អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកសេដ្ឋកិច្ច៖ពលរដ្ឋខ្មែរមិនរងគ្រោះខ្លាំងពីវិបត្តិស្បៀងអាហារឡើងថ្លៃនោះទេ

អ្នកជំនាញ​សេដ្ឋកិច្ច​មួយ​រូប​បាន​អះអាង​ថា ការ​កើន​ឡើង​នៃ​តម្លៃ​ស្បៀង​អាហារ​នៅ​លើ​ពិភព​លោក​ ជា​ពិសេស​នៅ​ក្នុង​ប្រទេសកម្ពុជា គឺ​មិន​អាច​ជះផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ មិន​ប៉ះពាល់​ខ្លាំង​ក៏​ព្រោះថា​ កម្រិត​ប្រាក់ចំណូល​របស់​ពលរដ្ឋ​ខ្មែរ​គឺ​ខ្ពស់​ជាង ការ​កើនឡើង​នៃ​តម្លៃ​ស្បៀង​អាហារ​នា​ពេលបច្ចុប្បន្ន។ លោក​បណ្ឌិត គី សេរីវឌ្ឍន៍​ អ្នកជំនាញ​សេដ្ឋកិច្ច​មក​ពី​រាជបណ្ឌិត​សភា​កម្ពុជា​បាន​គូស​បញ្ជាក់​ថា នៅ​ពេល​ប្រាក់​ចំណូល​កើន​ខ្ពស់​ នោះ​បរិមាណ​ចំណាយ​ក៏កើន​ឡើង​ដូច​គ្នា។ 

រូបតំណាង
រូបតំណាង © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈការផ្តល់សម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅព្រឹកថ្ងៃទី១០មេសា លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ជីវភាព និងប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរមិនប្រឈមខ្លាំងនោះទេ បើទោះបី តម្លៃមុខទំនិញ និងស្បៀងអាហារនៅលើទីផ្សារកំពុងកើនថ្លៃខ្ពស់យ៉ាងណាក្តី។

មិនរងគ្រោះដោយសារ កម្រិតប្រាក់ចំណូលពលរដ្ឋខ្មែរកើនក្នុងរង្វង់ជាង៤% ចំណែកតម្លៃស្បៀងអាហារកើនត្រឹមជាង៣%ប៉ុណ្ណោះ។ ដូច្នេះកម្រិតនេះមិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

ក៏ប៉ុន្តែ ដើម្បីដោះស្រាយបញ្ហាទំនិញឡើងវិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍​ស្នើឱ្យ រដ្ឋាភិបាលពិនិត្យទៅលើតម្លៃនៃការនាំចេញផលិតផលក្នុងស្រុក និងតម្លៃនាំចូលទំនិញមកក្នុងស្រុក តាមរយៈការផ្លាស់ប្តូរអត្រាប្តូរប្រាក់។ បើតាមអ្នកជំនាញសេដ្ឋកិច្ចខាងលើ ប្រសិនបើរដ្ឋាភិបាលមានទុនបម្រុងសម្រាប់ចំណាយជំរុញរូបិយវត្ថុរៀលឱ្យកើនតម្លៃខ្ពស់​ នោះការទិញទំនិញពីក្រៅប្រទេស នឹងមានតម្លៃថោក​។ ប៉ុន្តែ ការណ៍នេះ អាចប្រឈមទៅលើតម្លៃនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេសវិញ។

សម្រាប់លោកបណ្ឌិត វិធីសាស្ត្រដែលល្អ គឺបង្កើតការផលិតទំនិញក្នុងស្រុក សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។

ជាក់ស្តែង ការកើនឡើងតម្លៃទំនិញនៅកម្ពុជានេះ គឺស្របពេល អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO) កាលពីថ្ងៃសុក្របានចេញសេចក្តីថ្លែងការណ៍មួយថា តម្លៃស្បៀងអាហារនៅលើពិភពលោកបានបន្តកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ គិតមកត្រឹមចុងខែមីនាឆ្នាំ២០២២នេះ ។

ការកើនឡើងតម្លៃស្បៀងអាហារនាពេលនេះ អង្គការស្បៀងអាហារពិភពលោកបញ្ជាក់ថា ដោយសារតែបញ្ហាវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ក្នុងនោះ ទំនិញជាច្រើនប្រភេទត្រូវបានប្រែប្រួលតម្លៃជាខ្លាំង ដែលមិនធ្លាប់ជួបនោះទេក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។ ទំនិញប្រភេទ ស្រូវសាលីបានកើនឡើង១៧%  ពោតកើន១៩% ហើយ សណ្តែក និងប្រេងឆាក៏ឡើងថ្លៃខ្ពស់ដូចគ្នា។

ដោយឡែក តម្លៃស្បៀងអាហារនៅក្នុងប្រទេសកម្ពុជាវិញ គំរូម៉ាក្រូសកលនៃសេដ្ឋកិច្ចពាណិជ្ជកម្ម និងការព្យាកររបស់អ្នកវិភាគសេដ្ឋកិច្ចពិភពលោកបានដាក់ក្តីរំពឹងថា អតិផរណានឹងកើនឡើងចំនួន ៣.៥%នៅចុងត្រីមាសនេះ។ ចំណែកក្នុង​រយៈ​ពេល​វែង អតិផរណា​ស្បៀង​អាហារ​ ​នឹងអាច​មាន​និន្នាការ​ធ្លាក់ចុះមកវិញក្នុង​រង្វង់ត្រឹម ៣.២%​នៅ​ឆ្នាំ ២០២៣ និង៣%​ ក្នុង​ឆ្នាំ ២០២៤។

ជុំវិញបញ្ហានេះដែរ ធនាគារពិភពលោកក្រោមសន្ទស្សន៍ម៉ាក្រូភាពក្រីក្រសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក៏បានបញ្ជាក់អំពីការហក់ឡើងខ្ពស់នៃអតិផរណាក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ ធនាគារពិភពលោកបានបង្ហាញការ ព្រួយបារម្ភចំពោះការកើនឡើងវិញ នៃអត្រាភាពក្រីក្រជាពិសេសផលប៉ះពាល់ដល់សុខមាលភាពរបស់ពលរដ្ឋខ្មែរទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ