អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា ទំនងកំពុងរុញទូកបណ្តោយទឹកក្នុងការភ្ជាប់រដ្ឋបរទេសជាមួយករណីរបស់គាត់

ការដែល​លោក កឹម សុខា កំពុងភ្ជាប់ករណីរបស់គាត់​ទៅនឹង​រដ្ឋបរទេស​ដែល​តុលាការកម្ពុជា​ចោទ​ប្រកាន់នោះ គឺជាសិទ្ធិបុគ្គល ហើយមិនប៉ះពាល់ដល់ទំនាក់ការទូតរបស់រដ្ឋាភិបាល​កម្ពុជាជាមួយប្រទេសទាំងអស់នោះទេ។ នេះគឺជាការអះអាងរបស់​មន្ត្រីរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីលោក កឹម សុខា បានគូសបញ្ជាក់​ចំៗថា សហរដ្ឋអាមេរិក និងប្រទេសបារាំង ត្រូវបានរងការ​ចោទថា ពាក់ព័ន្ធ​នឹងសំណុំរបស់គាត់ ។

ជំនួបជាមួយមន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅគេហដ្ឋានរបស់លោក កឹម សុខា
ជំនួបជាមួយមន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅគេហដ្ឋានរបស់លោក កឹម សុខា © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃទី២៣មេសា នៅគេហដ្ឋានរបស់ខ្លួនលោក កឹម សុខា បានគូសបញ្ជាក់ថា លោក Paul Grove បានសម្តែងនូវកង្វល់អំពីស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យបច្ចុប្បន្ននៅកម្ពុជា និងបានពិភាក្សាអំពីដំណើរការសវនាការករណីនៃការចោទប្រ​កាន់មកលើរូបលោកពីបទឃុបឃិតជាមួយអង្គការ ឬរដ្ឋបរទេសដែលក្នុងនោះមានសហរដ្ឋអាមេរិកផងដែរ​។

លោក Paul Grove ដែលគេដឹងថាជាមន្ត្រីជំនាញក្នុងគណៈកម្មាធិការត្រួតពិនិត្យ (Appropriation commitee )នៃព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពល ក្នុងកិច្ចការគ្រប់គ្រងធនធានថវិកាក៏ដូចជាជំនួយរបស់ស.រ.អា មកកាន់កម្ពុជាពេលនេះ ត្រូវបានលោក កឹម សុខា ចាត់ទុកថា ពិតជាមានសារៈសំខាន់ ខណៈគាត់ធ្លាប់ធ្វើការងារលើវិស័យនេះ ជាង៣០ឆ្នាំ និងស្គាល់កម្ពុជា និងតំបន់អាស៊ីយ៉ាងច្បាស់។

លោក កឹម សុខា អះអាងថា ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរបស់លោកជាមួយរដ្ឋបរទេស ជាពិសេសជាមួយសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៣ មកគឺដើម្បីប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ ខណៈដែលប្រទេសទាំងនោះជាមិត្តរបស់កម្ពុជា។

ការគូសបញ្ជាក់យ៉ាងដូច្នេះ​របស់​អតីតប្រធានបក្សប្រឆាំង គឺធ្វើឡើងបន្តបន្ទាប់គ្នាចំនួន២ថ្ងៃ ពោលនៅថ្ងៃទី២១​មេសា លោក កឹម សុខា ក៏បានជួបពិភាក្សាជាមួយ លោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។

នៅក្នុងស្ថានទូតបារាំង លោកឯកអគ្គរដ្ឋទូត បានសួរ លោក កឹម សុខា ភាគច្រើនអំពីដំណើរការសវនាការដែលគាត់មើលឃើញថាមានការអូសបន្លាយ និងការចោទប្រកាន់ពាក់ព័ន្ធជាមួយអង្គការ និងរដ្ឋបរ​ទេសជាច្រើន ដោយឮថាមានឈ្មោះសហភាពអឺរ៉ុបផង ខណៈបារាំងក៏ជាសមាជិកសហភាពអឺរ៉ុប និងជាប្រធានប្តូរវេននៅពេលនេះ។

ទាក់ទងនឹងការបញ្ចេញឈ្មោះប្រទេសដែលជាប់ពាក់ព័ន្ធ​នឹងរឿងក្តីលោក កឹម សុខា នៅពេលនេះ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា អះអាងថា នេះគឺជាសិទ្ធិបុគ្គល ហើយមិនប៉ះពាល់ដល់ទំនាក់ការទូតរបស់រដ្ឋាភិបាល​កម្ពុជាជាមួយប្រទេសទាំងអស់នោះទេ។

បើតាមមន្ត្រីរដ្ឋាភិបាលកម្ពុជា ការភ្ជាប់ករណីរបស់លោក កឹម សុខា ទៅនឹងប្រទេសមួយចំនួនដោយចំៗបែបនេះគឺជាយុទ្ធសាស្ត្ររបស់មេធាវីការពារក្តី តែការ​សម្រេចយ៉ាងណានោះគឺអាស្រ័យលើ​តុលាការកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ