អានតួអត្ថបទ
កម្ពុជា-នយោបាយ

ជាថ្មីទៀតកម្ពុជាបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់UNស្តីពីជំនួយដល់អ៊ុយក្រែន

កាលពីថ្ងៃទី២៤​ ខែមីនា ​អង្គការ​សហប្រជាជាតិ​បានអនុម័ត​សេចក្តី​សម្រេចមួយ​ ដែល​ទាមទារ​សិទ្ធិ​ផ្តល់ជំនួយទៅ​ដល់ប្រជាជន​អ៊ុយក្រែន​ ដែល​កំពុងរងគ្រោះ​ដោយការវាយ​ប្រហារ​របស់រុស្ស៊ី។​ ជាថ្មី​ទៀតកម្ពុជា​ក៏បានបោះឆ្នោតគាំទ្រ​ ចំពោះសេចក្តី​សម្រេច​នាពេលនេះ​ ខណៈ​ប្រទេស​៣៨ដែល​រួមមាន​ប្រទេស​ក្នុង​តំបន់អាស៊ាន​ផងបាន​បោះឆ្នោត​អនុប្បវាទ។

ការបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់UNស្តីពីជំនួយដល់អ៊ុយក្រែន (រូបតំណាង)
ការបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់UNស្តីពីជំនួយដល់អ៊ុយក្រែន (រូបតំណាង) AP - Seth Wenig
ផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងពេលសម័យប្រជុំពិសេសលើកទី១១ អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីម្រេចមួយដែលព្រាងដោយអ៊ុយក្រែន និងមាន៩០រដ្ឋសហការផ្តួចផ្តើមសេចក្តីព្រាង(co-sponsors)។ ជាសេចក្តីសម្រេចស្តីពីផលប៉ះពាល់មនុស្សធម៌ នៅចំពោះមុខការឈ្លានពានមកលើអ៊ុយក្រែន។ សេចក្តីសម្រេចនេះ មាន១៤០ប្រទេសបានបោះឆ្នោតគាំទ្រ ដែលក្នុងនោះក៏រួមមានប្រទេសកម្ពុជាផង និងសមាជិកអាស៊ានផ្សេងទៀត ខណៈមាន ៥ប្រទេសបានបោះឆ្នោតជំទាស់ និងមាន៣៨ប្រទេសទៀតបានបោះឆ្នោតអនុប្បវាទ។ ប្រទេសដែលបាន​បោះឆ្នោត​អនុប្បវាទ ក៏មានប្រទេសឡាវ និងវៀតណាម ដែលជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន។

មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែមីនា បានទាមទារ និងជំរុញយ៉ាងខ្លាំងការការពារជនស៊ីវិល និងការផ្តល់ជំនួយមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន។ ក្រៅពីនោះ អង្គការសហប្រជាជាតិបានរិះគន់ប្រទេសរុស្ស៊ី ដែលបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការឈ្លានពានរបស់ខ្លួន កាលពីមួយខែមុន។

សូមជម្រាបថា កាលពីដើមខែមីនាកន្លងទៅ កម្ពុជាបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចរបស់អង្គការសប្រជាជាតិថ្កោលទោសចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងអំពាវនាវឱ្យមានការដកកងកម្លាំងរបស់ខ្លួនជាបន្ទាន់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាមជ្រៃធំ កាលពីថ្ងៃទី២៣ ខែមីនា បានលើកឡើងជាថ្មីពីជំហររឹងមាំ មិនផ្លាស់ប្តូររបស់កម្ពុជា ដែលមិនគាំទ្ររុស្ស៊ី វាយប្រហារប្រទេសអ៊ុយក្រែន។ លោក ហ៊ុន សែន ថាកម្ពុជានឹងនៅតែបន្តបោះឆ្នោតនៅរាល់វេទិកាអន្តរជាតិទាំងអស់ ប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយក្រែន។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានលើកឡើងថាការគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ជុំវិញបញ្ហាអ៊ុយក្រែន គឺជាជំហរស្របតាមច្បាប់អន្តរជាតិ និងស្របនឹងជំហរនយោបាយរបស់ប្រទេសលោកខាងលិច។ លោកបន្តថាគោលជំហរបែបនេះ អាចផ្តល់អត្ថប្រយោជន៍ច្រើនដល់កម្ពុជា និងបញ្ជាក់ថាកម្ពុជាប្រឆាំងចំពោះប្រទេសធំ ដែលឈ្លានពានប្រទេសតូច ជាក់ស្តែងកម្ពុជានៅចន្លោះប្រទេសធំពីរគឺវៀតណាម និងថៃ។ លោកសង្កត់ធ្ងន់ថានេះជាជំហរមួយ ដែលសមស្របសម្រាប់ការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ