អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្ពុជាសម្រេចលុបចោលការតម្រូវឲ្យអ្នកដំណើរបរទេសបង្ហាញលទ្ធផល PCR និងការធ្វើតេស្តរហ័ស

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុបចោល​លក្ខខណ្ឌ​តម្រូវ​ឲ្យអ្នក​ដំណើរ​មក​ពីបរទេស​ត្រូវបង្ហាញ​លទ្ធផល​តេស្ត PCR​ អវិជ្ជមាន​ក្នុង​រយៈពេល​៧២ម៉ោង ​រួមនឹង​ការតម្រូវ​ឲ្យធ្វើ​តេស្តរហ័ស​ពេល​អ្នក​ដំណើរ​ទាំង​នោះចូល​មក​កម្ពុជា។​ នេះបើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ នៅថ្ងៃ​ព្រហស្បតិ៍ទី១៧​មីនានេះ។ ​ប្រមុខ​រដ្ឋាភិបាលកម្ពុជា ​បានលើក​ឡើងថា​ ការលុបចោល​លក្ខខណ្ឌ​តម្រូវ​នេះ គឺ​ដើម្បីទាក់ទាញ​វិនិយោគិន​ និង​ទេសចរ​អន្តរជាតិ​ចូល​មកកម្ពុជា ​ខណៈ​ដែលអ្នក​ប្រតិបត្តិ​ក្នុង​វិស័យនេះ ​រំពឹងថា​វិស័យទេសចរណ៍​អាចស្តារ​ឡើងវិញ​បានមួយកម្រិត។​

អ្នកដំណើរបរទេស (រូបតំណាង)
អ្នកដំណើរបរទេស (រូបតំណាង) AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចលុបចោលលក្ខខណ្ឌសម្រាប់អ្នកដំណើរបរទេសដែលចូលមកកម្ពុជា ដោយពុំចាំបាច់ត្រូវបង្ហាញនូវលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោង មុននឹងមកដល់កម្ពុជា ហើយក៏ពុំចាំបាច់ត្រូវធ្វើតេស្តរហ័សទៀតនោះទេ ទោះបីជាកម្ពុជានិងសកលលោកកំពុងស្ថិតនៅក្នុងបរិការណ៍នៃជំងឺកូវីដ១៩ជាបន្តទៀតក្តី។

ក៏ប៉ុន្តែទោះជាយ៉ាងនេះ សម្រាប់ក្រសួងសុខាភិបាល អ្នកដំណើរដែលចូលមកកម្ពុជា គួរតែធ្វើតេស្តរហ័សដោយខ្លួនឯង ព្រមទាំងបង្ហាញវិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ពេលចូលមកដល់កម្ពុជា។ ក្នុងលក្ខខណ្ឌអ្នកដំណើរណា មិនបានចាក់វ៉ាក់សាំងពេញលេញ នឹងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមទីតាំងណាដែលកំណត់ដោយក្រសួងសុខាភិបាល។

ក្រៅតែលក្ខខណ្ឌចំនួនពីរដែលត្រូវបានលុបចោល ក្រសួងសុខាភិបាលក៏អនុញ្ញាតឲ្យបើកដំណើរការផ្តល់ទិដ្ឋាការដល់ជនបរទេសដែលមកដល់កម្ពុជា តាមគ្រប់មធ្យោបាយធ្វើដំណើរ។

ថ្លែងពីខេត្តព្រៃវែង ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» នាព្រឹកថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងទៅតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងន័យទាក់ទាញអ្នកទេសចរបរទេស និងអ្នកវិនិយោគចូលមកកម្ពុជា។ លោក ហ៊ុន សែន បានអះអាងថា ការសម្រេចនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងរៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩។

ជាការកត់សម្គាល់ ការចាប់ផ្តើមបើកដំណើរប្រទេសតាមគន្លងប្រក្រតីភាពថ្មី ចាប់ពីថ្ងៃទី០១មករា នៅមិនទាន់អាចឆ្លើយតបបានទាំងស្រុងទៅនឹងការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ដែលប៉ះទង្គិចដោយសារវិបត្តិកូវីដ-១៩នោះទេ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារសមាគមទេសចណ៍កម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ជាងពីរខែមកនេះ ការស្តារវិស័យទេសចរណ៍នៅមានកម្រិតនៅឡើយ។ នៅមានកម្រិត ដោយសារតែភ្ញៀវទេសចរបរទេសត្រូវមានលិខិតបញ្ជាក់ពីការធ្វើតេស្ត ដែលចំណាយថវិកាផង និងពេលវេលាដើម្បីបំពេញឯកសារមួយចំនួនផង។

ប្រធានទីភ្នាក់ងារសមាគមទេសចរណ៍កម្ពុជារូបនេះ ចាត់ទុកថា ការសម្រេចលុបចោលលក្ខខណ្ឌរបស់រដ្ឋាភិបាលកម្ពុជាពេលនេះ ជាការលុបចោលរនាំងស្តារទេសចរណ៍កម្ពុជា ដ្បិតថា ភ្ញៀវទេសចរមិនចាំបាច់បំពេញឯកសារដែលស្មុគស្មាញ ខណៈដែលជើងហោះហើរក៏អាចប្រតិបត្តិដោយពុំមានការរឹតត្បិត។ យន្តការនេះ លោកស្រីរំពឹងថា អ្នករកចំណូលក្នុងវិស័យទេសចរណ៍ក៏នឹងអាចស្តារឡើងវិញមួយកម្រិតទៀត បើទោះបីវិស័យមួយនេះ ខ្ទេចខ្ទាំដោយសារជំងឺកូវីដ-១៩ ជាងពីរឆ្នាំមកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ