អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សនយោបាយក្រៅរដ្ឋាភិបាលស្វែងរកអន្តរាគមន៍ពីទូតអឺរ៉ុប ដើម្បីរក្សាទុកស្ថានភាពដើមនៃទម្រង់១១០២

គណបក្ស​នយោបាយ​ក្រៅរដ្ឋាភិបាល​ចំនួន​៤​ កាលពីថ្ងៃ​ពុធម្សិលមិញ​ បាន​ជួប​ជាមួយ​មន្ត្រីការទូត​អឺរ៉ុប​សំខាន់ៗ​មួយចំនួន​ដូចជា ​មន្ត្រី​ទូតសហភាព​អឺរ៉ុប​ ទូតបារាំង ​ទូតអាល្លឺម៉ង់ ​និង​ទូតស៊ុយអែត។​ ជំនួប​រវាងមន្ត្រី​គណបក្ស​នយោបាយ​ជាមួយ​មន្ត្រីទូត​អឺរ៉ុប​ទាំង​អស់​នេះ ​គឺដើម្បី​បង្ហាញ​នូវកង្វល់​ និង​ការ​ទាមទារ​របស់​ពួកគេ​ឲ្យ​ គ.ជ.ប​ រក្សា ​និងចែក​កំណត់​ហេតុ​នៃការ​រាប់សន្លឹក​ឆ្នោត​(ទម្រង់១១០២)​ ជូន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ នៅការិយាល័យ​បោះឆ្នោត​ដូចការ​បោះឆ្នោតមុនៗ។​

ជំនួបរវាងមន្ត្រីគណបក្សនយោបាយជាមួយមន្ត្រីទូតអឺរ៉ុប
ជំនួបរវាងមន្ត្រីគណបក្សនយោបាយជាមួយមន្ត្រីទូតអឺរ៉ុប © សហការី
ផ្សាយពាណិជ្ជកម្ម

ការបន្តខ្វែងគំនិតគ្នារវាងគណបក្សនយោបាយក្រៅរដ្ឋាភិបាល និងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជុំវិញគំណត់ហេតុរាប់សន្លឹកឆ្នោត ឬទម្រង់១១០២ នៅតែកើតមាន ដោយគណបក្សក្រៅរដ្ឋាភិបាលបន្តស្វែងរកអន្តរាគមន៍ ពីបណ្តាស្ថានទូតអឺរ៉ុបបន្ថែមទៀត ដើម្បីទាមទារឲ្យ គ.ជ.ប រក្សា និងចែកកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត(ទម្រង់១១០២) ជូនភ្នាក់ងារគណបក្សនយោបាយ នៅការិយាល័យបោះឆ្នោតដូចការបោះឆ្នោតមុនៗ។ គណបក្សនយោបាយក្រៅរដ្ឋាភិបាលយល់ថា ការរុះរើក្នុងការផ្តល់បែបបទទម្រង់១១០២ គឺជាការបារម្ភមួយ ដែលអាចកើតមានឡើងនូវភាពមិនប្រក្រតី។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះ ថាមន្ត្រីទូតសហភាពអឺរ៉ុបទាំងអស់បានស្វាគមន៍ និងទទួលយកនូវកង្វល់ទាំងឡាយ ដែលក្រុមគណបក្សនយោបាយក្រៅរដ្ឋាភិបាលបានលើកឡើង។ ទោះយ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន មិនទាន់ដឹងនៅឡើយទេថា មន្ត្រីទូតអឺរ៉ុបទាំងនោះ នឹងអាចជជែកជាមួយរដ្ឋាភិបាល ឬគ.ជ.ប ឬមួយអាចផ្តល់ជាអនុសាសន៍យ៉ាងណាមួយទៅរដ្ឋាភិបាលកម្ពុជា ឬគ.ជ.ប។

កាលពីពាក់កណ្តាលខែមករាឆ្នាំ ២០២២នេះ អគ្គលេខាធិការ គ​.​ជ​.​ប លោក ទេព នីថា បាន​បញ្ជាក់ប្រាប់គណបក្សនយោបាយដែលតវ៉ាថា កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទម្រង់​បែបបទ ១១០២) គឺគណបក្សនយោបាយ​អាច​ថត​នៅមុខ​ការិយាល័យ​បោះឆ្នោត​នៅពេល​បិទ​ផ្សាយ​ជា​សាធារណៈ ហើយ​គណបក្ស​នយោបាយ​អាច​ទៅ​ទទួលយក​ទម្រង់​បែបបទ​១១០២ ដដែល​នេះ ពី​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត។ លោក​ថា ទម្រង់​បែបបទ​១១០២ នេះ ត្រូវ​បាន​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោតស្គេ​ន (Scan) ដោយផ្ទាល់ រួច​បោះពុម្ព​ចេញពី​កុំព្យូទ័រ ហើយ​ចែកជូន​តំណាង​គណបក្សនយោបាយ ដែលមាន​វត្ត​មាននៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​។

លោក ទេព នីថា អះអាង​ថា ការបោះឆ្នោត​កន្លងមក មន្ត្រី​ការិយាល័យ​បោះឆ្នោត​ត្រូវ​ចម្លង​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ដោយ​ដៃ​ជាច្រើន​ច្បាប់ ចែកជូន​ភ្នាក់ងារ​គណបក្សនយោបាយ​ដែលមាន​វត្ត​មាននៅ​ការិយាល័យ​បោះឆ្នោត​។ លើសពីនេះ​ទៀត ក្នុង​ថ្ងៃ​បោះឆ្នោត មន្ត្រី​ការិយាល័យ​បោះឆ្នោត​ធ្វើការ​លើស​១២​ម៉ោង ហួសកម្លាំង មន្ត្រី​ការិយាល័យ​បោះឆ្នោត​អាច​នឹង​មានការ​ថ្លោះធ្លោយ​នៅក្នុង​ការសរសេរ​ចម្លង​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​ដៃ​។

សូមបញ្ជាក់ថា«កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត»គឺជាទម្រង់បែបបទ១១០២  ​ដែល​​ត្រូវមាន​ភ្ជាប់​បញ្ជីឈ្មោះអ្នកបោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ ឬមិនបានប្រើ សន្លឹកឆ្នោតបានការ ឬមិនបានការ ឬសន្លឹកឆ្នោតខូច ត្រាសម្ងាត់សម្រាប់ការិយាល័យបោះឆ្នោត ព្រមទាំង បណ្ដឹងជំទាស់ ឬតវ៉ាជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ