អានតួអត្ថបទ
កម្ពុជា-បច្ចេកវិទ្យា

ច្រកទ្វារអីុនធឺណែតជាតិ៖ រដ្ឋាភិបាលកម្ពុជាថាសេចក្តីថ្លែងការណ៍របស់ UN ធ្វើឡើងតាមបែបស្រមើស្រមៃ បង្កការភ័ន្តច្រឡំ

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ស្ថាន​បេសកកម្មអចិន្ត្រៃយ៍​នៅទីក្រុងហ្សឺណែវ​ បាន​ចេញមុខ​មកប្រតិកម្ម​ទៅនឹង​សេចក្តី​ថ្លែងការណ៍​របស់​ ក្រុម​ជំនាញ​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ ​ជុំវិញ​ការអនុវត្ត​ច្រកទ្វារ​អីុនធឺណែតជាតិ។​ ស្ថានបេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំអង្គការ​សហប្រជាជាតិ​ បាន​ថ្លែងការពារ​ជំហ​របស់​រដ្ឋាភិបាល​ និង​ចាត់សេចក្តី​ថ្លែងការណ៍​របស់​ក្រុមអ្នក​ជំនាញ​ UN​ ថាធ្វើ​ឡើង​តាមបែប​ស្រមើស្រមៃ ​និង​បង្កការ​ភ័ន្តច្រឡំ។​

អ៊ីនធឺណិត (រូបតំណាង)
អ៊ីនធឺណិត (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ​ នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន នៅថ្ងៃទី០១កុម្ភៈ បានការពារជំហរដ្ឋាភិបាលវិញ ដោយថា ការបង្កើតច្រកទ្វារអីុនធឺណែត គឺជាការគោពតាមគោលការណ៍ច្បាប់ និងមានភាពចាំបាច់ ក្នុងការរួមចំណែកជំរុញកំណើន និងអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ នេះជាប្រតិកម្មតែប៉ុន្មានម៉ោងបុណ្ណោះ បន្ទាប់ពីការទទូចរបស់ក្រុមជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលស្នើឲ្យផ្អាកការអនុវត្តច្រកទ្វារអីុនធឺណែត ។

ស្ថានបេសកកម្មកម្ពុជា លើកឡើងថា ច្រកទ្វារអីុនធឺណែតជាតិ នេះពុំមែនមិនធ្លាប់មាននៅក្នុងពិភពលោកនោះទេ។ ការបង្កើតច្រកទ្វារអីុនធឺណែត គឺដើម្បីសម្រួលការតភ្ជាប់អីុនធឺណែត ការប្រមូលពន្ធ ពង្រឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម។ ជាពិសេសសំដៅដល់ការទប់ស្កាត់បទល្មើសនានា ដែលអាចកើតមានតាមប្រព័ន្ធអីុនធឺណែត។

ការចូលជាធរមាននៃអនុក្រឹតច្រកទ្វារអីុនធឺណែត នៅថ្ងៃទី១៦កុម្ភៈខាងមុខ​ ភាគីអង្គការសង្គមស៊ីវិលសម្តែងកង្វល់ពីការលួច និងឃ្លាំមើលរាល់ទិន្នន័យអ្នកប្រើប្រាស់។ តែសម្រាប់រដ្ឋាភិបាល គឺគ្មានឡើយកថាខណ្ឌកំណត់លើបញ្ហាទាំងនោះ។ បើតាមស្ថានតំណាងកម្ពុជានៅ UN រដ្ឋាភិបាលខ្មែរប្តេជ្ញាការពារឯកជនភាព និងសេរីភាពក្នុងការបញ្ចេញមតិ។ ម៉្លោះហើយ ការចោទប្រកាន់នេះក្រោមស្លាកសេរីភាពបញ្ចេញមតិ គឺគ្មានមូលដ្ឋានទាល់តែសោះ ហើយព្រមទាំងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយទៀតផង។ 

កាលពីថ្ងៃ០១កុម្ភៈ ក្រុមមន្ត្រីសិទ្ធិមនុស្សអង្គការអន្តរជាតិ គិតថា ច្រកទ្វារអីុនធឺណែត នឹងផ្តល់អំណាច​កាន់តែពេញដៃដល់រដ្ឋាភិបាល ចូលឃ្លាំមើលគេហទំព័រនានាដែលពលរដ្ឋទូទៅបានចូលរួម ហើយព្រមទាំងអាចផ្តល់សិទ្ធិដល់អាជ្ញាធរអាចបិទការចូលទៅអីុនធឺណែត តាមតែអំពើចិត្តទៀតផង។ បញ្ហានេះហើយ ដែល មន្ត្រីសិទ្ធិមនុស្សរបស់ UN ស្នើឲ្យផ្អាកការអនុម័តអនុក្រឹតនេះ ជាមុនសិន រួចចូលជជែកជាមួយអ្នកជំនាញអន្តរជាតិ ដើម្បីធានាថាមិនប៉ះពាល់ដល់សិទ្ធិមនុស្ស។

តែរដ្ឋាភិបាល ក៏បញ្ជាក់វិញដែរថា ច្រកទ្វារអីុនធឺណែត ដែលធ្វើឡើងពេលនេះ បានឆ្លងកាត់ការជជែករួចរាល់ ជាមួយអ្នកជំនាញទូរគមនាគមន៍ ប្រតិបត្តិករ និងស្ថាប័នពាក់ព័ន្ធ យ៉ាងទូលាយនិងបើកចំហរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ