត់​ផ្គត់ ខណៈ​គិត​ត្រឹម​ត្រីមាស​ទី​១​មាន​ខុន​ដូ​តែ​៥% ប៉ុណ្ណោះ​ត្រូវ​បាន​ផ្គត់ផ្គង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ