អានតួអត្ថបទ
កម្ពុជា-នយោបាយ

ឯកអគ្គរដ្ឋទូតអូស្ត្រាលីចង់ឃើញលោក កឹម សុខា បានចូលរួមការបោះឆ្នោតពេលខាងមុខ

ឯក​អគ្គ​រដ្ឋ​ទូត​អូស្រា្តលី​ប្រចាំ​កម្ពុជា​ លោក​ ប៉ាប្លូ កាំង ​បញ្ជាក់​ជំហរ​ថា​អូស្ត្រាលី ​ចង់​ឃើញ​ក្តី​ក្តាំ​របស់​លោក​ កឹម សុខា ​ត្រូវ​បាន​បន្ត​ធ្វើឡើង​ដោយ​តម្លាភាព ​យុត្តិធម៌​ និង​មាន​ដំណោះស្រាយ​មួយ​ឆាប់​រហ័ស ​សម្រាប់​មេបក្ស​ប្រឆាំង​រូបនេះ​បាន​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ​។ ការ​បញ្ជាក់​នេះ​ ធ្វើ​ឡើង​នៅក្នុង​ជំនួប​ រវាង​ លោក ​ប៉ាប្លូ កាំង ​និង​លោក កឹម សុខា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញ​។ ជាមួយ​គ្នា​នេះ​ លោក​ កឹម​ សុខា​ បាន​លើក​ឡើង​ថា​ ដំណើរ​ទៅ​រក​យុត្តិធម៌​របស់​លោក​ពិត​ជា​ពិបាក ​ តែ​ហោច​ណាស់​មាន​សហគមន៍ជាតិ​ និង​អន្តរជាតិ​ទទួល​ស្គាល់​ មានន័យ​ថា ​លោកជា​មនុស្ស​ស្អាត​ស្អំ​។

លោក ប៉ាប្លូ កាំង ឯកអគ្គរដ្ឋទូតអូស្ត្រាលី (ឆ្វេង) លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ (ស្តាំ)
លោក ប៉ាប្លូ កាំង ឯកអគ្គរដ្ឋទូតអូស្ត្រាលី (ឆ្វេង) លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ (ស្តាំ) © Twitter/Pablo Kang
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបទ្វេភាគី នៅឯគេហដ្ឋានលោកកឹម សុខា លោកប៉ាប្លូ កាំង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា លោកបានជជែកអំពីក្តីក្តាំលោកកឹម សុខា ដែលកំពុងបន្តនៅសវនាការ ចំនួន៣លើក ក្រោយពីបានផ្អឹបទុករយៈពេលជាង២ឆ្នាំ ក្រោមហេតុផលកូវីដ១៩។

សម្រាប់ការបន្តសវនាការជាថ្មីម្តងទៀតនេះ លោក ប៉ាប្លូ កាំង អំពាវនាវឲ្យមានដំណោះស្រាយមួយដោយមានតម្លាភាព និងយុត្តិធម៌ ហើយមិនអូសបន្លាយពេលវេលា។ ក្នុងន័យនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចង់សំដៅដល់ដំណើរជីវិតនយោបាយរបស់លោក កឹម សុខា ដែលជាប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ខណៈដែលការបោះឆ្នោតឃុំ-សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ កាន់តែខិតជិតមកដល់។

ចំណែកឯ លោក កឹម សុខា វិញ បានអរគុណចំពោះអូស្ត្រាលីដែលតែងតែយកចិត្តទុកដាក់លើសេរីភាព និងយុត្តិធម៌ផ្ទាល់ខ្លួនរបស់លោក។ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក កឹម សុខា បានព្រលយពាក្យពេចន៍នយោបាយរបស់ខ្លួនថា ដំណើរទៅរកយុត្តិធម៌របស់លោកពិតជាពិបាករក តែហោចណាស់មានសហគមន៍ជាតិនិងអន្តរជាតិទទួលស្គាល់ មានន័យថា លោកជាមនុស្សស្អាតស្អំ។ ត្រង់ចំណុចនេះ លោកកឹម សុខា អាចចង់សំដៅទៅលើសហគមន៍អន្តរជាតិនានា ដែលបានចូលជួបលោកជាប្រចាំ ទោះបីលោកកំពុងស្ថិតនៅក្នុងការចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេសក៏ដោយនោះ។

គួររំលឹកឡើងវិញថា សវនាការលោក កឹម សុខា ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ក្នុងចេតនាផ្តួលរលំរដ្ឋាភិបាល បានបន្តឡើងវិញនៅថ្ងៃទី១៩មករា កន្លងមកនេះ។ មកដល់ថ្ងៃទី០៤កុម្ភៈ សំណុំរឿងរបស់លោក បានលើកមកជំនុំជម្រះចំនួន៣លើក។ តែពីក្រុមអ្នកឃ្លាំមើលសង្គម យល់ថា ការជំនុំជម្រះក្តីតែមួយដងក្នុងមួយសប្តាហ៍នេះ ជាការបន្តអូសបន្លាយក្តីក្តាំលោកកឹម សុខា បន្តទៅទៀត នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរចូលរួមបោះឆ្នោតឃុំ សង្កាត់ ដែលធ្វើឡើងនៅខែមិថុនា ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ