អានតួអត្ថបទ
កម្ពុជា-ចរាចរណ៍

កម្ពុជានឹងរៀបចំច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បន្ទាប់ពីករណីគ្រោះថ្នាក់មាននិន្នាការកើនឡើងវិញ

ក្រសួង​មហាផ្ទៃ​កម្ពុជា​នឹងរៀបចំ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោកថ្មី​ ដែល​មាន​លក្ខណៈ​តឹងរឹង​ជាងមុន​ ដោយមិន​បន្ត​ធ្វើ​វិសោធនកម្ម​ច្បាប់ចាស់​នោះទេ។ ​នេះបើតាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​កាលពីថ្ងៃ​អង្គារ​ ទី២៥​ ខែមករា​ បន្ទាប់​ពីករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា​មានកំណើន​ឡើងវិញ​ នាដើម​ឆ្នាំ​២០២២នេះ។​ អ្នកឃ្លាំមើល​បានលើក​ឡើងថា ​បង្ហាញ​ការគាំទ្រ​ចំពោះ​ការកែប្រែ​ច្បាប់​ ប៉ុន្តែ​ថាចំណុច​គន្លឹះ​គឺស្ថិត​លើការ​អនុវត្ត។​

ចរាចរណ៍ក្នុងរាជធានីភ្នំពេញ
ចរាចរណ៍ក្នុងរាជធានីភ្នំពេញ © The U.S Embassy, Phnom Penh, Cambodia
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២៥ ខែមករា បានលើកឡើងថា នៅដើមឆ្នាំ២០២២នេះករណីគ្រោះថ្នាក់ចរាចរណ៍មាននិន្ននាការកើនឡើង ដែលបណ្តាលឲ្យមនុស្សស្លាប់មួយថ្ងៃ១០នាក់ ឬថ្ងៃខ្លះរហូតដល់១៥នាក់។ កំណើននេះ គឺបន្ទាប់ពីការបើកប្រទេសឡើងវិញ ពីជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០២១កន្លងទៅ។

ក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាដើមសប្តាហ៍នេះ លោក ស ខេង ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងដឹកនាំរៀបចំច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានលក្ខណៈតឹងតែងជាងច្បាប់ចាស់។ ការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ក៏ព្រោះតែច្បាប់ចរាចរណ៍ផ្លូវគោកចាស់ បានធ្វើវិសោធនកម្មច្រើនដង ដែលធ្វើឲ្យពីបាកក្នុងការកែសម្រួលថ្មី។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៧ ខែមករានេះថា សេចក្តីព្រាងច្បាប់នេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលប្រមូលធាតុចូលពីស្ថាប័នពាក់ព័ន្ធ។ បើតាមលោកស្រី មឹន មាណវី សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ អាចនឹងចប់រួចរាល់នៅក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២២នេះ។

លោក គឹម បញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ការកែប្រែច្បាប់ចរាចរណ៍របស់កម្ពុជានាពេលនេះ គឺក្នុងន័យទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ លោកបន្ថែមថានៅពេលអនុវត្តច្បាប់តែងតែរកឃើញចំណុចខ្វះចន្លោះ ដែលទាមទារឲ្យមានការកែសម្រួល ប៉ុន្តែចំណុចគន្លឹះគឺការអនុវត្តច្បាប់ឲ្យមានលក្ខណៈទូលំទូលាយ ​ម៉ឺងម៉ាត់​ ប្រកបដោយតម្លាភាព និងស្មើភាព។

កាលពីឆ្នាំ២០២១កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ៦៧០លើកបើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន ៣ ១៧៦លើក ថយចុះ១៦ភាគរយ ។ រីឯចំនួនអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ១ ៤៩៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ បានថយចំនួន១៤៩នាក់ស្មើនឹង៩ភាគរយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ