អានតួអត្ថបទ
កម្ពុជា-នយោបាយ

សវនាការលោកកឹម សុខា បន្តជំនុំជម្រះ ដោយមេធាវីអះអាងថា មេបក្សប្រឆាំងរូបនេះ គ្មានប្រព្រឹត្តអ្វីខុស ដូចការចោទប្រកាន់

សវនាការ​លោក ​កឹម សុខា ​បាន​បន្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ ទី​១៦​កុម្ភៈ ​ក្រោយ​អាក់ខាន​កាល​ពី​សប្តាហ៍​កន្លង​ទៅ ​ដោយ​មូលហេតុ​មេធាវី​ដើម​បណ្តឹង​វិជ្ជមាន​កូវីដ១៩​។ សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ​ សំណុំ​រឿង​លោក​កឹម សុខា ​បាន​លើក​មក​ជជែក​វែក​ញែក​លើ​ភស្តុតាង​ជា​វីដេអូ​មួយ​ចំនួន​ ដើម្បី​ដោះ​បន្ទុក​នៃ​បទចោទ​របស់​តុលាការ​។ នេះ​បើ​តាម​ក្រុម​សហមេធាវី​ លោក កឹម សុខា ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ​ក្រោយ​អង្គ​ជំនុំ​ជម្រះ​។ ជា​លទ្ធផល​ ក៏​មាន​អ្វី​ជា​ដុំ​កំភួន​ដែរ​ ដោយ​សវនាការ​នេះ​ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៣​កុម្ភៈ​ជា​បន្ត​ទៀត​។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនធ្វើដំណើរទៅតុលាការកាលពីឆ្នាំ២០២០
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនធ្វើដំណើរទៅតុលាការកាលពីឆ្នាំ២០២០ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់អ្នកសារព័ត៌មាន ពីមុខសាលាដំបូងរាជធានីភ្នំពេញ លោក ផែង ហេង មេធាវីការពារក្តីមួយរូបរបស់លោកកឹម សុខា បានបញ្ជាក់ថា សវនាការនៅថ្ងៃនេះ ក្រុមមេធាវីការពារក្តីលោកកឹម សុខា បានដាក់បង្ហាញវីដេអូខ្លីប ទី៧ដល់ទី១៥ ដើម្បីដោះបន្ទុកទៅនឹងបទចោទប្រកាន់របស់តុលាការក្រុងភ្នំពេញ។ ជាវីដេអូដែលបង្ហាញពីសមាជសង្រ្គោះជាតិ ដែលតែងតាំងលោក កឹម សុខា ជាប្រធានគណបក្ស និងការតាក់តែងគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ ដើម្បីឈានទៅរកការបោះឆ្នោត។ នេះបើតាមលោកមេធាវី ផែង ហេង។

ចំណែកឯ លោក ចាន់ ចេន មេធាវីការពារក្តីមួយរូបទៀត ក៏បានថ្លែងការពារកូនក្តីរបស់ខ្លួន លោក កឹម សុខា ថា ប្រធានអតីតគណបក្សសង្រ្គោះជាតិរូបនេះ មិនបានប្រព្រឹត្តអ្វីខុស ដូចទៅនឹងការចោទប្រកាន់របស់តុលាការនោះទេ។ លោក ចាន់ ចេន អះអាងថា ពាក្យពេចន៍របស់លោក កឹម សុខា បានសង្កត់ធ្ងន់ទៅលើដំណើររបស់អតីតបក្សសង្រ្គោះជាតិ សម្រាប់ការឈានទៅការបោះឆ្នោតប៉ុណ្ណោះ។

ទោះយ៉ាងណា សវនាការលើកទី៤នេះ បានភាពរកាំរកូសខ្លះរវាងក្រុមមេធាវីលោក កឹម សុខា និងអយ្យការអមតុលាការ។ លោក ផែង ហេង បានបញ្ជាក់ថា បញ្ហារកាំរកូសទាក់ទងទៅនឹងកាលបរិច្ឆេទច្បាស់លាស់នៃវីដេអូខ្លីប និងបញ្ហាបច្ចេកទេសមួយចំនួននៃឯកសារភស្តុតាង តែយ៉ាងណាក៏ត្រូវបានសម្របសម្រួលដោយតុលាការវិញ។

ជាការកត់សម្គាល់ នៅមុនមួយថ្ងៃនៃសវនាការលើកទី៤ ក្រោយផ្អឹកទុកអស់ពេលជាង២ឆ្នាំដោយសារកូវីដ១៩នេះ លោក កឹម សុខា នៅថ្ងៃទីអង្គារ ទី១៥កុម្ភៈ បានជួបលោកស្រី Sibille de Cartier ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសប៊ែលហ្ស៊ិកប្រចាំកម្ពុជា។

នៅក្នុងជំនួបនោះ លោកស្រី Sibille de Cartier បានគូសបញ្ជាក់ពីជំហប៊ែលហ្ស៊ិក ដែលនឹងតាមដានមើលសវនាការលោក កឹម សុខា ជាបន្តទៀត។ សម្រាប់អគ្គរដ្ឋទូតប៊ែលហ្ស៊ិកជានារីរូបនេះ ក៏មិនខុសពីបណ្តាអគ្គរដ្ឋទូតប្រទេសមួយចំនួនទៀតដែរ សុទ្ធតែប្រាថ្នាចង់ឃើញ លោក កឹម សុខា មានសិទ្ធិសេរីភាព នយោបាយពេញលេញ ដែលអាចឲ្យប្រធានអតីតគណបក្សប្រឆាំងមួយនេះ ចូលរួមការបោះឆ្នោត។

យ៉ាងណាមិញ ការពន្លឿននីតិវិធីជំនុំជម្រះនៅតែជាបញ្ហាចោទមួយ។ លោក ផែង ហេង ថ្លែងបន្ថែមថា ក្រុមសហមេធាវីនៅតែទទូចឲ្យតុលាការពន្លឿនសវនាការឲ្យឆាប់រហ័ស។ បើតាមមេធាវីរូបនេះ ការពន្យាពេលបន្តទៀត មានន័យថា មិនផ្តល់យុត្តិធម៌ឲ្យលោក កឹម សុខា និងរារាំងជីវិតនយោបាយរបស់លោក សម្រាប់ការបោះឆ្នោតពេលខាងមុខ។

គួរជម្រាបថា សវនាការលោក កឹម សុខា នឹងបន្តធ្វើឡើងនៅថ្ងៃពុធទី២៣កុម្ភៈ សប្តាហ៍ក្រោយ ខណៈក្រុមមេធាវីអះអាងថា នឹងចាក់បង្ហាញវីដេអូចំនួន២ និងឯកសារមួយចំនួនជាបន្តទៀត ដើម្បីដោះបន្ទុកបទចោទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ