អានតួអត្ថបទ
កម្ពុជា-សង្គម

សកម្មជនបរិស្ថាន លោក ថុន រដ្ឋា ផ្សាយវីដេអូដំបូងក្រោយចេញពីពន្ធនាគារ

លោក​ ថុន រដ្ឋា ​សកម្មជន​បរិស្ថាន ​ដែល​ទើប​តែ​ចេញ​ពី​ពន្ធនាគារ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​ បាន​ចេញ​ផ្សាយ​វីដេអូ​ដំបូង​របស់​ខ្លួន​ស្ដីពី​បញ្ហា​បរិស្ថាន​។ នៅ​ក្នុង​វីដេអូ​រយៈពេល​២​នាទី​និង​៤០​វិនាទី លោក​ ថុន រដ្ឋា ​បាន​លើកឡើង​ពី​ក្ដី​ព្រួយ​បារម្ភ​របស់​លោក​ ចំពោះ​ការ​បង្ហូរ​ទឹកកខ្វក់​ទៅ​ក្នុង​ស្ទឹង​សៀមរាប​ ខណៈ​អាង​ប្រព្រឹត្តកម្ម​ទឹកកខ្វក់​ប្រចាំ​ខេត្ត​សៀមរាប​ ប្រែក្លាយ​ជា​អាង​ចិញ្ចឹម​ត្រី​ទៅ​វិញ​។

លោក ថុន រដ្ឋា សកម្មជនបរិស្ថានចេញផ្សាយវីដេអូដំបូងរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាទឹកកខ្វក់ក្នុងខេត្តសៀមរាប ក្រោយចេញពីពន្ធនាគារបានបីខែ
លោក ថុន រដ្ឋា សកម្មជនបរិស្ថានចេញផ្សាយវីដេអូដំបូងរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាទឹកកខ្វក់ក្នុងខេត្តសៀមរាប ក្រោយចេញពីពន្ធនាគារបានបីខែ © សហការី
ផ្សាយពាណិជ្ជកម្ម

«អាងចម្រោះទឹកកខ្វក់ ឬ អាងចឹញ្ចឹមត្រី?» នេះគឺជាចំណងជើងឃ្លីបវីដេអូខ្លីរបស់សកម្មជនបរិស្ថាន លោក ថុន រដ្ឋា ដែលបានបង្ហោះលើទំព៍រហ្វេសប៊ុករបស់លោក នៅល្ងាចថ្ងៃសុក្រទី១១ខែកុម្ភៈ ម្សិលមិញ។ ខុសពីវីដេអូមុនៗដែលលើកឡើងពីបញ្ហាបរិស្ថានធំៗនិងរសើបខ្លាំងមកវាយប្រហាររដ្ឋាភិបាល វីដេអូរបស់លោក ថុន រដ្ឋា ពេលនេះ លើកយកបញ្ហាបរិស្ថានដែលមានទ្រង់ទ្រាយតូចជាងមុនមកបរិយាយ។ នោះគឺក្ដីព្រួយបារម្ភរបស់លោក ចំពោះការបង្ហូរទឹកកខ្វក់ដែលមានក្លិនស្អុយ ចូលទៅក្នុងស្ទឹងសៀមរាប ខណៈអាងប្រព្រឹត្តកម្មទឹកកខ្វក់ប្រចាំខេត្តសៀមរាប ប្រែក្លាយជាអាងចិញ្ចឹមត្រីទៅវិញ។

បើទោះបីជាសំណុំរឿងនេះ មិនសូវមានលក្ខណៈវាយប្រហារខ្លាំងក៏ពិតមែន ប៉ុន្តែវាបានបង្ហាញពីផ្នែកមួយនៃបញ្ហាបរិស្ថាននៅក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវបរទេស។ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទេ លោក ថុន រដ្ឋា បារម្ភថា វាអាចប៉ះពាល់ដល់មុខមាត់របស់កម្ពុជា ក្នុងក្រសែភ្នែកភ្ញៀវទេសចរ។

ម្យ៉ាងវិញទៀត ការបង្ហូរទឹកកខ្វក់ដែលសង្ស័យថាមិនទាន់បានឆ្លងកាត់ការចម្រោះត្រឹមត្រូវ ទៅក្នុងស្ទឹងសៀមរាប ចាក់បន្តចូលទៅក្នុងបឹងទន្លេសាប វានឹងបំផ្លាញជីវចម្រុះនៅក្នុងទឹក។ បន្ថែមពីលើនេះ វាក៏នឹងផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជន ដែលប្រើប្រាស់ទឹកបឹងទន្លេសាប សម្រាប់ចិញ្ចឹមត្រី ស្រោចបន្លែ និងប្រើប្រាស់ប្រចាំថ្ងៃជាដើម។ នេះបើតាមលោក ថុន រដ្ឋា។ លោក ថុន រដ្ឋា ដែលអះអាងថា ខ្លួនស្រឡាញ់សន្តិភាព ចង់ឃើញទឹកស្ទឹងសៀមរាប ជាស្ទឹងដែលមានទឹកថ្លា ទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តម្ដងហើយម្ដងទៀត មិនមែនជាស្ទឹងទឹកលូនោះទេ។

សូមរំឭកជូនថា លោក ថុន រដ្ឋា ដែលជាអតីតសកម្មជនចលនា​មាតាធម្មជាតិ ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារជាង​១ឆ្នាំ ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពីលោកធ្វើយុទ្ធនាការ​​ដើរថ្មើជើងពីវត្តភ្នំទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្បែរវិមានឯករាជ្យ ដើម្បីសុំ​អន្តរាគមន៍ឱ្យបញ្ឈប់ការលុបបឹងតាមោក។

លោក ថុន រដ្ឋា ត្រូវបានតុលាការដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់អនុវត្ត​ទោសចប់។ ប៉ុន្តែចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកក្នុងសំណុំរឿង «រួមគំនិតក្បត់» មួយទៀត។ នៅចុងខែវិច្ឆិកាឆ្នាំ២០២១ លោក ថុន រដ្ឋា និងសកម្មជនបរិស្ថានវ័យក្មេងនៅកម្ពុជាសរុបចំនួន៦នាក់ ត្រូវបាន​អង្គការ​ Frontline​ Defenders​ ផ្តល់​ជ័យលាភី​ពានរង្វាន់​អ្នកការពារ​ឈានមុខ ដែលការផ្ដល់ពានរង្វាន់នេះ ផ្ដោតលើ​ភាព​ក្លាហាន​និង​ការ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ ​ដើម្បី​ការពារ​បរិស្ថាន​​និង​ធនធានធម្មជាតិ​នៅប្រទេស​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ