អានតួអត្ថបទ
កម្ពុជា-នយោបាយ

ជំនួបគ.ជ.បនិងភ្លើងទៀន៖ គ.ជ.ប រក្សាជំហរលុបបញ្ជីឈ្មោះបេក្ខជន ខណៈបក្សភ្លើងទៀនថានឹងបន្តតវ៉ា

គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ បានជួប​ជជែក​ជាមួយ​គណបក្សភ្លើងទៀន​នៅព្រឹកថ្ងៃចន្ទ​នេះ ​ដើម្បីតតាំង​ពីការលុប​បញ្ជីឈ្មោះ​បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន​ចំនួន​១១ឃុំ-សង្កាត់។​ ជំនួប​នេះធ្វើ​ឡើង​បន្ទាប់ពី​ គណបក្ស​ភ្លើងទៀន​បាន​ដាក់​លិខិត​ស្នើសុំជួប​ពិភាក្សា​ជាមួយ​ គ.ជ.ប ​កាលពី​ពេលថ្មីៗនេះ។​ ជាលទ្ធផល​ខាងតំណាង​ គ.ជ.ប ​នៅតែបន្ត​រក្សាជំហរ​លុបបញ្ជី​ឈ្មោះបេក្ខជន​ទាំង១១ឃុំ-សង្កាត់ ​ខណៈដែល​គណបក្ស​ភ្លើងទៀន​អះអាងថា​ នឹង​បន្តតស៊ូម​តិតវ៉ា។​

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្រោយពីជំនួបគណបក្សភ្លើងទៀនបានដាក់លិខិតស្នើសុំជួបពិភាក្សាជាមួយ គ.ជ.ប
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្រោយពីជំនួបគណបក្សភ្លើងទៀនបានដាក់លិខិតស្នើសុំជួបពិភាក្សាជាមួយ គ.ជ.ប © សហការី
ផ្សាយពាណិជ្ជកម្ម

ចំណុចដែលបន្តប្រទាំងប្រទិសនិងលើកមកជជែកពេលនេះ គឺការលុបបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សភ្លើងទៀនចំនួន១១ឃុំ-សង្កាត់។ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចាត់ទុកសកម្មភាពនេះថាជាទង្វើអយុត្តិធម៌។ អយុត្តិធម៌ត្រង់ថា មានបេក្ខជនដែលមិនគ្រប់លក្ខ័ន្តិកៈតែពីរឬបីនាក់ បែរជាលុបបញ្ជីឈ្មោះទាំងស្រុង ដែលមានបេក្ខជនជាង១៥នាក់។ នេះបើតាមការអះអាងរបស់ លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបជាមួយ គ.ជ.ប នៅថ្ងៃនេះ។

បើតាមអនុប្រធានគណបក្សភ្លើងទៀនរូបនេះ គ.ជ.ប គួរតែអនុញ្ញាតឲ្យបក្សភ្លើងទៀនបានរៀបចំបញ្ជីបេក្ខជនថ្មី សម្រាប់ឈរឈ្មោះនៅឃុំ-សង្កាត់ ដែលមានបញ្ហានោះ។ ហើយប្រសិនបើបញ្ហានេះនៅតាមមិនមានដំណោះស្រាយ លោក សុន ឆ័យ ថានឹងបន្តជួបជជែកតតាំងជាមួយ គ.ជ.ប ជាបន្តទៀត។

ការសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន ចំនួន១១ឃុំ-សង្កាត់ ដោយមានរាជធានីភ្នំពេញចំនួន៨ កំពង់ចាមចំនួន២ និងពោធិ៍សាត់ចំនួន១ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងថា ខុសពីលក្ខ័ន្តិកៈដែលចែងក្នុងច្បាប់ស្តីពីការបោះឆ្នោត។ ភាគីគ.ជ.ប បានបញ្ជាក់ថា បេក្ខជនទាំងនោះ ភាគច្រើនត្រូវបានគេ​បំពេញ​ប្រវត្តិរូប​ជំនួស ខណៈដែលបេក្ខជនខ្លះទៀតអះអាងថា គណបក្សភ្លើងទៀនបានដាក់បញ្ជីឈ្មោះរបស់ខ្លួន ដោយមិនប្រាប់សាមីខ្លួន។

យ៉ាងណាមិញ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានលើកឡើងដែរថា ជំនួបជាមួយគ.ជ.ប ទទួលបានលទ្ធផលផ្លែការមួយចំនួន ដោយតំណាងគ.ជ.ប បានស្តាប់ពីបញ្ហាដែលគណបក្សភ្លើងទៀនបានជួបប្រទះ ហើយក៏ទទួលយកសំណើរមួយចំនួនទៅពិចារណាគិតគូរបន្តទៀតដែរ។

គួរជម្រាបថា ក្នុងជំនួបអស់ពេលជាងមួយព្រឹកជាមួយ គ​.ជ.ប គណបក្សភ្លើងទៀន បញ្ជាក់ពីការជជែកលើការលុបបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សភ្លើងទៀន បញ្ហាបំភិតបំភ័យបេក្ខជន បញ្ហារាប់សន្លឹកឆ្នោតនៅតាមការិយាល័យ និងបញ្ហាមួយចំនួននៅតាមឃុំ-សង្កាត់។ នេះបើតាមការអះអាងរបស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ