អានតួអត្ថបទ
កម្ពុជា សង្គម

អាស៊ាន-អាមេរិក សម្រេចរៀបចំកិច្ចប្រជុំពិសេសនាពាក់កណ្តាលខែឧសភា ក្រោយចែចូវគ្នាមិនត្រូវកាលពីខែមីនា

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នឹង​ត្រូវ​រៀបចំ​ឡើង​នៅថ្ងៃទី ១២-១៣ ឧសភា​ខាងមុខ​នេះ នាទី​ក្រុងវ៉ាស៊ីនតោន ទឹកដី​សហរដ្ឋអាមេរិក។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន នាយប់​ថ្ងៃ​អាទិត្យម្សិលមិញ។ ពេល​វេលា​ប្រជុំ​លើកនេះ គឺ​ជា​ការកំណត់ឡើង​ជា​លើកទី២ បន្ទាប់​ពី​អាស៊ាន-អាមេរិក ចែចូវ​មិនត្រូវ​គ្នា​កាលពីខែមីនាកន្លងទៅ។

កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក
កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក © សហការី
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីមិនឯកភាពគ្នាលើកិច្ចប្រជុំដែលកំណត់នាថ្ងៃទី២៨មីនាកន្លងទៅ ទីបំផុតសេចក្តីថ្លែងការណ៍ស្តីពីកិច្ចប្រជុំអាស៊ាន-អាមេរិក បានកំណត់យកពេលវេលាជាក់លាក់រួចហើយ សម្រាប់ការពិភាក្សាកិច្ចការងាររវាងភាគីទាំងពីរ។ កិច្ចប្រជុំកំពូលពិសេសដែលកំណត់ពេលវេលាជាថ្មីនេះ គឺយកថ្ងៃទី១២ និងទី១៣ ខែឧសភា ដើម្បីជួបមុខគ្នាដោយផ្ទាល់រវាងប្រមុខមេដឹកនាំអាស៊ាន ជាមួយនឹងលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។

បើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា កាលពីយប់ថ្ងៃអាទិត្យ ជំនួបដោយផ្ទាល់រវាងមេដឹកនាំអាស៊ាន និងអាមេរិក នឹងជជែកគ្នា លើប្រធានបទមានជាអាទិ៍ ការឆ្លើយតបនឹងជំងឺកូវីដ១៩ បញ្ហាសន្តិសុខសុខភាពសកល បម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នា។ ជាមួយគ្នានេះ ភាគីអាស៊ាននិងអាមេរិក ក៏នឹងជជែកគ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម។

ជាការកត់សម្គាល់ សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននាពេលនេះ​ ធ្វើឡើងបន្ទាប់ពីសេតវិមាន បានបញ្ជាក់ពីពេលវេលាជាក់លាក់នៃកិច្ចប្រជុំកំពូលពិសេសនេះដូចគ្នា កាលពីថ្ងៃទី១៦។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន គឺកិច្ចប្រជុំនេះនឹងពង្រឹងការចូលរួមរបស់លោក Joe Biden នៅក្នុងកិច្ចប្រជុំកាលពីខែតុលាឆ្នាំ2021 ដែលធ្លាប់បានប្រកាសនូវទឹកប្រាក់ចំនួន១០២លានដុល្លារ ដើម្បីជួយស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញក្រោយវិបត្តិកូវីដ-១៩។

គួររំលឹកថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ធ្លាប់បានកំណត់ពេលវេលាប្រជុំម្តងរួចហើយ ដែលគ្រោងធ្វើកាលពីចុងខែមីនា។ ជាកិច្ចប្រជុំពិសេសដែលសហរដ្ឋអាមេរិកបានកំណត់ តែអាក់ខានទៅវិញ ដោយសារតែចែចូវពេលវេលាមិនត្រូវរូវជាមួយមេដឹកនាំបណ្តាប្រទេសក្នុងអាស៊ាន។ ការលើកពេលនាគ្រានោះ ញ៉ាំងឲ្យអ្នកវិភាគមួយចំនួន លើកឡើងថា ជាចេតនារបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ