អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

កម្ពុជា៖​ វេទិកាសិទ្ធិមនុស្សអន្តរជាតិលើកនេះ មានលក្ខណៈស្ថាបនា មិនមែនជាវេទិកា​បន្ទុះបង្អាប់

រដ្ឋាភិបាលកម្ពុជាចាត់ទុកកិច្ចប្រជុំការពាររបាយការណ៍ជាតិ ពាក់​ព័ន្ធ​នឹងការ​អនុវត្តន៍​កតិកា​សញ្ញាអន្តរជាតិ​ ស្តីពី​សិទ្ធិ​ពលរដ្ឋ និ​សិទ្ធិនយោបាយ​រយៈពេល​៣ថ្ងៃមកនេះថា ជាកិច្ច​សន្ទនាមាន​លក្ខណៈ​ស្ថាបនា ដែល​ផ្តល់​ឱកាស​ឲ្យកម្ពុជាបង្ហាញនូវ​សមិទ្ធផល​នានា​ដែល​សម្រេច​បាន។ ​បើតាម​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គណៈប្រតិភូកម្ពុជាមាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ពន្យល់ បំភ្លឺ និង​បកស្រាយ លើ​បញ្ហាមួយចំនួន ពោល​កិច្ចប្រជុំនេះ មិនមែនជាវេទិកាបន្ទុះបង្អាប់ រិះគន់ ឬវាយ​ប្រហារ​លើ​ផ្នែក​សិទ្ធិមនុស្សនោះឡើយ។

គណៈប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមប្រជុំតាមអនឡាញជាមួយតំណាងរដ្ឋនៃភាគីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និសិទ្ធិនយោបាយ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១មីនា២០២២។
គណៈប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមប្រជុំតាមអនឡាញជាមួយតំណាងរដ្ឋនៃភាគីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និសិទ្ធិនយោបាយ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១មីនា២០២២។ © គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ថ្ងៃទី១១មីនា បញ្ជាក់ថា គណៈប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ​ដឹកនាំ​ដោយ លោក ជិន ម៉ាលីន បានចូលរួមប្រជុំតាមអនឡាញ​ជាមួយ​តំណាង​រដ្ឋ​នៃភាគីកតិកា​សញ្ញាអន្តរជាតិ​ ស្តីពី​សិទ្ធិ​ពលរដ្ឋ និ​សិទ្ធិនយោបាយ ដែលមានរយៈពេល៣ថ្ងៃ​ ​ចាប់​ពីថ្ងៃទី៩​ដល់​ថ្ងៃទី​១១​មីនា​២០២២នេះ។

បញ្ហានិទណ្ឌភាព អំពុករលួយ អំពើទារុណកម្ម ច្បាប់​ប្រឆាំងកូវីដ១៩ ការដកហូតសេរីភាព ឯករាជ្យភាព​តុលាការ ការ​សម្លាប់​មនុស្សក្រៅប្រព័ន្ធ សិទ្ធិនយោបាយ និងការបោះឆ្នោត ការជួញដូរមនុស្ស ជាដើម គឺសុទ្ធសឹងជាប្រធានបទសំខាន់ៗដែលត្រូវបានលើក​ក្នុង​កិច្ចប្រជុំ​លើកទី១៣៤របស់​គណៈកម្មាធិការ​សិទ្ធិមនុស្សអន្តរជាតិ​ជុំទី៣។

បើតាម​គណកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា គឺគណប្រតិភូកម្ពុជាមានឱកាសគ្រប់​គ្រាន់​ក្នុង​ការបំភ្លឺ បក​ស្រាយ និងពន្យល់​បន្ថែមលើ​ប្រធានបទទាំងអស់នេះ ហើយទុកវេទិកានេះថា ជាកិច្ច​សន្ទនាមាន​លក្ខណៈ​ស្ថាបនា។

បើតាម​តំណាងរដ្ឋាភិបាលកម្ពុជា កិច្ចសន្ទនាបែប​ស្ថាបនានេះ បានផ្តល់ជាវេទិកា​សម្រាប់​កម្ពុជាដែល​រដ្ឋ​នៃ​ភាគីICCPR ក្នុង​ការ​បង្ហាញ​នូវ​សមិទ្ធិផលនានា​ដែល​សម្រេច​បាន ដើម្បី​ពន្យល់​បក​ស្រាយ ​ចំពោះ​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

​សូមបញ្ជាក់ថា ក្រោយពីកិច្ចសន្ទនានេះ គណៈកម្មាធិការ សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​នឹង​ចេញអនុសាសន៍ផ្សេងៗ សម្រាប់​ឲ្យ​រដ្ឋ​នៃភាគី​ពិនិត្យ និង​ពិចារណា​ក្នុង​ការ​អនុវត្តន៍​បន្តទៀត ដើម្បី​ធ្វើ​ឲ្យ​សិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ​កាន់​តែ​ប្រសើរថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ