អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកឃ្លាំមើល៖ គួរតែដាក់ពិន័យលើមន្ត្រីរាជការដែលទៅបម្រើបក្សក្នុងម៉ោងរដ្ឋ

អ្នកឃ្លាំមើលខាងប្រជាធិបតេយ្យបានស្វាគមន៍ ការដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំទៅមន្រ្តីរាជការស៊ីវិលកុំឲ្យយកម៉ោងបម្រើការងាររដ្ឋ ទៅបម្រើឲ្យសកម្មភាពគណបក្សណាមួយ។ ប៉ុន្តែសម្រាប់អ្នកឃ្លាំមើល ដើម្បីឲ្យសេចក្តីណែនាំនេះ មានប្រសិទ្ធភាព គឺគួរតែដាក់ពិន័យលើមន្ត្រីរាជការណាដែលទៅបម្រើបក្សក្នុងម៉ោងរដ្ឋ ខណៈក្នុងច្បាប់ស្តីពីសហលក្ខខន្តិកៈមន្ត្រីរាជការក៏បានហាមប្រាមផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ © FB
ផ្សាយពាណិជ្ជកម្ម

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ថ្ងៃសុក្រនេះថា នៅក្នុង​ច្បាប់ស្តីពីសហ​លក្ខខន្តិកៈ​មន្ត្រី​រាជការគឺបាន​ចែង​មិន​ឲ្យ​មន្ត្រី​រាជការ​ស៊ីវិល​យក​ម៉ោង​រដ្ឋ សំភារៈ​របស់​រដ្ឋ​ទៅ​បម្រើ​ឲ្យ​ការងារ​បុគ្គល ឬការងារ​គណបក្ស​ណាមួយ​នោះឡើយ។ ការ​ហាម​ប្រាម​យ៉ាងដូច្នេះគឺដើម្បី​ជៀសវាង​កុំឲ្យ​កើត​ទំនាស់​ផល​ប្រយោជន៍ និង​ធ្វើ​ឲ្យ​មាន​អំពើអយុត្តិធម៌ ទោះបីជាពលរដ្ឋ​ម្នាក់​ៗ​មាន​សិទ្ធិ​ជ្រើស​រើស​ឬគាំទ្រគណបក្ស​នយោបាយ​ណាមួយ​ក៏ដោយ។

ដើម្បី​ឲ្យ​សេចក្តីណែនាំ​មាន​ប្រសិទ្ធ​ភាព លោកបណ្ឌិត ប៉ា ច័ន្ទរឿន លើក​ឡើង​ថា ក្រសួង​មហា​ផ្ទៃ​ត្រូវ​មាន​យន្ត​ការតាម​ដាន​ការ​អនុ​វត្តន៍ជាក់​ស្តែង ហើយ​ប្រសិន​បើ​មានករណី​មន្ត្រីណាមួយ​បំពាបំពាន​នឹង​បំរាមនេះ គួរតែ​ធ្វើ​ការដាក់ពិន័យ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ លោក ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ បានចេញ​លិខិតមួយណែនាំទៅមន្រ្តីរាជការស៊ីវិល កុំឲ្យយកម៉ោងបម្រើការងាររដ្ឋ ទៅបម្រើឲ្យសកម្មភាពគណបក្សណាមួយ។ ការណែនាំនេះ ធ្វើឡើង នៅខណៈដែល​មន្ត្រី​រាជការ​មួយ​ចំនួន បានសុំច្បាប់ឈប់សម្រាករបស់មន្រ្តីរាជការស៊ីវិល និងការសុំច្បាប់ឈប់ពិសេសរបស់មន្រ្តីរាជការស៊ីវិល ដើម្បីបានឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ក្រៅពីមិនឲ្យទៅបម្រើការងារឲ្យគណបក្សនយោបាយនៅក្នុងម៉ោងធ្វើការងាររដ្ឋ លោក ស ខេង ក៏បានហាមប្រាមផងដែរ មិនឲ្យប្រើប្រាស់ថវិកា សម្ភារៈ ទីកន្លែង និង មធ្យោយដឹកជញ្ជូនរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយឡើយ។

 លោក​រដ្ឋមន្ត្រីមហាផ្ទៃ ក៏បានដាស់តឿន មន្រ្តីរាជការស៊ីវិលទាំងអស់ ឲ្យមានអព្យាក្រឹតក្នុងសកម្មភាពការងារស្របតាមច្បាប់ស្តីពីការលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ហើយនៅក្នុងរយៈពេលឃោសនាបោះឆ្នោត មន្រ្តីរាជការស៊ីវិល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា និង នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ចំពោះមន្រ្តីរាជការ ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មន្រ្តីរាជការនោះ ត្រូវដាក់ពាក្យសុំឈប់ពិសេស ឲ្យបានយ៉ាងតិចមុន៧ថ្ងៃ នៃការមកដល់ថ្ងៃបើកយុទ្ធនាការឃោសនា ខណៈ ការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានរយៈពេល១៤ថ្ងៃ នឹងចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ