អានតួអត្ថបទ
កម្ពុជា-សង្គម

សហជីពនឹងជម្រុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឡើងវិញជុំវិញកាបញ្ឈប់កម្មករជាង១៤០០នាក់

សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(ស៊ីខៅឌូ) បានលើកឡើងថា មានកម្មករជាង១៤០០នាក់ ដែលបំរើការងារនៅតាមរោងចក្រកាត់ដេរចំនួន២៣ ត្រូវបានបញ្ឈប់ពីការងារចាប់តាំងពីមុនវិបត្តិកូវីដ-១៩មក។ សហជីព ស៊ីខៅឌូ នឹងរៀបចំបញ្ចេញព័ត៌មាននេះលម្អិតនៅថ្ងៃពុធស្អែកស្តីពីការរំលោភសិទ្ធិកម្មករក្នុងវិស័យកាត់ដេរ ពោលគឺជាការបង្ហាញឡើង តែ៣ថ្ងៃប៉ុណ្ណោះ មុនខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ១ឧសភា។

កម្មករជាងកាត់ដេរ១៤០០នាក់ត្រូវបានបញ្ឈប់
កម្មករជាងកាត់ដេរ១៤០០នាក់ត្រូវបានបញ្ឈប់ © សហការី
ផ្សាយពាណិជ្ជកម្ម

ការបញ្ឈប់កម្មករចំនួនជាង១៤០០នាក់ មកពី២៣រោងចក្រនេះ ត្រូវបានអ្នកសហជីពបរិយាយថាជាការបញ្ឈប់រយៈពេលមុនកូវីដ អំឡុងពេលកូវីដ និងបច្ចុប្បន្ននេះ ដែលការបញ្ឈប់ទាំងអស់នោះ មិនត្រូវបានដោះស្រាយឲ្យបានចប់តាមច្បាប់ស្តីពីការងារទេ។

ហេតុផលសំខាន់ៗនៃការបញ្ឈប់កម្មករជាបន្តបន្ទាប់មានដូចជា ក្រុមបានបិទទ្វារដោយមិនទទួលខុសត្រូវ ការរើសអើងនិងធ្វើទុក្ខបុកម្នេញសហជីព វិបត្តិកូវីដ-១៩ ការប្តូរឈ្មោះក្រុមហ៊ុនជាដើម ដោយរោងចក្រខ្លះបញ្ឈប់កម្មករចាប់ពីរាប់សិប រហូតដល់រាប់រយនាក់។ នេះបើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។

មេដឹកនាំសហជីពរូបនេះបញ្ជាក់ថា ការធ្វើសន្និសីទកាសែតនៅថ្ងៃទី២៧ខែមេសា គឺជាការរំលឹកដល់រដ្ឋាភិបាលឲ្យបន្តយកចិត្តទុកដាក់ និងជួយដោះស្រាយបញ្ហារបស់កម្មករ ដែលកន្លងមកបានរងនូវការធ្វើទុក្ខបុកម្នេញ ការទទួលបាននូវភាពអយុត្តិធម៌ និងការរើសអើងសហជីព។

ជាការកត់សម្គាល់ការបញ្ឈប់កម្មករកាត់ដេរ និងដេរស្បែកជើង បានកើតឡើងខ្លាំងនៅអំឡុងទសវត្សរ៍ឆ្នាំ២០០០ និង២០១០ ខណៈពេលនោះការគោរពច្បាប់ និងអនុសញ្ញាពលកម្មអន្តរជាតិលើវិស័យការងារ ប្រទេសកម្ពុជានៅមានកំរិត។ ក៏ប៉ុន្តែបន្ទាប់ពីមានការសម្របសម្រួលពីអង្គការការងារអន្តរជាតិ (ILO) ការបង្កើតឲ្យមានគម្រោងឃ្លាំមើលសកម្មភាពរោងចក្រកាន់តែប្រសើរ(Better Factory Cambodia) ស្ថានភាពការងារ និងទំនាក់ទំនងវិជ្ជាជីវៈរវាងភាគីពាក់ព័ន្ធបានវិវត្តកាន់តែប្រសើរបន្តិចម្តងៗ។

សូមបញ្ជាក់ថាវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងការបូបធ្វើដំណើររបស់កម្ពុជាគឺជាជាវិស័យដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ដោយការនាំចេញនៃវិស័យនេះមានកំណើនជាមធ្យមរយៈពេល១០ឆ្នាំចុងក្រោយ មានអត្រាប្រហែល ១០%។ ដោយឡែក ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរវិញបានកើនឡើងជាង ១៥% នៅឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ