អានតួអត្ថបទ

កម្ពុជា ស្នើឱ្យជប៉ុនជំរុញទំនាក់ទំនងទ្វេភាគីក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីម្សិលមិញ បានស្នើឱ្យភាគី​ជប៉ុន​ពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយពេលខាងមុខ។ នេះបើតាមបញ្ជាក់របស់លោកហ៊ុន សែនក្នុង​កិច្ចប្រជុំដាច់ដោយឡែកមួយក្នុងប្រទេសជប៉ុន។ ក្នុងនោះ លោកហ៊ុន សែន ក៏ជំរុញឱ្យអ្នក​វិនិយោគិនជប៉ុនបន្តសម្លឹងមើលអំពីសក្តានុពលនានាដែលមាននៅក្នុងប្រទេស​កម្ពុជា​ផងដែរ។

លោកលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន
លោកលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ដាច់​ដោយឡែក​រវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន លោកហ៊ុន សែនបានស្នើឱ្យជប៉ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ពិសេសជំរុញទំនាក់ទំនង​ពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ ខណៈ​កម្ពុជាទើបតែមានជាមួយប្រទេសចិនតែប៉ុណ្ណោះ។ 

ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលជាការគិតគូទៅលើផលប្រយោជន៍រួម ​និងតម្លៃរួមនៃលទ្ធិប្រជាធិបតេយ្យ ពិសេសនីតិរដ្ឋ។ បន្ថែមពីនេះ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ផ្តោតសំខាន់ទៅលើការពង្រឹងភាពជាដៃគូលើផ្នែកពាណិជ្ជកម្ម ការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម និងវិស័យសន្តិសុខ ការពារជាតិជាដើម។

តាមរយៈខ្លឹមសារដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រីហ៊ុនសែន នឹងបន្តធ្វើការលើវិស័យការពារជាតិជាមួយប្រទេសជប៉ុនបន្ថែមទៀត។ ក្នុងខ្លឹមសារដដែល លោកហ៊ុន សែនអំពាវនាវឱ្យអ្នកវិនិយោគិនជប៉ុនទាំងអស់បន្តវិនិយោគក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន ពិសេសជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីឱ្យកាន់តែធំជាងមុន ជាក់ស្តែងការនាំចេញវិស័យកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងជំនួបទ្វេភាគីនោះ សម្រាប់លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដាវិញ លោកបានទទួលយកគំនិតផ្តួចផ្តើមរបស់ភាគីកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានស្នើឱ្យភាគីកម្ពុជា។ ក្នុងនោះ លោក គីស៊ីដា ក៏បានអះអាង​ទៀតថា ជប៉ុននឹងបន្តពង្រឹងវិស័យសន្តិសុខ វិស័យការពារជាតិ ពិសេសបន្ត​គាំទ្រដល់ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។

កំពង់ផែទឹកជ្រៅដែលនឹងជួយបង្កើនល្បឿនសេដ្ឋកិច្ចជាតិកម្ពុជា និងការជំរុញនាំចេញ​ផលិតផល កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងការនាំចូលពី​ក្រៅប្រទេស ​ដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់។  

ដោយឡែក​ជុំវិញបញ្ហាក្នុងតំបន់វិញ​ ​ពីទីក្រុងគូម៉ាម៉ូតូ ​លោកនាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញជំហរគាំទ្រ ពិសេសបន្តសហការជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហានៅប្រទេសភូមា ក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាន។ ក្នុងសារបង្ហោះនៅលើបណ្តាញសង្គមTwitter លោក គីស៊ីដា ក៏នឹងបន្តធ្វើការជាមួយកម្ពុជា ពិសេសគាំទ្រជំហររបស់កម្ពុជាទៅលើបញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាវិបត្តិសង្គ្រាមនៅ​ប្រទេស​អ៊ុយក្រែនជាដើម៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ