អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវី៖ ស្ថាបនិកគណបក្សបេះដូងជាតិ កំពុងភៀសខ្លួនរកកន្លែងសុវត្ថិភាព ក្រោយតុលាការបង្គាប់សមត្ថកិច្ចឲ្យចាប់ខ្លួន

លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ កំពុងភៀសខ្លួនស្នាក់នៅកន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន ក្រោយតុលាការក្រុងភ្នំពេញ បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួន មកតុលាការពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឯកសារ។ នេះបើតាមការបញ្ជាក់របស់លោក សំ សុខគង់ មេធាវីការពារក្តីឲ្យលោក សៀម ភ្លុក។ លោកមេធាវី សំ សុខគង់ អះអាងថា លោក សៀម ភ្លុក គ្មានបំណងក្លែងបន្លំឯកសារណាមួយ ដើម្បីបង្កើតគណបក្សបេះដូងជាតិនោះទេ។

លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ដែលត្រូវតុលាការបង្គាប់ឪ្យនាំខ្លួន
លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ដែលត្រូវតុលាការបង្គាប់ឪ្យនាំខ្លួន © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនាព្រឹកថ្ងៃចន្ទនេះ លោកមេធាវី សំ សុខគង់ បានបញ្ជាក់ថា កូនក្តីរបស់លោក គឺលោក សៀម ភ្លុក កំពុងមានភាពភិតភ័យ ដ្បិតស្ថាបនិកគណបក្សបេះដូងបេះដូងជាតិចាត់ទុកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ថាជាការគំរាមគំហែង ធ្វើទុក្ខបុកម្នេញទៅលើលោក សៀម ភ្លុក។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤មេសា បានចេញដីកាបង្គាប់ឲ្យនាំខ្លួន លោក សៀម ភ្លុក មកកាន់តុលាការឲ្យបានមុនថ្ងៃទី២៥មេសា ជាកំហិត។ នៅក្នុងដីកាបង្គាប់នាំខ្លួនរបស់ចៅក្រមស៊ើបសួរ លោក លិ សុខា បានចោទប្រកាន់លោក សៀម ភ្លុក ពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ដែលធ្វើនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ និងត្រូវផ្តន្ទាទោសតាមមាត្រា៦២៦ ៦២៧ និង៦២៨ នៃក្រមព្រហ្មទណ្ឌ។

លោកមេធាវី សំ សុខគង់ បាននិយាយការពារកូនក្តីរបស់ខ្លួនថា ក្នុងដំណាក់កាលបង្កើតគណបក្សបេះដូងជាតិ កូនក្តីរបស់លោកបានដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដែលគាំទ្រនៅទូទាំងប្រទេស ដើម្បីដាក់ឲ្យក្រសួងមហាផ្ទៃពិនិត្យ ស្របទៅតាមនីតិវិធីច្បាប់។ ក៏ប៉ុន្តែស្នាមដៃទាំងនោះត្រូវបានក្រសួងមហាផ្ទៃអះអាងថាក្លែងបន្លំ តែលោក សំ សុខគង់ អះអាងថា ស្នាមមេដៃទាំងនោះគឺត្រឹមត្រូវ។

តំណាងមេធាវីរបស់លោក សៀម ភ្លុក បានបញ្ជាក់ថា ស្ថាបនិកគណបក្សបេះដូងជាតិកំពុងតែភៀសខ្លួនស្នាក់នៅកន្លែងសុវត្ថិភាពមួយរយៈ ក្រោយតែតុលាការបានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនរូបគេ។ មេធាវី សំ សុខគង់ បញ្ជាក់បន្ថែមថា លោកនឹងពិភាក្សាជាមួយលោក សៀម ភ្លុក ជាបន្ត ដើម្បីដោះបន្ទុកផ្លូវច្បាប់ ក្រោយដីកាបង្គាប់របស់តុលាការអស់សុពលភាពនៅថ្ងៃទី២៥មេសា។

គូរបញ្ជាក់ថា ដីកាបង្គាប់ឲ្យនាំខ្លួន លោក សៀម ភ្លុក ចូលតុលាការនាពេលនេះ គឺធ្វើឡើងបន្ទាប់ពី ស្ថាបនិកគណបក្សបេះដូងជាតិរូបនេះ បានអាក់ខានមិនបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការឲ្យចូលខ្លួនស្រាយបំភ្លឺ កាលពីថ្ងៃទី២២មីនាកន្លងទៅ។ លោកមេធាវី សំ សុខគង់ ថាមូលហេតុដែលកូនក្តីរបស់លោកមិនចូលខ្លួន ព្រោះលោក សៀម ភ្លុក មិនបានទទួលដីកានោះដោយផ្ទាល់ដៃ  ហើយដីកានោះបានផ្ញើទៅកាន់ខុសអាស័យដ្ឋាន។ នេះបើតាមការអះអាងរបស់លោកមេធាវី សំ សុខគង់។

តាមលោក សំ សុខគង់ លោក សៀម ភ្លុក គ្មានបំណងក្លែងបន្លំឯកសារណាមួយ តែស្ថាបនិកគណបក្សបេះដូងជាតិមួយនេះ គ្រាន់តែចង់បង្កើតគណបក្សដើម្បីប្រកួតប្រជែងការបោះឆ្នោតតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ