អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវីការពាររដ្ឋាភិបាល៖ការដែលថាតុលាការមិនមានភស្តុតាងករណី លោក កឹម សុខា គឺជាការបំភ័ន្តមតិ

ក្រុម​មេធាវី​ការពារ​ក្តីឲ្យ​រដ្ឋាភិបាល​កម្ពុជា ​កាលពី​ល្ងាចម្សិលមិញ​នេះ​ បានចេញ​សេចក្តីបំភ្លឺ​ លើ​សំណុំរឿង​លោក កឹម សុខា ​ដែល​ត្រូវបាន​ជាប់ចោទ​ពីបទ​ «សន្ទិដ្ឋិភាព​ជាមួយបរទេស»។ ​ប្រតិកម្ម​តប​ពីសំណាក់​ក្រុមមេធាវី​ការពារក្តី​ឲ្យរដ្ឋាភិបាល គឺ​ធ្វើឡើងបន្ទាប់​ពី​លោក កឹម សុខា បាន​ប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅមុនទៅចូលរួមសវនាការនៅ​ថ្ងៃទី២មីនាថា តុលាការ​នៅ​មិនមាន​ភស្តុតាង​ដាក់​បន្ទុក​លើ​ការចោទប្រកាន់លោក​នៅឡើយ ខណៈឈ្មោះប្រទេស​ដែល​ចោទថា​ជាប់ពាក់ព័ន្ធនោះ គឺមិនត្រូវបានបញ្ចេញ។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនធ្វើដំណើរទៅតុលាការកាលពីឆ្នាំ២០២០
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនធ្វើដំណើរទៅតុលាការកាលពីឆ្នាំ២០២០ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នាំមុខដោយមេធាវី គី តិច ក្រុមសហមេធាវីការពារក្តីឲ្យ​រដ្ឋាភិបាលកម្ពុជា​ចំនួន៤រូប បានកត់​សំគាល់ថា រយៈពេលថ្មីៗនេះ ជាពិសេសក្រោយពេលសវនាការកាល ពីថ្ងៃទី២៣ ខែកុម្ភៈ និង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សហមេធាវីការពារក្តីលោក កឹម សុខា បានព្យាយាមបំភ្លៃការពិតថា តុលាការពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ ក្នុងបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌឡើយ។ 

បើតាមមេធាវីដើមបណ្តឹង តាមគោលការណ៍នីតិវិធីព្រហ្មទណ្ឌកម្ពុជា គ្រប់ភាគីទាំងអស់ក្នុងសំណុំរឿងអាចដាក់បញ្ចូលភស្តុតាងដោយសេរីជូនតុលាការពិនិត្យ និងពិភាក្សាដេញដោល ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការដាក់បន្ទុក ឬដោះបន្ទុក និងសន្និដ្ឋាន។ ជាក់ស្តែងនីតិវិធីដែលបានអនុវត្តក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ គឺស្ថិតក្នុងដំណាក់កាល ពិនិត្យលើភស្តុតាង ដែលបានដាក់ចូលតុលាការដោយជនជាប់ចោទ និងសហមេធាវីការពារក្តីលោក កឹម សុខា ហេតុដូច្នេះពុំមានភាពចម្លែកទេ ដែលជនជាប់ចោទកំពុងប្រឹងប្រែងធ្វើការដោះបន្ទុកពីការចោទប្រកាន់ និងការដាក់បន្ទុកដែលមានភាពរឹងមាំពីតំណាងអយ្យការ។

ក្រុមមេធាវីការពាររដ្ឋាភិបាល បានហៅ ការព្យាយាមផ្សព្វផ្សាយរបស់សហមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺគ្រាន់តែជាចេតនាបំភ្លៃ និងបំភ័ន្តមតិសាធារណៈជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។

ប្រាប់វិទ្យុបារាំងអន្តរជាតិRFI​នៅថ្ងៃទី៤មីនា លោកស្រី ម៉េង សុភារី សហមេធាវីការពារ​ក្តី​លោក កឹម សុខា ថ្លែងថា រហូតមកដល់ពេលនេះគឺនៅមិនមានភស្តុតាង​គ្រប់គ្រាន់​ចោទ​ប្រកាន់​កូនក្តី​របស់លោកស្រីនៅឡើយ​គឺមានតែវីដេអូខ្លីៗដែលគេកាត់ត។ លោកស្រីអះអាងថាលោក​ កឹម សុខា មិនបានឃុបឃិត​នឹងបរទេសណាដើម្បីបំផ្លាញប្រទេសកម្ពុជាឡើយ។

សូមបញ្ជាក់ថា នៅមុនទៅចូលរួមសវនាការនៅ​ថ្ងៃទី២មីនា២០២២ លោក កឹម សុខា បានប្រាប់​ក្រុម​អ្នក​សារព័ត៌មានជាតិ និងអន្តរជាតិ​ដែលទៅរង់ចាំមុខផ្ទះរបស់លោកថា តុលាការ​នៅ​មិនមាន​ភស្តុតាង​ដាក់​បន្ទុក​លើ​ការចោទប្រកាន់លោក​នៅឡើយ ខណៈឈ្មោះប្រទេស​ដែល​ចោទថា​ជាប់ពាក់ព័ន្ធនោះ គឺមិនត្រូវបានបញ្ចេញ។ ដោយ​ប្រកាសគាំទ្រចំពោះអ្វីដែលោក ហ៊ុន សែន អំពាវនាវឲ្យមានការចរចាគ្នារក​ដំណោះស្រាយនៃជម្លោះផ្ទៃក្នុងភូមា និងជម្លោះ​ផ្ទៃក្នុង​អាហ្គានីស្ថាន លោកកឹម សុខា ជឿថា​ ករណីរបស់លោកគឺមានតែការ​ចរចាទេ ទើបតុលាការអាចរកយុត្តិធម៌ជូនលោកពិតប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ