អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជារំពឹងថា កំណើនអ្នកវិនិយោគិនបរទេសវិលមកកម្ពុជា នឹងមានចំនួនខ្ពស់ក្នុងឆ្នាំ២០២២នេះ

សភាពាណិជ្ជកម្មកម្ពុជាបានដាក់ក្តីរំពឹងខ្ពស់ថា ក្នុងឆ្នាំ២០២២នេះ កំណើនអ្នកវិនិយោគបរទេសដែលមានបំណងចូលមកវិនិយោគក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះច្រើនជាងឆ្នាំ២០២១កន្លងទៅ។ ទាក់ទិននឹងសង្គ្រាមនៅអ៊ុយក្រែនវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា វាមិនអាចបង្អាក់ដំណើរការវិនិយោគ និងលំហូរអ្នកវិនិយោគិនបរទេសមកប្រទេសកម្ពុជានោះទេ។ មិនអាចរាំងស្ទះដោយសារ កម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយវិស័យជាច្រើនក៏ដំណើការជាប្រក្រតីភាពឡើងវិញហើយ។ 

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងមានសន្ទុះអ្នកវិនិយោគបរទេសវិលចូលមកច្រើន និងមកវិនិយោគលើវិស័យធំផងដែរ។ បើតាមលោកឧកញ៉ា​ លឹម ហេង គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានទុនវិនិយោគពីអ្នកវិនិយោគិនបរទេសសរុបជាង២៤០០លានដុល្លារអាមេរិក និងក្រុមហ៊ុនដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញជាមួយក្រសួងសេដ្ឋកិច្ច គឺមានចំនួនជាង១ម៉ឺនបញ្ជីទៅហើយ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបន្តថា ឆ្នាំនេះ គឺជាឆ្នាំដែលល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបទាញអ្នកវិនិយោគបរទេសមកវិញ។  ខណៈឆ្នាំ២០២១ឯណោះ វត្តមានអ្នកវិនិយោគិន ពាណិជ្ជករ នៅតែធ្វើដំណើរមកវិនិយោគក្នុងប្រទេសកម្ពុជាដដែល ដោយមិនមានសញ្ញាណាមួយថមថយនោះទេ បើទោះបីវិបត្តិជំងឺកូវីដ១៩បានវាយប្រហារមកលើសេដ្ឋកិច្ច សង្គមរបស់កម្ពុជាយ៉ាងដំណំក្តី។

លោកឧកញ៉ាលឹម ហេង ក៏បានបញ្ជាក់ទៀតដែរថា ក្នុងឆ្នាំនេះ កម្ពុជា គឺជាទីតាំងដែលសាកបំផុតសម្រាប់ការវិនិយោគនានាពីសំណាកអ្នកវិនិយោគបរទេស។ ចំណុចដែលអ្នកវិនិយោគិន មិនអាចមើលរំលងប្រទេសកម្ពុជាបាន ក៏ព្រោះថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាត្រូវអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ។ ក៏មានដែរ កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់RCEP, ប្រព័ន្ធអនុគ្រោះ GSPរបស់អឺរ៉ុប និងអាមេរិក និងប្រព័ន្ធអនុគ្រោះEBAផងដែរ។  

បន្ថែមពីនេះ កម្ពុជាក៏នៅមានស្ថិរភាពភូមិសាស្ត្រនយោបាយ អត្រាកំណើនចាក់វ៉ាក់សាំងបានគ្រប់គោលដៅ ក្នុងការធានាបាននូវសុខមាលភាពជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគិន។

ដោយឡែក ទាក់ទិននឹងវិបត្តិសង្គ្រាមនៅប្រទេសរុស្ស៊ី-អ៊ុយក្រែនវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះយល់ឃើញថា វាមិនអាចបង្អាក់ដំណើរការវិនិយោគ និងលំហូរអ្នកវិនិយោគិនបរទេសមកប្រទេសកម្ពុជានោះទេ។ មិនអាចរាំងស្ទះដោយសារ កម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយវិស័យជាច្រើនក៏ដំណើការជាប្រក្រតីភាពឡើងវិញហើយ៕

សូមជម្រាបថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៧គម្រោង គិតជាទឹកប្រាក់មានចំនួនជាង២៤០០លានដុល្លារ និងបង្កើតការងារបានចំនួនជាង១ម៉ឺនកន្លែង។ បើតាមរបាយការណ៍របស់CDC គម្រោងវិនិយោគទាំង៣៧គម្រោងខាងដើមនេះ ភាគច្រើនជា គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ