អានតួអត្ថបទ
កម្ពុជា-សង្គម

សំណុំរឿងព្រលានយន្តហោះភ្នំពេញថ្មី៖ ពលរដ្ឋ៥៥គ្រួសារ បន្តដាក់ញត្តិសុំអន្តរាគមន៍ទៅកាន់ក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា

ប្រជាពលរដ្ឋ​រងផល​ប៉ះពាល់​ពីគម្រោង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ក្នុង​ខេត្តកណ្តាល​ចំនួន៥៥គ្រួសារ​នៅព្រឹក​ថ្ងៃទី០៩​កុម្ភៈ​នេះ ​បានបន្ត​ដាក់ញត្តិ​ទៅកាន់​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការ​កិច្ច​ ដើម្បី​ជួយស្វែង​រក​កិច្ចអន្តរាគមន៍​ដោះស្រាយ​បញ្ហាវិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុនOCIC។​ វិវាទដី​ធ្លី​ដែល​បន្ត​អូសបន្លាយ​អស់រយៈពេល​ជាង៣ឆ្នាំ ​និងគ្មាន​ផលសំណង​សមរម្យ​ដែល​ប្រជាពលរដ្ឋ​ចង់បាន។​

ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (រូបតំណាង)
ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

នេះគឺជាញត្តិទី៥ហើយដែលប្រជាពលរដ្ឋចំនួន៥៥គ្រួសារបានដាក់ទៅកាន់ស្ថាប័នរដ្ឋ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជុំវិញវិវាទដីធ្លីជាមួយគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីក្នុងខេត្តកណ្តាល។ ញត្តិទី៥នេះ ប្រជាពលរដ្ឋរងផលប៉ះពាល់បានអះអាងថា បានដាក់ទៅកាន់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីជួយពិនិត្យផលដីដែលប៉ះពាល់ចំនួន៣៨ហិកតា និងភាគច្រើន ស្ថិតនៅក្នុងភូមិកំពង់តាឡុងដែលមានទំនាស់ជាមួយក្រុមហ៊ុន OCIC។  

ប្រជាពលរដ្ឋមួយរូបសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ពលរដ្ឋរងផលប៉ះពាល់ទាំងអស់ នឹងបន្តដាក់ញត្តិទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត ដរាបណាពួកគេទទួលបានការដោះស្រាយសមស្របពាក់ព័ន្ធនឹងការផ្តល់សំណង រឺការផ្លាស់ប្តូរដីជាដើម។ បើតាមពលរដ្ឋខាងដើម ញត្តិដែលពួកគេបានដាក់រួចរាល់នោះរួមមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងរដ្ឋសភា។  ពលរដ្ឋរូបនេះបន្តថា អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលបញ្ហាវិវាទដីធ្លីនេះ មិនទាន់មានការដោះស្រាយឱ្យសមស្របពីសំណាកអាជ្ញាធរ។

ចំណែក លោកស្រី វណ្ណា ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់តាឡុងក៏បានឱ្យដឹងដែរថា ប្រជាពលរដ្ឋទាំងអស់បានសម្រេចបញ្ឈប់ការតវ៉ាជាមួយអាជ្ញាធរអស់រយៈពេលជិត៥ខែមកហើយ ដោយងាកមកស្វែងរកកិច្ចអន្តរាគមន៍ពីសំណាកក្រសួងពាក់ព័ន្ធ តាមរយៈការដាក់ញត្តិនេះវិញ។ ប៉ុន្តែតាមរយៈការដាក់ញត្តិនេះ លោកស្រីថា ប្រៀបដូចការបង់អំបិលក្នុងទន្លេអញ្ចឹង ពោលគឺគ្មានពន្លឺនៃដំណោះស្រាយណាមួយកើតឡើងនោះទេ។ ខណៈអាជ្ញាធរនៅព្រឹកថ្ងៃទី០៩ កុម្ភៈនេះ បានដាក់ពង្រាយកងកម្លាំងជាច្រើន ដើម្បីការពារគ្រឿងចក្រដែលកំពុងឈូសឆាយដីស្រែរបស់ពលរដ្ឋដែលមិនទាន់មានដំណោះស្រាយនៅឡើយ។

ទាក់ទិននឹងបញ្ហានេះ វិទ្យុបារាំងអន្តរជាតិមិនទាន់អាចសុំការបញ្ជាក់ពីលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបាននៅឡើយទេ។ តែយ៉ាងណា បើតាមលោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូវិញ លោកយល់ឃើញថា បញ្ហាជម្លោះវិវាទដីធ្លីដែលបន្តអូសបន្លាយនេះ កើតចេញពីដើមចមមួយចំនួនដូចជា អាជ្ញាធរមិនព្រមដោះស្រាយតាមសន្តិវិធី ការផ្តល់សំណង់ត្រឹមតែ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ និងការហាមមិនឱ្យពលរដ្ឋចូលពិនិត្យដីស្រែ ដែលក្រុមហ៊ុនកំពុងឈូសឆាយ។ 

សូមរំឭកថា គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​ថ្មី បាន​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ពលរដ្ឋចំនួន ៣៣០​គ្រួសារ​មកពី​ឃុំ​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ។ ឃុំ​ទាំងនោះ​មានដូចជា ​ឃុំ​បឹងខ្យាង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​នៅ​ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ ដែល​មាន​ក្បាលដី​ជាង ១​លាន​ម៉ែត្រ​ការ៉េ។

ដោយឡែក កាល​ពី​ថ្ងៃ​ទី​១២​ខែ​កញ្ញាឆ្នាំ២០២១កន្លងមក ពលរដ្ឋ​ចំនួន​៩​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ​និងបាន ​បញ្ជូន​ទៅកាន់​ពន្ធនាគារ ក្រោមបទចោទប្រើប្រាស់អំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងញុះញង់ឱ្យប្រព្រឹទ្ធបទល្មើសជាអាទិ៍។ មួយ​សប្ដាហ៍​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នានេះ ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ផ្អាក​ ហើយអាជ្ញាធរក៏សម្រេចដោះលែងពលរដ្ឋទាំង៩នាក់នោះ ដោយតម្រូវឲ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពប្រមូលផ្តុំតវ៉ានានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ