អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

រដ្ឋាភិបាលជប៉ុន គាំទ្រការអភិវឌ្ឍកំពងផែខេត្តព្រះសីហនុ ឱ្យក្លាយជាកំពង់ផែចម្បង ក្នុងតំបន់ និងពិភពលោក

រដ្ឋាភិបាល​ជប៉ុនបានអះអាងថា ​ជប៉ុននឹង​សហការ​ គាំទ្រ​ដល់ការអភិវឌ្ឍន៍​កំពង់ផែទឹកជ្រៅ​ក្រុងព្រះសីហនុ​របស់កម្ពុជា​ ឱ្យក្លាយ​ជាកំពង់ផែ​ដ៏មានសារៈសំខាន់​មួយ​សម្រាប់​ខេត្តព្រះសីហនុ។ ​ការអះអាង​របស់ជប៉ុន​នាពេលនេះ ​ធ្វើឡើង​នៅក្នុង​សន្និសីទ​កាសែត​រួមគ្នារវាង​នាយករដ្ឋ​មន្ត្រីកម្ពុជា​ ជប៉ុន​កាលពីយប់​ថ្ងៃទី២០​ មីនា​ ឆ្នាំ២០២២។​ បើតាម​ រដ្ឋាភិបាល​ជប៉ុន​ ការគាំទ្រ​ដល់ការ​អភិវឌ្ឍ​កំពង់ផែខេត្តព្រះសីហនុនេះ​ គឺដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និងបម្រើ​ដល់ការ​ធ្វើពាណិជ្ជកម្ម​សម្រាប់​តំបន់មេគង្គ​ និង​ពិភពលោក។​

កំពង់ផែស្វយ័ត (រូបតំណាង)
កំពង់ផែស្វយ័ត (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច និងបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍មួយចំនួនក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចជួយសហការ និងអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុ​ឱ្យក្លាយជាកំពង់ផែចម្បងមួយ ដែលមិនមែនតែសម្រាប់កម្ពុជាប៉ុណ្ណោះនោះទេ។ ត្រង់ចំណុចនេះ ភាគីជប៉ុនចង់សំដៅថា កំពង់ផែខេត្តព្រះសីហនុ និងមានសមត្ថភាពដល់ការធ្វើពាណិជ្ជកម្ម បម្រើដល់វិស័យទេសចរណ៍ដល់ប្រទេសក្នុងតំបន់ ប្រទេសស្ថិតក្នុងតំបន់មេគង្គ និងពិភពលោកផងដែរ។

ក្នុងសន្និសីទការសែតរួមគ្នារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា​ ហ្វូមីអូ  ភាគីជប៉ុនក៏នឹងបន្តសហការគាំទ្រដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយចំនួនដូចជា៖ ស្ពានអាកាស ស្ពានឆ្លងទន្លេ ផ្លូវថ្នល់ ការផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធទឹកស្អាតជាដើម ដោយធ្វើយ៉ាងណា លើកកម្ពស់សេដ្ឋកិច្ច​ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងគម្រោងគាំទ្ររបស់ជប៉ុននេះ លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែកអភិបាលកិច្ច​ និងប្រជាធិបតេយ្យ​នៃវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ីបានយល់ឃើញថា ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចពិសេស និងជាគោលដៅច្រកចេញចូលរបស់កម្ពុជានាពេលអនាគតដ៏មានសក្តានុពល។ រដ្ឋាភិបាល ត្រូវតែអភិវឌ្ឍន៍ទីក្រុងមួយនេះឲ្យទំនើបជាងទីក្រុងភ្នំពេញ ជាពិសេសការពង្រើកតំបន់សេដ្ឋកិច្ចពិសេស​ និងកំពង់ផែទឹកជ្រៅ។

លោកបណ្ឌិតបន្តថា ការគាំទ្ររបស់ភាគីជប៉ុននាពេលនេះ គឺជាសញ្ញាល្អ មួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាសង្ឃឹមថាកំពង់ផែខ្នាតអន្តរជាតិរបស់កម្ពុជា នឹងចាប់ផ្ដើមរីកចម្រើនកាន់តែខ្ពស់បន្ថែមទៀត ខណៈកម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងកូរ៉េខាងត្បូង និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU)  បូករួមជាមួយការអនុគ្រោះពន្ធការនាំចេញរបស់កម្ពុជាពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង EBA របស់សហគមន៍អឺរ៉ុបផង​​ នោះចរាចរណ៍ទំនិញ និងការដឹកជញ្ចូនក៏កាន់តែច្រើន។

គួរជម្រាបថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងបន្តពង្រីក កំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Intercharge) ដែលនឹងអាចជួយសម្រួលដល់នីតិវិធីផ្លូវការ នៃនាវាចេញចូលកំពង់ផែកម្ពុជា។ ការបង្កើតប្រព័ន្ធនេះ ក៏ដើម្បីពន្លឿននីតិវិធីចេញចូលរបស់នាវា ការកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ការស្តុកទំនិញ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេសសំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន។

បើតាមក្រសួងសាធារណការ កម្ពុជាក៏កំពុងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយ ជម្រៅទឹក១៤.៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦ម៉ឺនតោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ