អានតួអត្ថបទ
កម្ពុជា-នយោបាយ

ករណីរុស្ស៊ី-អ៊ុយក្រែន៖ លោក ហ៊ុន សែន ជំទាស់នឹងការប្រើប្រាស់កម្លាំង និងការគម្រាមប្រើប្រាស់កម្លាំងប្រឆាំងភាគី១ទៀត

ដោយសំដៅ​ទៅលើ​សង្គ្រាម​រវាងរុស្ស៊ី ​និងអ៊ុយក្រែន​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ជាថ្មី​ម្តង​ទៀត​បានលើកឡើង​ថាលោក​មិនគាំទ្រ​ការប្រើប្រាស់​កម្លាំង​ ឬការ​គម្រាម​កំហែង​ប្រើប្រាស់ក​ម្លាំងពីភាគីមួយ​ប្រឆាំងភាគីមួយទៀត​ និង​មិនលើកទឹក​ចិត្តឲ្យមាន​ការផ្តល់ជំនួយ​យោធាទៅកាន់​ភាគីណាមួយឡើយ។​ ជំហរ​ផ្លូវការ​របស់​លោកនាយករដ្ឋមន្ត្រី​ ក្នុងនាម​ប្រទេសកម្ពុជា​ដូច្នេះ ​ធ្វើឡើង​ខណៈពេល​ដែល​លោកធ្វើ​ជាអធិបតីនៃ​ពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ផ្លូវជាតិ​លេខ៣​ ភ្នំពេញ-កំពត​ នាព្រឹក​ថ្ងៃពុធ​ ទី២ខែមីនានេះ។​

សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន​ (រូបតំណាង)
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន​ (រូបតំណាង) AP - Oleksandr Ratushniak
ផ្សាយពាណិជ្ជកម្ម

ដូចដែលលោកធ្លាប់លើកឡើងកន្លងមកនៅឯអង្គការសហប្រជាជាតិ នៅឯចលនាមិនចូលបក្សសម្ព័ន្ធ និងនៅវេទិកាត្បូង ត្បូង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាលោកមិនលើកទឹកចិត្ត និងជំទាស់ចំពោះការប្រើប្រាស់កម្លាំង ឬការគម្រាមកំហែងប្រើប្រាស់កម្លាំងប្រឆាំងនឹងភាគីមួយទៀត។

លោកនាយករដ្ឋមន្ត្រីកត់សម្គាល់ថា ការវាយប្រហារពីសំណាក់រុស្ស៊ីលើអ៊ុយក្រែន ពេលនេះកំពុងក្លាយជា អឺរ៉ុបនីយកម្មសង្គ្រាមជាមួយរុស្ស៊ី ដោយសារតែលោកទទួលស្គាល់ថាពីដំបូងគឺជារូបភាពនៃការវាយប្រហារពីរុស្ស៊ីលើអ៊ុយក្រែនពិតប្រាកដ។ ក៏ប៉ុន្តែពេលនេះ មិនដូច្នោះទេ តាមលោក ហ៊ុន សែន ប្រទេសនានានៅអឺរ៉ុបបាននាំគ្នាលើកទឹកចិត្តប្រគល់ទាំងមនុស្សឲ្យទៅជួយច្បាំងនៅអ៊ុយក្រែន ផ្តល់ជំនួយយោធាទាំងអាវុធ និងយន្តហោះចម្បាំង រួមទាំងអ្នកបើកបរយន្តហោះប្រយុទ្ធថែមទៀត។ ទិដ្ឋភាពបែបនេះ លោកថា មិនមែនជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៀតទេ គឺវាជាសង្គ្រាមរវាងរុស្ស៊ី និងអឺរ៉ុប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបញ្ជាក់ថា«គេមិនអាចយកសង្គ្រាមទៅបញ្ជប់សង្គ្រាមបានទេ» ហើយភាគីទាំង២ មិនអាចផ្តួលរំលំ និងកំទេចកម្លាំងយោធាគ្នាទៅវិញទៅមកបានទេ ដោយលោកលើកបទពិសោធន៍ថាអ៊ុយក្រែនកំពុងប្រើយុទ្ធវិធីសង្គ្រាមឈ្លប ដោយវាយកាត់ផ្តាច់ក្បួនទ័ពរុស្ស៊ីជាកង់ៗ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាលោកពិបាកនឹងប្រកាន់ជំហរឥរិយាបទរបស់កម្ពុជា ដោយសារនេះជាអន្តរជាតូបនីយកម្មសង្គ្រាម។ លោកសង្ឃឹមថាភាគីទាំងសង្ខាង ដែលជាមិត្តភក្តិ នឹងយោគយល់ដល់ជំហរកម្ពុជា ដែលត្រូវប្រកាន់យកនៅតាមវេទិកាអន្តរជាតិនានា ដោយមិនគួរចាប់បង្ខំកម្ពុជាឲ្យទៅគាំទ្រភាគីម្ខាងៗនោះទេ។

ទោះយ៉ាងណា លោក ហ៊ុន សែន នៅតែលើកទឹកចិត្ត និងមានការជឿជាក់លើការចរចាដូចជាការអំពាវនាវរបស់អាស៊ានកាលពីពេលថ្មីៗនេះដែរ បើទោះណាជាការចរចារបស់ប្រតិភូទីក្រុងគៀវ និងម៉ូស្គូជុំទី១មិនមានលទ្ធផលក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ