អានតួអត្ថបទ
កម្ពុជា-នយោបាយ

ករណីរុស្ស៊ី-អ៊ុយក្រែន៖ លោក ហ៊ុន សែន គ្មានជំនឿថាអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាលពីរាត្រី​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​លើកឡើង​ថា កងទ័ព​រុស្ស៊ី ​ប្រហែលជា​មិនអាច​ផ្តួលរំលំអ៊ុយក្រែន​ និង​បញ្ចប់​សង្គ្រាម ​តាមរយៈការ​ប្រើប្រាស់​កំលាំងយោធា​បានទេ។​ ថ្លែង​ប្រាប់កាសែត​អនឡាញហ្វ្រែស​ញូ ​លោក ហ៊ុន សែន​ បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថាភាគីទាំងពីរ​មានតែច្រកចេញ​មួយគត់​ គឺការចរចា​ដោះស្រាយ​គ្នាដោយសន្តិវិធី។​

សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន (រូបតំណាង)
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន (រូបតំណាង) © AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន លោកនាយករដ្ឋមន្ត្រី ហ៊ុន​សែន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា កងទ័ពរុស្ស៉ី ប្រហែលជាមិនអាចផ្តួលរំលំអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯយោធារបស់អ៊ុយក្រែនក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្គ្រាមបញ្ចប់សង្រ្គាមបាននោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី។ នេះជាការលើកឡើងរបស់លោក ហ៊ុន សែន ទៅកាន់កាសែតអនឡាញហ្វ្រែសញូ។

លោក ហ៊ុន សែន មើលឃើញថា ការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារវាងអ៊ុយក្រែន និងរុស្ស៉ី រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងយោធារបស់រុស្ស៉ីសម្លាប់យោធារបស់អ៊ុយក្រែន មិនដល់១០០០នាក់នោះទេ បើទោះបីចូលកាន់កាប់ទីក្រុងមួយចំនួនក៏ដោយ តើត្រូវការរយៈពេលប៉ុន្មានថ្ងៃ និងកងទ័ពច្រើនប៉ុន្មាន ទើបអាចឈ្នះសង្រ្គាម ឬបញ្ចប់សង្រ្គាមនេះ ប្រហែលជាមិនអាចនោះទេ បើទោះបីរុស្ស៉ីចូលកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូល និងប្រធានាធិបតីត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួនក៏ដោយ។ លោកនាយករដ្ឋមន្ត្រី ចោទសួរថា តើប្រជាជនអ៊ុយក្រែនសុខចិត្តនៅស្ងៀមទេ ប្រជាជនអាចនឹងក្រោកឡើងតស៊ូ ដើម្បីប្រទេសរបស់ពួកគេ ចូរក្រឡេកមើលប្រទេសមួយចំនួនដូចជា អ៊ីរ៉ាក់ ស៊ីរី លីប៊ី តើរហូតមកដល់ពេលនេះបានបញ្ចប់សង្រ្គាម ទទួលបានសន្តិភាពហើយឬនៅ?

លោក ហ៊ុន សែនថា រុស្ស៉ី អាចនឹងផុងខ្លួននៅក្នុងទឹកដីអ៊ុយក្រែន ប្រសិនរុស្ស៉ីត្រូវទុកកងទ័ពរយៈពេលយូរក្នុងទឹកដីអ៊ុយក្រែន ដែលមានជាបទពិសោធន៍រួចហើយសម្រាប់កងទ័ពសូវៀត នៅអាហ្វហ្គានីស្ថាននាទសវត្សរ៍១៩៨០ និងកងទ័ពអាមេរិកនិងណាតូ នៅអាហ្វហ្គានីស្ថានក្នុងសតវត្សទី២១។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កិច្ចការសំខាន់បំផុតនៅចំពោះមុខនោះ គឺការចរចាដោយសន្តិវិធី ដោយផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។ លោក ហ៊ុន សែន រំលឹកដោយលោកគ្មានជំនឿថាយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបានទេ។

សូមបញ្ជាក់ថាការបញ្ចេញទស្សនៈរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពេលនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដែលមាន២ចំណុច ដោយចំណុចទី១ រដ្ឋមន្ត្រីការបរទេសអាស៊ានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឲ្យអស់សមត្ថភាព ហើយបន្តការសន្ទនាគ្នាតាមគ្រប់ច្រក ដោយគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

រីឯចំណុចទីពីរវិញ សេចក្តីថ្លែងការណ៍ ក៏បានស្នើឲ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់ ដើម្បីភាពស្ថិតស្ថេរនៃសន្តិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ