អានតួអត្ថបទ
កម្ពុជា-នយោបាយ

មន្ត្រីអតីតបក្សសង្រ្គោះជាតិទទួលបានសិទ្ធិនយោបាយប៉ុន្មានរូបចុងក្រោយ ចូលប្រឡូកនយោបាយជាមួយបក្សភ្លើងទៀន

មន្ត្រីនៃ​អតីតគណបក្សសង្រ្គោះជាតិ​ ដែល​ទទួលបាន​សិទ្ធិធ្វើនយោបាយ​ឡើងវិញ​ មួយចំនួន​ចុងក្រោយនេះ ​បានចាប់​ផ្តើមចូល​ប្រឡូកនយោបាយ​ជាថ្មីជាមួយ​នឹងគណបក្ស​ភ្លើងទៀន។​ នេះបើតាម​ការអះអាង​របស់ប្រធាន​ស្តីទីគណបក្សភ្លើងទៀន។​ បើតាម​ប្រធានស្តីទីបក្សភ្លើង​ទៀន​ នេះមកពីបក្ស​របស់ខ្លួន​ មានគោល​នយោបាយ​លំនាំទៅនឹង​អតីត​គណបក្ស​សង្រ្គោះជាតិ។​

មន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ
មន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមមន្ត្រីដែលទទួលសិទ្ធិនយោបាយឡើងវិញ មានមន្ត្រីមួយចំនួនធំបានចូលមករួមជីវភាពនយោបាយជាថ្មីជាមួយគណបក្សភ្លើងទៀន។ នេះបើតាមលោកថាច់ សេដ្ឋា ប្រធានស្តីទីគណបក្សភ្លើងទៀន បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រទី២៥កុម្ភៈនេះ។ លោក ថាច់ សេដ្ឋា បញ្ជាក់ថា ភាគច្រើននៃមន្ត្រីអតីតគណបក្សសង្រ្គោះជាតិ មួយចំនួនចុងក្រោយដែលទើបទទួលបានការផ្តល់នីតិសម្បទានយោបាយឡើង មានជាអាទិ៍ លោកមេធាវី កែត ឃី លោកចាន់ ចេង និងលោកស្រី ពត ពៅ អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល សុទ្ធតែបានចូលរួមជាមួយបក្សភ្លើងទៀន។

អ្នកទាំងបីរូបនេះ ជាមន្ត្រីនៃអតីតបក្សសង្រ្គោះជាតិ ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីថ្ងៃទី១៥កុម្ភៈ ក្រោយតែពីជាប់បម្រាមអស់រយៈពេល៥ឆ្នាំ។

ប្រធានស្តីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា លើកឡើងថា មូលហេតុដែលមន្ត្រីមួយចំនួនទទួលសិទ្ធិនយោបាយចុងក្រោយចូលរួមជាមួយគណបក្សភ្លើងទៀន ព្រោះគណបក្សមួយនេះមានគោលនយោបាយដូចទៅនឹងអតីតគណបក្សសង្រ្គោះជាតិកាលពីមុន។

ក្នុងចំណោមមន្ត្រីអតីតគណបក្សសង្រ្គោះជាតិចំនួន១១៨រូប ដែលជាប់បម្រាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ មានមន្ត្រីចំនួន៣២រូបហើយដែលទទួលនីតិសម្បទាឡើងវិញ។ ក្នុងនោះមានមន្ត្រីខ្លះបានចេញទៅបង្កើតគណបក្សថ្មី ខ្លះចូលរួមជាមួយគណបក្សនយោបាយផ្សេងៗ ឯខ្លះទៀតក៏មិនទាន់ប្រាកដប្រជានៅឡើយ។

លោក ថាច់ សេដ្ឋា បញ្ជាក់ថា អ្នកដែលទទួលសិទ្ធិនយោបាយមុនៗភាគច្រើនបានបង្កើតគណបក្សដោយខ្លួនឯង ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។ រីឯសម្រាប់គណបក្សភ្លើងទៀនវិញ ប្រធានស្តីទីរូបនេះ លើកឡើងថានឹងព្យាយាមប្រមូលប្រមែមន្ត្រីចាស់ៗអតីតបក្សសង្រ្គោះជាតិ មកចូលរួមជាមួយជាបន្តទៀត។

បើតាមលោក ថាច់ សេដ្ឋា បក្សភ្លើងទៀននឹងសម្រេចពេលណាមួយខាងមុខ ថាចូលរួមការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ ប្រសិនបើមន្ត្រីដែលចូលរួមនយោបាយជាមួយបង្ហាញការគាំទ្រ។

គួរបញ្ជាក់ថា ក្រៅតែពីមន្ត្រីមួយចំនួនដែលទទួលសិទ្ធិធ្វើនយោបាយឡើងវិញចូលរួមជាមួយបក្សភ្លើងទៀន ក៏មានមេដឹកនាំសហជីពមួយរូបបានបង្ហាញការគាំទ្របក្សមួយនេះ ថាអាចប្រកួតប្រជែងជាមួយបក្សកាន់អំណាច។ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា កាលពីពេលកន្លងទៅ បានចេញលិខិតជាសាធារណៈ ដោយប្រកាសជំហរគាំទ្រគណបក្សមួយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ