អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

CKFTA កំពុងបញ្ជូនទៅសភាកូរ៉េដើម្បីសុំសច្ចាប័ន ខណៈកម្ពុជាស្នើសុំពន្លឿន

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ស្នើ​ទៅ​កាន់​ លោក​ មូន ចេអ៊ីន ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ជំរុញ​ពន្លឿន​ដល់​ការ​ធ្វើ​សច្ចាប័ន​ ដើម្បី​ឱ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សាធារណរដ្ឋកូរ៉េ ​ចូល​ជា​ធរមាន​។ សំណើរ​របស់​លោក ​ហ៊ុន សែន​ ដូច្នេះ ​ធ្វើឡើង​អំឡុង​ពេល​ជួប​ពិភាក្សា​គ្នា​ទ្វេ​ភាគី​ជាមួយ​ប្រធានាធិបតី​កូរ៉េ ​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កូរ៉េ​ចាប់​ពី​ថ្ងៃ​ទី​១១​ ដល់​ទី​១៣​ ខែកុម្ភៈ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន © SPM Page
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉ូខាងត្បូង លោក មូន ចេអ៊ីន កាលពីថ្ងៃទី១១ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅលោក មូន ចេអ៊ីន ឲ្យជួយជំរុញពន្លឿនដល់ការធ្វើសច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ(CKFTA) ចូលជាធរមាន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ កាលពីឆ្នាំទៅ បន្ទាប់ពីភាគីទាំងពីរបានឆ្លងកាត់ការចរចាគ្នាអស់ជាច្រើនជុំ និងបានបញ្ចប់នីតិវិធីផ្ទៃក្នុង។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងប្រាក់កាសែត។

នៅក្នុងឱកាសនោះដែរ លោកប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន បានបញ្ជាក់ថាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ភាគីកូរ៉េបានបញ្ចប់នីតិវិធីហើយ ហើយកំពុងបញ្ជូនទៅសភាជាតិរបស់កូរ៉េ ដើម្បីផ្តល់សច្ចាប័ន ដែលសង្ឃឹមថានឹងបញ្ចប់នៅពេលខាងមុខនេះ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឱ្យលោកប្រធានាធិបតី មូន ចេអ៊ីន ជួយគាំទ្រឧស្សាហកម្ម ប្រទេសកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការកែច្នៃមួយចំនួន ដោយលោក ហ៊ុន សែន បញ្ជាក់ថាច្បាប់វិនិយោគថ្មីរបស់កម្ពុជា បានផ្តល់ការលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស។

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(CKFTA)នេះ ក្រសួងពាណិជ្ជកម្មកម្ពុជារំពឹងថា នឹងជួយឲ្យប្រទេសនេះ អាចនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារកូរ៉េខាងត្បូងស្រដៀងគ្នា ទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជាធ្លាប់សម្រេចបានជាមួយភាគីចិនដែរ។ សម្រាប់ទីផ្សារកូរ៉េខាងត្បូង កម្ពុជានឹងអាចនាំចេញទំនិញសំខាន់របស់ខ្លួន មានជាអាទិ៍ ផលិតផលកសិផល ផលិតផលបច្ចេកវិទ្យា ផលិតផលឧស្សាហកម្មខ្នាតតូច និងមធ្យម និងផលិតផលវាយនភណ្ឌ ដោយពុំជាប់របាំងពន្ធគយ ខណៈដែលបន្ទាត់ពន្ធនាំចូលពីកូរ៉េមកកម្ពុជាមានចំនួនតិចជាង។

ជាការពិត កិច្ចព្រមព្រៀង CKFTAនេះ ត្រូវគេមើលឃើញថានឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាបានឆាប់រហ័ស ក្រោយពីទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩។ ក្រៅពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កម្ពុជាក៏នឹងមានបន្ថែមទៀតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ