អានតួអត្ថបទ
កម្ពុជា សង្គម

តំណាងUNប្រចាំនៅកម្ពុជាបារម្ភពីភាពខ្វះចន្លោះនៃការអនុវត្តច្បាប់ស្តីពីយុត្តិធ៌មអនីតិជន

តំណាង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​ធ្វើទស្សនកិច្ច​រួម​គ្នា​ទៅ​កាន់​មជ្ឈមណ្ឌល​ស្តារនីតិ​សម្បទា​យុវជន​ដែល​ស្ថិត​ក្នុង ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២២​មេសា​ម្សិល​មិញ។ ក្រៅ​ពី​ស្ដាប់ និង​ទទួល​យក​អំពី​ភាព​ប្រសើរ​ឡើង ក្នុង​ការ​ផ្ទេរ​អនីតិជន​មក​កាន់​មជ្ឈម​ណ្ឌល​ស្តារនីតិសម្បទា​ថ្មី  តំណាង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​បានបង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​អនុ​វត្ត​ច្បាប់​ស្តី​ពី​យុត្តិធ៌ម​អនីតិជន​របស់​ប្រទេស​កម្ពុជា។ ភាពខ្វះ​ចន្លោះ​ដែល​ដាក់​អនីតិជន​ឃុំ​ខ្លួន​ជាមួយ​នីតិជន ដែល​បន្ថែម​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ។   

តំណាងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានធ្វើទស្សនកិច្ចរួមគ្នាទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទាយុវជនដែលស្ថិតក្នុងខេត្តកណ្តាល នៅថ្ងៃទី២២មេសា ឆ្នាំ២០២២
តំណាងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានធ្វើទស្សនកិច្ចរួមគ្នាទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទាយុវជនដែលស្ថិតក្នុងខេត្តកណ្តាល នៅថ្ងៃទី២២មេសា ឆ្នាំ២០២២ © UN
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ស្តី​ពី​យុត្តិធ៌ម​អនីតិជន​របស់​ប្រទេស​កម្ពុជា អនុញ្ញាត​ឱ្យ​មាន​វិធាន​ការ​បង្វែរ​អនីតិជន​ដែល​ប្រព្រឹត្តបទល្មើស​ចេញ​ពី​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​ជាពិសេស​ចេញ​ពន្ធនាគារ ប៉ុន្តែ​លទ្ធភាព​នេះ​មិន​ត្រូវ​បានប្រើប្រាស់​ជា​ប្រចាំ​ឡើយ។ នេះ​ជា​ការ​កត់​សម្គាល់​របស់​លោកស្រី ខ្លៅឌៀ ដឺឡាហ្វ័នតេ  (Claudia De La Fuente) តំណាង​ស្តីទី​នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅ​ចំពោះ​មុខមន្ត្រី​កម្ពុជា។  លោកស្រី​បន្ថែម​ថា ការណ៍​ដែល​គ្មាន​វិធាន​ការ​បង្វែរ​អនីតិជន​ប្រព្រឹត្ត​បទ​ល្មើស​ចេញ​ពីប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​ជា​ពិសេស​ចេញ​ពន្ធនា​គារ វា​បាន​បន្ថែម​ការ​ដាក់​បន្ទុក​លើ​ពន្ធនាគារ​កម្ពុជាដែល​ធ្វើ​ឲ្យ​បរិមាណ​អ្នក​ទោស​កាន់​តែ​កើន​ឡើង និង​ជះឥទ្ធិពល​អវិជ្ជ​មាន​ដល់​ជីវិត​របស់​កុមារ​ដែល​មានទំនាស់​ជា​មួយ​ច្បាប់។

បើតាមលោកស្រី ខ្លៅឌៀ ក្នុង​ចំណោម​អនីតិជន​សរុប​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជាសរុប​១៣៥៦​នាក់ មាន​ជាង​ពាក់​កណ្តាល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន ដែល​មាន​ន័យ​ថា ពួក​គេ​នឹង​ត្រូវ​សន្មត​ជា​មុន​ថា គ្មាន​ទោស។ លោកស្រី​សង្ឃឹម​ថា តាម​រយៈ​វត្តមាន​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​យុវជន​ថ្មី​នេះ នឹ​ងផ្តល់​នូវ​ជម្រើស​ដែល​ល្អ​ប្រសើរ​ជាង​ពន្ធនាគារ សម្រាប់​កុមារ​ដែល​មាន​ទំនាស់ជាមួយ​ច្បាប់។

សូមជម្រាបជូនថា ច្បាប់ស្ដីពី​យុត្តិធម៌​អនីតិជន ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ២០១៦។ ច្បាប់​នេះមាន​គោល​បំ​ណង​ធានា​ការពារសិទ្ធិ និង​ឧត្តម​ប្រយោជន៍​របស់​អនីតិជន​ដែល​ប្រព្រឹត្ត​បទល្មើស និង​គាំទ្រដល់​ការ​ស្ដានីតិសម្បទា និង​ការ​ធ្វើ​សមាហរណកម្ម​អនីតិជន​ទៅ​ក្នុង​សង្គម និង​សហគមន៍។ ក្នុង​នោះវត្តមាន​មជ្ឈមណ្ឌល​យុវនីតិ​សម្បទា​ជា​រឿង​សំខាន់​សម្រាប់​ផ្ដល់​សេវាការពារ ថែទាំ អប់រំ ស្ដារនីតិសម្បទា និង​សមាហរណកម្ម​ដល់​អនីតិ​ជន។

ហេតុដូចនេះ ទើប​រដ្ឋាភិបាល​កម្ពុជា​សម្ពោធ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​យុវជន​ថ្មីមួយ​នៅ​ខេត្ត​កណ្តាលកាល​ពី​ចុង​ឆ្នាំ​២០២១នេះ ដើម្បី​ធ្វើ​ឱ្យ​ឃើញ​លក្ខខណ្ឌ​មាន​ភាព​ប្រសើរ​ឡើង​ដល់​អនីតិជន​ចំនួន ១៣៥៦នាក់ ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង ដែល​ភាគ​ច្រើន​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​មាន​ភាព​ចង្អៀតណែន។

លោក ឌិន បូរី ប្រធាននាយកដ្ឋាន​ស្តារនីតិសម្បទា​យុវជន​នៃ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ថ្លែង​នៅ​ក្នុង​ដំណើរទស្សន​កិច្ច​ររបស់​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ថា មជ្ឈមណ្ឌល​ថ្មី​នេះ​ទទួល​ក្មេង​ប្រុស​ឲ្យ​ស្នាក់​នៅ​ចំនួន​៣២​នាក់​សិន ដើម្បី​សាក​ល្បង ប៉ុន្តែ​មជ្ឈមណ្ឌល​នោះ​មាន​សមត្ថភាព​ទទួល​កុមារ​ឲ្យ​ស្នាក់​នៅ​បាន​ដល់​ចំនួន​ក្រោម ១០០០​នាក់។  ហើយ​ក៏​មិនមាន​ពេល​វេលា​ជាក់លាក់​ណាមួយ​ក្នុង​ការ​ផ្ទេរ​អនីតិជន​បន្ថែម​ទៀត​នៅឡើយ​ដែរ ដោយ​ជំហាន​ដំបូង​គឺ​ត្រូវ​កសាង​សមត្ថភាព​បុគ្គលិក ដើម្បីធានាថា អនីតិជន​ទទួល​បាន​ការថែទាំ និងគាំទ្រ អនុ​លោម​តាម​គោលការណ៍​សិទ្ធិមនុស្ស  ហើយ​មិន​ឲ្យ​ស្ថានភាព​ពួកគេ​ដូច​នៅ​ក្នុងពន្ធនាគារ​ឡើយ។ នេះ​បើតា​មលោក​ឌិន បូរី៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ