អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលថា កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថាសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២១​ និង​ឆ្នាំ២០២២​មាន​កំណើន​ជាវិជ្ជមាន​ អត្រាប្តូរ​ប្រាក់​មិនស្ថិរភាព​ អត្រា​អតិផរណា​មានកំរិតទាប​ និង​មានកំណើន​ទុនបំរុង​អន្តរជាតិ​ ដែល​កម្ពុជា​អាចគ្រប់គ្រង​បាន។ ​ការលើក​ឡើងដូច្នេះ ​គឺតាមរយៈ​នៃសារ​របស់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃចន្ទទី១១ ខែមេសានេះ។

ធនាគាកម្ពុជាសាធារណៈ (រូបតំណាង)
ធនាគាកម្ពុជាសាធារណៈ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសារដែលមានចំនួន៨ទំព័រ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានលើកឡើងជាច្រើនចំណុច ក្នុងនោះមានសេដ្ឋកិច្ច នយោបាយ សង្គម សុខាភិបាល និងអប់រំជាដើម។ ដោយឡែកបញ្ហា សេដ្ឋកិច្ចសាររបស់លោកនាយករដ្ឋមន្ត្រីបានរំលេចថា ក្នុងឆ្នាំ២០២១ កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ ២០២២នេះ កម្ពុជាក៏ដូចជាប្រទេសនៅលើពិភពលោកដែរ បាន និងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ ដែលជំងឺនេះបានជះឥទ្ធិពលមកលើបញ្ហាសុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ហើយថែមទាំងបន្ទច់បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍរបស់កម្ពុជាផងដែរ។

ក្នុងឆ្នាំ ២០២១ កន្លងទៅសេដ្ឋកិច្ចកម្ពុជាមានកំណើន ២,៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា ៤,៨% ខណៈដែលកម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជម្រុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។

សាររបស់លោក ហ៊ុន សែន បន្តថា ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមានជាង ៤៥ ៥៧៦លានដុល្លារ ក្នុងការនាំចេញមានប្រមាណជាង ១៧ ៦៨២លានដុល្លារ។ ចំណែកអត្រាប្តូរប្រាក់វិញគឺមានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកំរិតទាប និងអាចគ្រប់គ្រងទុនបម្រុងអន្តរជាតិដែលបន្តកើនឡើងដល់ ២១,៦ប៊ីលានដុល្លារ។ ជាមួយគ្នានេះ ផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ជាមធ្យមសម្រាប់មនុស្សម្នាក់បានកើនឡើងពី ១ ៦៨៣ដុល្លារ ក្នុងឆ្នាំ២០២០ ដល់ប្រមាណ ១ ៧៣០ដុល្លារ ក្នុងឆ្នាំ២០២១ ខណៈដែលប្រាក់បៀវត្សអប្បបរមាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ កើនដល់កំរិត ១លាន ១៧ម៉ឺនរៀល។

សូមរំលឹកថា កាលពីសប្តាហ៍មុន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៣% នៅឆ្នាំ២០២២ និង៦,៥% នៅឆ្នាំ២០២៣ ដោយសារកំណើននៃការនាំចេញ ទំនិញ និង លំហូរវិនិយោគផ្ទាល់ពីបរទេស។

ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលក៏បានអះអាងដែរថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតម៉ាំក្នុងការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគតាមរយៈកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងច្បាប់ស្តីពីការវិនិយោគថ្មី ដែលមានភាពទាក់ទាញនិងប្រសើរជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ