អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ចិន​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​នៅ​ក្នុង​សំណុំ​រឿង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សន្ទនា​តាម​ខ្សែ​ទូរសព្ទ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិនពីង នៅ​ថ្ងៃ​ទី​១៨​មីនា​ម្សិល​មិញ។ ជំហរ​របស់​កម្ពុជា​គាំទ្រ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី នៅ​ក្នុង​កិច្ច​ប្រជុំ ពិសេស​បន្ទាន់​មួយ​របស់​អង្គការ​សហប្រជាជាតិ​កាល​ខែ​មីនា ក៏​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​ជំនួប​តាម​ខ្សែទូរសព្ទ​នោះ​ដែរ។ លោកស៊ី ជីនពីន អះអាង​ប្រាប់​លោក​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ថា ប្រទេស​ចិន​គោរពសិទ្ធិ​សម្រេច​ចិត្ត​និង​ជំហរ​របស់​កម្ពុជា​សំណុំ​រឿង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការចុះ​ផ្សាយ​របស់​កាសែត CHINA DAILY។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន © Internet
ផ្សាយពាណិជ្ជកម្ម

មិនមែន​តែក​ម្ពុជា​ទេ នៅ​ក្នុង​សំណុំ​រឿង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន លោក ស៊ី ជីនពីន ក៏​បាន​ជួបសន្ទនា​ជាមួយ​មេដឹក​នាំ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែរ។ នៅ​ក្នុង​ជំនួប​ដោយ​ឡែក​ពី​គ្នា​តែ​ក្នុង​គោល​ដៅ​រួមមួយ មេដឹក​នាំ​ចិន​លោក ស៊ី ជីនពីន បាន​បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​សម្រេច​ចិត្ត​និង​ជំហរ​របស់​ប្រទេសនីមួយៗ ទាំង​កម្ពុជា​និង​អាហ្វ្រិក​ខាងត្បូង នៅ​ក្នុង​សំណុំ​រឿង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។

សម្រាប់​ប្រទេស​កម្ពុជា យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត CHINA DAILY លោក ស៊ី ជីនពីង បានចាត់​ទុក​ជំហរ​កម្ពុជា​ដែល​បាន​បោះឆ្នោត​គាំទ្រ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​អ៊ុយ​ក្រែន និងទាមទារ​ឲ្យ​រុស្ស៊ី​ដក​កង​ទ័ព​ចេញ​ពី​អ៊ុយក្រែន ជា​ការ​សម្រេច​ចិត្ត​ដោយ​ឈរ​លើ​ជំហរ​ឯករាជ្យ  និងថា វាជា​សិទ្ធិ​ផ្ដាច់មុខ​របស់​កម្ពុជា​ក្នុង​ការ​សម្រេច​ចិត្ត​បែប​នេះ។

សូមជម្រាបជូនថា ក្រៅ​ពី​សម្រេច​បោះឆ្នោត​គាំទ្រ​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​របស់​អ៊ុយក្រែន ហើយ​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​កង​ទ័ព​ចេញ​ពី​អ៊ុយក្រែន​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ប្រទេស​កម្ពុជា ក៏បាន​ចូល​រួម​ជា Co-Sponsor គឺជា​ប្រទេស​ចូល​រួម​ផ្តួច​ផ្តើម ឬ​យល់​ព្រម​ឲ្យ​គេ​កត់​ត្រាថា ជា​ប្រទេស​ចូលរួម​ផ្តួច​ផ្តើម​សេចក្តីព្រាង​នៃ​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ។

លោក គិន ភា នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ្យបណ្ឌិត​សភា​កម្ពុជា​មើល​ឃើញ​ថា នៅ​ក្នុងជំហរ​គាំទ្រ​អ៊ុយ​ក្រែន​ប្រឆាំង​រុស្ស៊ី​នេះ កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​អធិបតេយ្យ​របស់​ខ្លួន​ផ្អែក​លើ​មូល​ដ្ឋានសំខាន់​បីៈ រដ្ឋធម្មនុញ្ញកម្ពុជា ធម្មនុញ្ញ​អង្គការ​សហប្រ​ជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន។ នៅ​ក្នុង​បរិបទ​អាស៊ានសំឡេង​កម្ពុជា​មាន​សារៈ​សំខាន់​តំណាង​ឲ្យ​អាស៊ាន​ទាំង​មូល​បង្ហាញ​ពី​ជំហរ​គាំទ្រ​អ៊ុយក្រែន ក្នុង​នាមជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​នេះ។

ក្រៅ​ពី​បញ្ហា​ក្នុង​តំបន់​និង​ពិភពលោក លោក ហ៊ុន សែន និងលោក ស៊ី ជីនពីន  ក៏​បាន​លើក​ឡើង​ពីទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ចិន​ដែរ។

តាមរយៈ​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ដដែល ចិន​សន្យា​ផ្ដល់​វ៉ាក់​សាំង​២០​លាន​ដូស​ទៀត​ដល់​កម្ពុជា និង​បានប្រកាស​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់​សាំង​កូវីដ១៩ នៅ​កម្ពុជា​ផង​ដែរ។ បន្ថែម​លើនេះមេដឹក​នាំ​ចិន​ក៏​បាន​លើកឡើង​ពី​សារៈ​ប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ច​ព្រម​ព្រៀង​សេរី​កម្ពុជា ចិន ដែល​បាន​បើក​ផ្លូវ​ឲ្យ​កម្ពុជា​នាំ​អង្ករ​ទៅ​ចិន​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន ព្រម​ទាំង​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត ដូច​ជាផ្លែ ចេក ស្វាយ និង​ផ្លែ​មៀន​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ