អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដាក់សំណើ៤យ៉ាងទៅមេដឹកនាំយោធាភូមា ក្នុងជំនួបតាមវីដេអូ

ក្នុងជំនួប​តាម​ប្រព័ន្ធវីដេអូ​ នៅថ្ងៃទី២៦​ ខែមករា​នេះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជាប្រធាន​អាស៊ាន​ផង​នោះ ​បានដាក់​សំណើ ៤​ចំណុចថ្មី​ទៅកាន់​មេដឹក​នាំ​យោធាភូមា។ ​ក្នុងនោះ​ក៏​មាន​ការអំពាវនាវ​ឲ្យមេដឹកនាំ​យោធា​ភូមាគោរព​តាម​គោលការណ៍​ឯកច្ឆន្ទ​ទាំង ៥​របស់​អាស៊ាន។ ​ជំនួប​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​លោក មីន អ៊ុងឡាំង​ មេដឹក​នាំភូមា ​ធ្វើឡើង​ក្រោយ​ពីស្ថានការណ៍​មិនមាន​វឌ្ឍនភាព​គួរឲ្យ​កត់សម្គាល់។​

ជំនួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មីន អ៊ុងឡាំង មេដឹកនាំភូមា តាមប្រព័ន្ធវីដេអូ
ជំនួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មីន អ៊ុងឡាំង មេដឹកនាំភូមា តាមប្រព័ន្ធវីដេអូ © FB/SMP
ផ្សាយពាណិជ្ជកម្ម

ចំណុចទាំង៤ ដែលត្រូវបានលើកឡើងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់លោក​ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង​ រួមមាន ចំណុចទី១ស្នើឲ្យមេដឹកនាំភូមាបច្ចុប្បន្នខិតខំអនុវត្តកិច្ចព្រមព្រៀង ៥ចំនុចរបស់អាស៊ាន ដែលបានឯកភាពគ្នា កាលពីខែមេសាឆ្នាំ ២០២១។

បើតាមហ្វេសប៊ុកផ្លូវការបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណុចទី២ គឺភូមាត្រូវធ្វើយ៉ាងណាអាចឲ្យប្រេសិតពិសេស របស់ប្រធានអាស៊ាន បានទៅទស្សនកិច្ចនៅប្រទេសភូមា និងចំណុចទី៣ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវសុំអោយភាគីទាំងអស់ រួមទាំងភាគីរដ្ឋាភិបាលភូមាផង ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់នាពេលខាងមុខនេះ។ ចំណុចចុងក្រោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឲ្យលោក មីន អ៊ុងឡាំង ចូលរួមជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋភូមា។

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា កម្ពុជាបានខិតខំខ្លាំងក្នុងការជួយភូមា ដោយបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីឲ្យភាគីនានា​ នៅក្នុងប្រទេសនេះបញ្ឈប់អំពើហិង្សា។

ជុំវិញសំនួរថាតើភូមានឹងទទួលយកការអំពាវនាវរបស់ប្រធានអាស៊ាននាពេលនេះទេ? លោកបណ្ឌិត លោក​បណ្ឌិត ឈាង វណ្ណារិទ្ធបានលើកឡើងថាគេត្រូវរងចាំមើលសិន ប៉ុន្តែរយៈពេល២សប្តាហ៍ក្រោយពីជំនួបផ្ទាល់រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មីន អ៊ុងឡាំង កាលពីដើមខែមករា ពុំទាន់មានការអនុវត្តអ្វីជាក់ស្តែងនៅឡើយទេ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែមករា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថាលោកនឹងអញ្ជើញមេដឹកនាំយោធាភូមាចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពរីកចម្រើននៅក្នុងការអនុវត្តចំណុចទាំង៥ នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទរបស់អាស៊ាន។ ប៉ុន្តែប្រសិនបើមិនមានទេ មេដឹកនាំយោធាភូមាក៏ត្រូវតែត្រៀមក្នុងការបញ្ជូនតំណាងមិនមែនជាថ្នាក់នយោបាយចូលរួមក្នុងកិច្ចប្រជុំអាស៊ាននេះផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ