អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែនជំរុញឲ្យចៅរបស់គាត់ប្រកួតប្រជែកយកតំណែងនាយករដ្ឋមន្ត្រីបន្តនៅ២០ឆ្នាំក្រោយ

នៅពេល​វេលាមកដល់​ លោក​នឹងក្លាយ​ជាឪ​របស់​នាយករដ្ឋមន្ត្រី​ និងបាន​ដាក់​បញ្ញត្តិ​ឲ្យចៅ​របស់​លោក​ត្រូវ​តែប្រកួត​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​២០ឆ្នាំ​ក្រោយ ។​ នេះគឺ​ជាការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ជាថ្មី​ទៀត​នៅព្រឹក​នេះ ​ដោយអះអាង​ទៀតថា ​លោកមិនអាច​ទទួល​យកបានទេ​ នៅពេល​ដែលមាន​គេប្រមាថ​ភរិយា ​និងកូន​ប្រុសរបស់​លោក។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជិះឡានទាហាន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជិះឡានទាហាន © FB/SPM
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តចោទជាសំនួរថារឿងអីកូនគេធ្វើបាន ហើយកូនរបស់លោក ឬចៅរបស់លោក ដែលទទួលបានការបណ្តុះបណ្តាលដែរ ហេតុអ្វីធ្វើមិនបាន? ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបញ្ជាក់ដែរថា បើកូនរបស់លោកធ្វើអំពើអាក្រក់លោកមិនអាចគាំទ្របានទេ ពោលគឺលោកមិនអាចឲ្យគណបក្សប្រជាជនត្រូវបំផ្លាញដោយ​កូន​ប្រុសរបស់លោកទេ ហើយលោកក៏មិនទុកឲ្យប្រជាពលរដ្ឋត្រូវទទួលរងការបំផ្លាញដោយកូនរបស់លោកដែរ។ នេះគឺជាការឡើងរបស់លោក ហ៊ុន សែន នៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈនេះ។

លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ទាល់តែឥស្សរៈជននយោបាយ ដែលបានឡើងធ្វើជានាយករដ្ឋមន្ត្រីមានស្នាដៃ ឬមានការគិតគូដល់តម្រូវការរបស់ប្រជាពលរដ្ឋបានច្រើនទើបអាចកាន់តួនាទីបានយូរ។ ប្រសិនបើមិនបានបំពេញកាតព្វកិច្ចទាំងនេះទេ ដូច្នេះការគិតថាអាចបន្តតំណែងនេះរហូតដល់ចៅគឺគ្រាន់តែជាការស្រមៃ។

លោក ឯម សុវណ្ណារ៉ា បន្តថាបើមានបរិយាកាសបោះឆ្នោតត្រឹមត្រូវ ដូចកាលឆ្នាំ២០១៣ គណបក្សប្រជាជនមានការប្រកួតប្រជែងមួយប្រកិតប្រកើយទៅហើយ ដូច្នេះទម្រាំតែមានវត្តមានកូនរបស់គាត់មកប្រកួតប្រជែងដោយស្មើភាព គឺមិនប្រាកដថាមានការគាំទ្រពេញលិញដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬយ៉ាងណាទេ! អាស្រ័យលើការពិចារណាទាំងអស់គ្នា ព្រោះយុវជនបច្ចុប្បន្នមានការយល់ដឹងខុសពីមនុស្សជំនាន់មុន ដែលស្ថិតនៅក្នុងរបត់សង្គ្រាម និងបាក់ស្បាត។ បើតាមលោក ឯម សុវណ្ណារ៉ា យុវជនបច្ចុប្បន្នបានអាន បានដឹងច្រើនពិបរិយាកាសសកលលោក និងអ្វីជាតម្រូវការរបស់ពួកគេ។

ជុំវិញរឿងប្រមាថភរិយា និងកូនប្រុសវិញ! លោក ហ៊ុន សែន អះអាងថាលោកមិនអាចទទួលយកបានទេ នៅពេលដែលគេប្រមាថភរិយា និងកូនប្រុសរបស់លោកថាជាប្រពន្ធ និងកូនរបស់មេដឹកនាំវៀតណាម ហើយបើលោកមិនប្រតិកម្មគឺលោកមិនមែនជាមនុស្សទេ។ លោកធ្លាប់បញ្ជាក់ប្រាប់មេដឹកនាំប្រទេសមួយចំនួនថាការចោទប្រកាន់នេះ គឺមិនអាចទទួលយកបាន។ ចំពោះរឿងដដែលនេះ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា បើអ្នកចោទប្រកាន់ពាក្យទាំងនេះ មិនមានការប៉ះប៉ូវឲ្យលោកទេ ទោះបីជាតិក្រោយចាប់ជាតិក៏ត្រូវប្រយុទ្ធគ្នានៅពេលនោះ ព្រោះមិនអាចទទួលយកការប្រមាថបែបនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ