អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

នាយករដ្ឋមន្ត្រីជប៉ុននឹងយកលទ្ធផលជំនួបជាមួយលោក ហ៊ុន សែន ទៅប្រាប់ប្រទេសG7

លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឹមីអូ បានចាត់ទុកជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចចំនួន២ថ្ងៃនៅកម្ពុជា ថាជាជំនួបដ៏មានអត្ថន័យ។ ភាគីទាំងពីរ បានលើកយកបញ្ហាទាំងក្នុងតំបន់ និងអន្តរជាតិ មកពិភាក្សា និងធ្វើសេចក្តីថ្លែងការណ៍រួមមួយ កាលពីល្ងាចថ្ងៃអាទិត្យ។ ក្រោយបញ្ចប់ជំនួប លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា នឹងយកលទ្ធផលដែលបានពិភាក្សាទាំងអស់ជាមួយលោក ហ៊ុន សែន ទៅប្រាប់បណ្តាប្រទេសG7 នៅថ្ងៃព្រហស្បតិ៍នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំនួបជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឹមីអូ  ក្នុងអំឡុងពេលបំពេញទស្សនកិច្ចចំនួន២ថ្ងៃនៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំនួបជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឹមីអូ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចចំនួន២ថ្ងៃនៅកម្ពុជា © FB/SMP
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ជប៉ុន ចំនួន១០ទំព័រ បានប្រកាសចេញនាក្រោយជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឹមីអូ នៅវិមានសន្តិភាពនាល្ងាចថ្ងៃអាទិត្យទី២០មីនា។ ភាគីទាំងពីរបានជជែកពីទំនាក់ទំនងទ្វេភាគី ទៅលើផ្នែកសេដ្ឋកិច្ច សន្តិសុខ សុខាភិបាល លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាអាទិ៍។

លើសពីនេះ សម្រាប់បញ្ហាតំបន់និងអន្តរជាតិ កម្ពុជា-ជប៉ុន បានលើកយកបញ្ហាភូមា កូរ៉េខាងជើង សមុទ្រចិនខាងត្បូង ហើយជាពិសេសអ្វីដែលមិនអាចរំលងនោះគឺ ស្ថានភាពនៃប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្ន។ សម្រាប់បញ្ហានៅអ៊ុយក្រែន ទាំងកម្ពុជា ទាំងជប៉ុន បន្តទទូចឲ្យបញ្ឈប់ការប្រើកម្លាំង ហើយដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន ដោយមិនបញ្ជាក់ឈ្មោះថាជារុស្ស៊ី ខណៈដែលកម្ពុជានិងជប៉ុន ជាប្រទេសសហស្ថាបនិកបោះឆ្នោតថ្កោលទោសរុស្ស៊ីនោះ។

នៅក្រោយជំនួបបានបញ្ចប់ លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា នឹងយកលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ទៅប្រាប់ដល់បណ្តាប្រទេសG7 ដែលគ្រោងរៀបចំប្រជុំនៅទីក្រុងប្រិចហ្សែល ប្រទេសប៊ែលហ្ស៊ិកនៅថ្ងៃព្រហស្បតិ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Nikkei។

សម្រាប់លោក គីស៊ីដា ហ្វឹមីអូ វាមានសារៈសំខាន់សម្រាប់ប្រទេសG7 ក្នុងការទទួលបានរបាយការណ៍ពីប្រទេសជប៉ុន ដែលជាសមាជិកអាស៊ីតែមួយគត់។ ហើយសេចក្តីថ្លែងការណ៍រួមនេះ នឹងបញ្ជាក់ពីជំហរបស់អាស៊ានដែលដឹកនាំដោយកម្ពុជានៅឆ្នាំនេះ ទាក់ទងនឹងបញ្ហានៅអ៊ុយក្រែន។

រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សង្គ្រាមមិនអាចបញ្ចប់សង្រ្គាមបានទេ។ ម៉្លោះហើយត្រូវតែបន្តរកដំណោះស្រាយដោយសន្តិវិធី។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាក៏ធ្លាប់បានចេញនូវសេចក្តីថ្លែងការណ៍ ដោយបរិយាយពីក្តីបារម្ភជាពន់ពេករបស់អាស៊ាន ទាក់ទងទៅនឹងវិបត្តិនៅអ៊ុយក្រែន។ ក៏ប៉ុន្តែនៅក្នុងសន្និបាតរបស់អង្គការសហប្រជាជាតិ អាស៊ានទាំង១០មិនមានចំណុចនោះទេ។ ដោយរដ្ឋខ្លះធ្វើជាសហស្ថាបនិក ខ្លះបោះឆ្នោតថ្កោលទោស ខ្លះបោះឆ្នោតអនុប្បវាទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ