អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវី៖ ការផ្តន្ទាទោសថ្នាក់ដឹកនាំនៃអតីតបក្សសង្រ្គោះជាតិឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ ជារឿងអយុត្តិធម៌

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី រួមនឹងមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងចំនួន ៦រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ និងចេញដីកាចាប់ខ្លួន។ មេធាវីការពារក្តីក្នុងសំណុំរឿងនេះ បានសម្តែងការខកចិត្ត និងថាការសម្រេចរបស់តុលាការគឺមិនបានផ្តល់យុត្តិធម៌។

លោក​សម រង្ស៊ី ប្រធានស្តីទី គណបក្ស​សង្រ្គោះជាតិ​
លោក​សម រង្ស៊ី ប្រធានស្តីទី គណបក្ស​សង្រ្គោះជាតិ​ ©Chheang Bopha
ផ្សាយពាណិជ្ជកម្ម

​លោក​ សំ​ សុ​គង់​ ​មេធាវី​ការពារ​ក្តី​ឱ្យ​ម​ន្រ្តី​អតីត​បក្ស​ប្រឆាំង បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៧ ខែមីនា នេះថា សាលក្រមផ្តន្ទាទោសនេះ មិនបានផ្តល់យុត្តិធម៌ឲ្យកូនក្តីរបស់លោក ព្រោះថាសកម្មភាពដែលថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង៧នាក់បានធ្វើ គឺបានកើតឡើងនៅសហរដ្ឋអាមេរិក ហើយនីតិវិធីតាំងពីចាប់ផ្តើម រហូតដល់ថ្ងៃប្រកាសសាលក្រមផ្តន្ទាទោស គឺមិនមានវត្តមានកូនក្តីរបស់លោកចូលរួមនោះទេ។

លោក សំ សុគង់ បន្ថែមថាកូនក្តីរបស់លោក ដែលរងបទចោទគឺមិនបានដឹងអំពីបទចោទទាំងនោះទេ និងមិនបានឆ្លើយដោះសារចំពោះការចោទប្រកាន់ឡើយ។ បើតាមលោកមេធាវី ចំណុចមួយទៀតនោះ គឺរឿងខាងលើនេះពាក់ព័ន្ធនឹងរឿនយោបាយ ដោយសារតែលោក សម រង្ស៊ី និងថ្នាក់ដឹកនាំផ្សេងទៀតសុទ្ធតែជាអ្នកនយោបាយ ហើយការបញ្ចេញមតិប្រឆាំងក្នុងសង្គមប្រជាធិបតេយ្យ គឺមិនមែនជារឿងសុខច្បាប់នោះទេ។

តុលាការបានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី, លោកស្រី មូរ សុខហួរ, លោកស្រី ជូឡុង សូមួរ៉ា, លោក តុ វ៉ាន់ចាន់, លោក នុត រំដួល, លោក ហូរ វ៉ាន់ និងលោក អេង ឆៃអ៊ាង ពីបទរួមគំនិតក្បត់ បទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់។ ក្រៅពីលោកសម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង​ ក៏មានដែរមន្ត្រីមួយចំនួនទៀតនៅកម្ពុជា ដែលស្ថិតនៅក្នុងសំណុំរឿងខាងលើនេះ ដែលជាសំណុំរឿងពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ ២០១៩កន្លងទៅ។

ក្រោយការប្រកាសសាលក្រមនេះ មេធាវីនឹងពិគ្រោះយោបល់ជាមួយកូនក្តីទាំង៧នាក់ ដែលជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងកូនក្តីដែលកំពុងជាប់ពន្ធនាគារ ដើម្បីជជែកពីសិទ្ធិក្នុងការធ្វើបណ្តឹង ​ឧទ្ធរ​ណ៍​​ ហើយបើមានការឯកភាព នោះមេធាវីនឹងប្តឹងឧទ្ធរ​ណ៍​តាមនីតិវិធីច្បាប់។ នេះបើតាមលោក សំ សុគង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ