អានតួអត្ថបទ

អង្គការតម្លាភាពកម្ពុជាបានសម្រេចដកចេញរូបភាពវីឌីអូរបស់ស្ត្រីមានឥទ្ធិពល២រូបទៅតាមការស្នើសុំ

អង្គការតម្លាភាពកម្ពុជាបានសម្រេចមិនផ្សព្វផ្សាយ​រូបភាព​វីឌីអូ​​​គ្រប់ទម្រង់​របស់ស្ត្រីឆ្នើម​២រូបមកពីវិស័យកីឡានិងជំនួញ បន្ទាប់ ពីមានការស្នើសុំ​ព្រោះបារម្ភពីការពាក់ព័ន្ធនយោបាយ។ នេះបើតាម​លិខិតមួយដែលអង្គការតម្លារភាពកម្ពុជាបានផ្ញើទៅ​ស្ត្រីទាំង២រូបនោះកាលពីថ្ងៃសុក្រទី១១មីនាកន្លងទៅនេះ។ បារម្ភពាក់ព័ន្ធនយោបាយ ដោយសារតែសមាសភាពស្ត្រីមានឥទ្ធិពលទាំង១០រូបចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ​លើកកម្ពស់​ស្ត្រី​​របស់អង្គការតម្លាភាព​នោះក៏មានដែរ​លោកស្រី មួរ សុខហួរ អតីតអនុប្រធាន​អតីត​គណបក្សសង្គ្រោះ​ជាតិ។

យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ស្ត្រីរបស់អង្គការតម្លាភាព «ស្ត្រីទាំង១០ដែលមានឥទ្ធិពលនៅប្រទេសកម្ពុជា»
យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ស្ត្រីរបស់អង្គការតម្លាភាព «ស្ត្រីទាំង១០ដែលមានឥទ្ធិពលនៅប្រទេសកម្ពុជា» © សហការី
ផ្សាយពាណិជ្ជកម្ម

ស្ត្រីទាំង២នាក់នោះ​គឺ លោកស្រី កែវ ឡេង កីឡា​ការិនី​ប៉េតង់​កម្ពុជា និងលោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុននំស្រួយ​លីលី និងជា​ប្រធានសមាគមនសហគ្រិន​ស្ត្រីកម្ពុជា ដែល​បានស្នើទៅអង្គការតម្លាភាពកម្ពុជាកាលពីថ្ងៃទី៩មីនា អោយដកចេញនូវរូបភាពវីឌីអូទាំងអស់​ដែលបានសម្ភាសន៍រូចហើយ មិនអោយផ្សព្វផ្សាយអមជាមួយនឹងលោកស្រី មួរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ។

តាមរយៈវិទ្យុបារាំងអន្តរជាតិ លោកស្រី កែវ មុំ នៅថ្ងៃទី​១៣មីនាលើកឡើងថា ការសម្រេចចិត្តមិនចូលរួ​មនៅក្នុងការផ្សព្វផ្សាយនោះ ព្រោះលោកស្រីបារម្ភ​ថា​ការពាក់ព័ន្ធនឹង​នយោបាយនឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើជំនួញលោកស្រី​។

បន្ទាប់ពីមានការស្នើសុំ​ព្រោះបារម្ភពីការពាក់ព័ន្ធនយោបាយបែបនេះ​ អង្គការតម្លាភាពកម្ពុជាបានសម្រេចដកចេញរាល់កម្រង់រូបភាពវីឌីអូខ្លី​​របស់ស្ត្រីឆ្នើម​២រូបនោះដែលបានផ្សព្វផ្សាយរួចហើយនៅលើបណ្តាញសង្គម។ បន្ថែមពីនេះ យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ស្ត្រីរបស់អង្គការតម្លាភាព «ស្ត្រីទាំង១០ដែលមានឥទ្ធិពលនៅប្រទេសកម្ពុជា» ដែលគ្រោងរៀបចំសម្ភោធជាមួយវីឌីអូសម្ភាសដទៃទៀតនឹងត្រូវដកចេញ ពោលគឺ នៅសល់ការបង្ហាញពីស្ត្រីចំនួន៨រូបវិញ។​

លោកស្រី មួរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជា​តិ បង្ហាញការសោកស្តាយចំពោះសេចក្តីសម្រេចចិត្ត​របស់ស្ត្រីទាំង២រូបនោះ ដែលលោកស្រីយល់ថាជាការ​មិនបើកចិត្តទូលាយនៅក្នុងការផ្សព្វផ្សាយពី​តម្លៃរបស់ស្ត្រីរួមគ្នា។​ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីស៊េរី លោកស្រីបន្តថា ការដកខ្លួនចេញ​ពីការផ្សព្វផ្សាយលើកកម្ពស់ស្ត្រីបែបនេះ បង្ហាញអំពី​ការមិនទទួលយកនូវតម្លៃរបស់ស្ត្រីខ្លួនឯង។ ចំពោះស្ត្រី​អ្នកនយោបាយរូប​នេះ ការចូលរួមផ្សព្វផ្សាយរួម​ជាមួយស្ត្រីមកពីវិស័យ​ចម្រុះ៩នាក់​​ផ្សេងទៀត គឺធ្វើឡើងដើម្បីស្ត្រី និង​បង្ហាញថា​វត្តមានស្ត្រី​នៅក្នុងគ្រប់វិស័យគឺសំខាន់និង​ចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ​។ 

គួរជ្រាបដែរថា ការមិនចូលរួមស្នើផ្សព្វផ្សាយនៅលើកកម្ពស់តម្លៃ​ស្ត្រីរបស់កីឡាការនីនិងស្ត្រីជាអ្នកជំនួញដ៏​មានឥទ្ធិពលនៅកម្ពុជាព្រោះមានសមាសភាពស្ត្រីមកពីអតីត​បក្សប្រឆាំងនេះ ត្រូវបានអ្នកតាមដានសង្គមមួយចំនួនវាយតម្លៃថា ជាការរើសអើងនិន្នាការនយោបាយធ្ងន់ធ្ងរ ត្បិតថា​សកម្មភាពខាងលើនេះជារឿងបែបឯកជនក៏ដោយចុះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ