អានតួអត្ថបទ
កម្ពុជា-បារាំង

ក្នុងជំនួប​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា សមភាគីបារាំង​សម្ដែង​ក្ដី​បារម្ភចំពោះស្ថានការណ៍ដុបដាបនៅភូមា

នៅ​ល្ងាច​ថ្ងៃ​ទី​២៧​មករា លោក ប្រាក់ សុខុន រដ្ឋ​មន្ដ្រី​ការ​បរទេស​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​តាម​ទូរសព្ទ​ជាមួយ​សមភាគី​បារាំង គឺ​លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់។ នៅ​ក្នុង​ជំនួប​នេះ កម្ពុជា​ក្នុង​នាម​ជា​ប្រធានអាស៊ាន និង​បារាំង​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប បាន​ជជែក​គ្នា​អំពី​របៀប​វារៈ​ជា​ច្រើន ដើម្បី​ចូល​រួម​លើក​កម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​។ វិបត្តិ​នៅ​ភូមា ក៏​ជា​ប្រធាន​រឿង​មួយ​នៅ​ក្នុង​ចំណោម​នោះ​ដែរ ដែល​ភាគី​បារាំង​បាន​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​។

ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន ជួប​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​សមភាគី​បារាំង លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់។
ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន ជួប​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​សមភាគី​បារាំង លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់។ © ក្រសួង​ការបរទេស​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ការទូត​បារាំង លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ (Jean-Yves Le Drian) សម្តែង​ក្តីព្រួយ​បារម្ភ​ជាខ្លាំង​ចំពោះ​ស្ថាន​ការ​កាន់តែ​ដុបដាប​នៅភូមា ពិសេស​នៅ​ក្នុងរដ្ឋ Kayah។ ប្រទេស​បារាំងគាំទ្រ​សកម្មភាព​របស់​អាស៊ាន​ក្នុង​ការ​រក​ដោះស្រាយបញ្ហា​។ តែ​ការ​ឈាន​ចេញពីវិបត្តិនេះ ត្រូវ​គោរព​គោលការណ៍​ព្រមព្រៀង​ជាឯកច្ឆ័ន​៥ចំណុច​របស់​អាស៊ាន​ ហើយ​និងកិច្ច​សន្ទនានយោបាយ​ គឺត្រូវ​ប្រកបដោយ​បរិយាប័ន្ន ដែល​មាន​ការ​​ចូល​ពី​គ្រប់ភាគី​។

ខណៈពេល​ដែល​រដ្ឋាភិបាល​ភូមា​ដឹកនាំដោយ​របបសឹក បាន​បង្កើន​ការ​លំបាក​ជាឧបសគ្គផ្សេងៗ​រាំង​ស្ទះ​ដល់ការ​​បញ្ជូន​ជំនួយមនុស្សធម៌​, រដ្ឋមន្ត្រីការបរទេស​បារាំង​ អំពាវនាវ​​បន្ថែម​ទៀត ឲ្យ​មាន​ការ​​សម្របសម្រួ​ល​ដើម្បីធានាថា ​ការ​ផ្តល់​ជំនួយ​អាច​ប្រព្រឹត្តទៅបាន​ដោយ​គ្មាន​ឧបសគ្គ។​  បារាំង​គាំទ្រ​យ៉ាងពេញ​ទំហឹង​សកម្មភាព​របស់ «​ប្រេសិត​ពិសេស​នៃប្រធាន​អាស៊ាន​» (លោក ប្រាក់ សុខុន) និងប្រេសិត​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា​​។​

រដ្ឋមន្ត្រីការ​បរទេស​បារាំង ក៏បានលើកឡើងពីស្ថាន​ការ​ណ៍​សមុទ្រ​ចិន​ខាងត្បូង ដោយបញ្ជាក់ថា​បារាំង​គោរព​ច្បាប់​អន្តរជាតិ និង​បាន​​រម្លឹកជាពិសេស​ ពី​​អនុសញ្ញាស្តីពី​ច្បាប់​សមុត្រ​ឆ្នាំ១៩៨២របស់​អង្គការ​សហប្រជាជាតិ។​ បារាំង​បញ្ជាក់ដែរ ថា ​ខ្លួនបាន​​ដាក់​ពង្រាយ​​នាវា​នៅ​ក្នុង​តំបន់​នេះ គឺ​បង្ហាញ​ពី​ជំហរ​ឃ្លាំមើល​និងរក្សា​សន្តិសុខ​និង​ស្ថិរភាព​នៅក្នុង​តំបន់​ ដោយ​ផ្អែក​ទៅលើ​គោលការណ៍​សេរីភាព​នាវា​ចរណ៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ