អានតួអត្ថបទ
កម្ពុជា-នយោបាយ

សហមេធាវី៖ លោក កឹម សុខា មិនអាចចូលរួមតាមប្រព័ន្ធអនឡាញជាមួយក្រុមប្រទេសG20 និង G7បានទេ

ក្រុមសហមេធាវីការពារ​សិទ្ធិលោក ​កឹម សុខា​ នៅព្រឹកថ្ងៃ​ទី២៨ ​មីនានេះបាន​អះអាងថា​ លោក កឹម សុខា​ មិនអាច​ធ្វើបាឋកថា​​តាមប្រព័ន្ធ​អនឡាញ​ ក្នុង​សន្និសីទ​ស្តីពីដំណោះស្រាយ​សាកល​ដែលមាន​ការចូលរួម​ពីបណ្តា​ប្រទេស​រីកចម្រើន​ខាងសេដ្ឋកិច្ច​ G7 និងG20​ ដែល​ធ្វើឡើងក្នុង​ ប្រទេស​អាល្លឺម៉ង់​បាននោះទេ។ ​ហេតុផល​ដែលមិន​អាចថ្លែង​សារ​តាម​ប្រព័ន្ធ​អនឡាញ​បាន ​បន្ទាប់​ពីអ្នករៀបចំ​កម្មវិធី​បញ្ជាក់ថា ​នេះមិនមែន​ជាគោល​បំណង​របស់​កម្មវិធី​ ខណៈកិច្ច​ប្រជុំ​បាន​កំណត់​ហើយថា ​លោកកឹម​ សុខា ​នឹងត្រូវថ្លែងសារ​ដោយមាន​វត្តមានផ្ទាល់។​

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ HENRIK ANDREE
ផ្សាយពាណិជ្ជកម្ម

ក្រោមហេតុផលថា ផ្ទុយពីគោលបំណងកម្មវិធីបានកំណត់ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ​មិនអាចធ្វើបាឋកថាតាមប្រព័ន្ធអនឡាញ​ជាមួយសន្និសីទស្តីពីដំណោះស្រាយសកលនៅប្រទេសអាល្លឺម៉ង់បាននោះទេ ដោយសារកម្មវិធីមិនមានការរៀបចំតាមប្រព័ន្ធអនឡាញ។ ហើយមែនទៅ អ្នករៀបចំកម្មវិធីក៏បានអញ្ចើញលោក កឹម សុខាឱ្យចូលរួមជាវាគ្មិនដោយផ្ទាល់ ដើម្បីធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់មួយស្តីពី ការត្រឡប់មកវិញនៃភូមិសាស្ត្រនយោបាយ និង ផលប៉ះពាល់របស់វាចំពោះភាពល្អប្រសើរជាសកល ជាមួយមេដឹកនាំG20 និងG7។

ការខកខានវត្តមានរបស់លោក កឹម សុខា  ធ្វើឡើងបន្ទាប់ពី តុលាការកម្ពុជាបានបដិសេធសំណើរបស់សហមេធាវីការពារសិទ្ធិ ដោយមិនអនុញ្ញាតឱ្យលោកកឹម សុខា ទៅចូលរួមដោយផ្ទាល់នៅប្រទេសអាល្លឺម៉ង់នោះទេ។ ប៉ុន្តែ លោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតឱ្យចូលរួមតាមប្រព័ន្ធអនឡាញជំនួសវិញ។ 

ក្រោយការអ៊ាក់ខានចូលរួមទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ លោក ចាន់ ចេន សហមេធាវីមួយរូបក្នុងចំណោមមេធាវី៤រូបការពារសិទ្ធិឱ្យលោកកឹម សុខា បានសម្តែងការសោកស្តាយចំពោះការអវត្តមានរបស់កូនក្តីខ្លួន ​។ ខណៈលោកថា កម្មវិធីនេះមានសារៈសំខាន់ណាស់ចំពោះផលប្រយោជន៍ពិភពលោក ជាពិសេសប្រទេសកម្ពុជា។   លោក ចាន់ ចេនបញ្ជាក់ថា ផលប្រយោជន៍ដែលកម្ពុជាអាចនឹងទទួលបាន នោះគឺ វិស័យសេដ្ឋកិច្ច និងនយោបាយ។

ទន្ទឹមនឹងការលើកឡើងរបស់សហមេធាវីរូបនេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិក៏បានលើកឡើងតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី២៨ មីនាថា លោកមានការសោកស្តាយ ដែលមិនអាចធ្វើដំណើរទៅចូលរួមវេទិកាពិភពលោកដ៏មានសារសំខាន់តាមកម្មវិធីដែលបានគ្រោងទុកនេះ ដោយសារតែសិទ្ធិសេរីភាពរបស់លោក ត្រូវបានហាមឃាត់។ លោក កឹម សុខា បន្តថា តាមការរំពឹងទុក អ្នករៀបចំកម្មវិធីនេះ សង្ឃឹមថាការចូលរួមរបស់លោក នឹងអាចផ្តល់ផលប្រយោជន៍ដល់ពិភពលោក និងជាកេរ្តិ៍ឈ្មោះកិត្តិយសរបស់កម្ពុជាផងដែរ។

សូមជម្រាបថា សន្និសីទកំពូលស្តីពីដំណោះស្រាយសកលនៃវេទិកាគោលនយោបាយពិភពលោក (World Policy Forum)នៅទីក្រុងប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់ ត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ មីនា ឆ្នាំ២០២២។  ។ សន្និសីទនេះបានរៀបចំឡើងដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងវេទិកាគោលនយោបាយពិភពលោក ជាពិសេសមានការចូលរួមពីមេដឹកនាំនៃបណ្តាប្រទេសឧស្សហកម្មជឿនលឿន ដែលហៅកាត់ថា G20 និង G7ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ