អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកនាំពាក្យហ្វ៊ុនស៊ិនប៉ិចថា បក្សមិនចាប់អារម្មណ៍នឹងការកៀងគរហៅមន្ត្រីខ្លួនចុះចូលបក្សខ្មែររួបរួមជាតិទេ

អ្នកនាំ​ពាក្យ​គណបក្សហ្វ៊ុនស៊ិនប៉ិច​ នៅថ្ងៃ​ព្រហស្បតិ៍​ទី៣មីនានេះ ​បានបង្ហាញ​ជំហរ​មិនចាប់​អារម្មណ៍​នឹងការ​ប្រកាស​កៀងគរ​ មន្ត្រី​របស់​ខ្លួនចុះចូល​ជាមួយ​គណបក្ស​ខ្មែររួបរួម​ជាតិនោះទេ។​ មិន​ត្រឹមតែមិនចាប់​អារម្មណ៍​ អ្នកនាំពាក្យ​ដដែល​អះអាងថា​ គណបក្សហ្វ៊ុនស៊ិនប៉ិច​ កំពុង​តែមមាញឹករៀបចំ​រចនាសម្ព័ន្ធ​ត្រៀមខ្លួន​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់​ នៅថ្ងៃទី៥​មិថុនា​ឆ្នាំ២០២២​ខាងមុខ​ ដោយ​ដាក់បេក្ខភាព​មន្ត្រីឃុំ​សង្កាត់​ប្រមាណ៧០ភាគរយ​ក្នុង​ចំណោម​សមាជិក​គាំទ្រជាង​៤០ម៉ឺននាក់។

គណបក្សហ្វ៊ុនស៊ិនប៉ិច (រូបតំណាង)
គណបក្សហ្វ៊ុនស៊ិនប៉ិច (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ជំហររបស់គណបក្សហ្វ៊ុនស៊ិនប៉ិចបែបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពី ក្រុមអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានសម្តេចក្រុមព្រះបណ្តេញចេញបានធ្វើសន្និសីទសារព័ត៌មាន ដោយបរិហារជម្លោះផ្ទៃក្នុងគណបក្សហ្វុនស៊ិនប៉ិច កាលពីរសៀលថ្ងៃពុធទី២មីនាម្សិលមិញ។  លោក ញ៉េប ប៊ុនជិន ជាអតីតសមាជិកគណៈកម្មាធិការនាយកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានគូសបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មាននោះថា គណបក្សរាជានិយមមួយនេះ បានចុះខ្សោយយ៉ាងខ្លាំងព្រោះតែគ្មានការបង្រួបង្រួមគ្នា បន្ទាប់ពីសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិសោយទីវង្គត។

ក្រោយបរិហា លោក ញ៉េប ប៊ុនជិន ក៏បានប្រកាសពីចូលរួមធ្វើនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ។ គណបក្សខ្មែររួបរួមជាតិដឹកនាំដោយ លោក ញឹក ប៊ុនឆៃ ត្រូវបានក្រុមមន្ត្រីបក្សហ្វ៊ុនស៊ិនប៉ិចថា មានគោលការណ៍គាំទ្ររបបរាជានិយម និងថា ការចូលរួមធ្វើនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិនេះ គឺដើម្បីផ្តុំកម្លាំង សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ បន្ថែមលើលោក ញ៉េប ប៊ុនជិន និងមន្ត្រីឯទៀតក៏បានប្រកាសកៀងគរ មន្ត្រីជាន់ខ្ពស់ជាច្រើន រួមទាំងអតីតសមាជិកគាំទ្របក្សដទៃទៀត ប្រមាណ៤០ម៉ឺននាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិទៀតផង។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បត្តិ៍ទី៣មីនានេះលោក ញឿន រ៉ាដែន មិនភ្ញាក់ផ្អើនឹងការប្រកាសចុះចូលជាមួយគណបក្សខ្មែររួបរួមជាតិពីសំណាក់ក្រុមមន្ត្រីអតីតគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលនាំដឹកនាំដោយលោក ញ៉េប ប៊ុនជិន នោះទេ។ មិនចាប់អារម្មណ៍ក៏ព្រោះតែពួកគេត្រូវបានគណបក្សបញ្ចប់សមាជិកភាពរួចទៅហើយ។ ហើយដោយឡែកសម្រាប់ផ្ទៃក្នុងគណបក្សទាំងមូលក៏មិនមានរកាំរកូសអ្វីដែលក្រោយការបណ្ដេញមន្ត្រីមួយក្រុមនេះចេញ។ នេះបើតាមលោករ៉ាដែន។

ជាការកត់សម្គាល់ ការប្រកាសចូលគណបក្សខ្មែររួមរួបជាតិរបស់អតីតក្រុមមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចនេះ ធ្វើឡើងបន្ទាប់ពីគណបក្សហ្វុនស៊ិនប៉ិចបានបោះឆ្នោតជ្រើសរើស ព្រះអង្គម្ចាស់ ចក្រាវុធ បុត្ររបស់សម្តេចក្រុមព្រះ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី៩កុម្ភៈ។  បើនិយាយដល់ការបែកបាក់ផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច សឹងតែលែងក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍តាមដានសម្រាប់អ្នកវិភាគនយោបាយនៅកម្ពុជាទៀតហើយ។ ជាគណបក្សដែលធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ដោយ​សំឡេង​ច្រើន​លើស​លប់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣​ ក្នុង​អាសនៈ​ចំនួន​៥៨​នៃ​អាសនៈ​សរុប​ចំនួន​១២០ ប្រែជាធ្លាក់​ដល់​សូន្យ​គ្មានអាសនៈនៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣​ និង​ការ​បោះឆ្នោតឆ្នាំ​២០១៨ ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ