អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ីថា ប្រមុខការទូតម៉ាឡេស៊ីព្រហើន និងមិនយល់ពីសិល្បៈការទូត

នៅ​ក្នុង​ជំនួប​តាម​ទូរសព្ទ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅ​ថ្ងៃ​សុក្រ​ទី​២១​មករា​នេះ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ប្រតិកម្មខ្លាំង​ៗ​ចំពោះ​ប្រមុខ​ការទូតម៉ាឡេស៊ី។ ប្រមុខ​កាទូតម៉ាឡេស៊ី លោក Saifuddin Abdullah ដែល​ធ្លាប់​បាន​ថ្លែង​វាយ​ប្រហារ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ភូមា ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា ក្នុង​ពេល​ដែល​កម្ពុជា​កាន់​តំណែង​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន អាច​ធ្វើ​ឲ្យ​មាន​ការ​បក​ស្រាយ​ខុស​ថា អាស៊ាន​ទទួល​ស្គាល់​របប​យោធាភូមា ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​។ សម្រាប់​លោក ហ៊ុន សែន សម្ដី​របស់​ប្រមុខ​ការទូតម៉ាឡេស៊ី​ដូច្នេះ បង្ហាញ​ពី​ភាព​ព្រហើន និង​មិន​យល់​ពី​សិល្បៈ​ការ​ទូត​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

«មិន​យល់​ពី​សិល្បៈ​ការ​ទូត ហើយ​ព្រហើន ហ៊ាន​ប្រើ​សម្ដី​វាយ​ប្រហារ​លើ​ប្រធាន​អាស៊ាន»។ នេះ​គឺ​ជា​សារ​ដែល​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្នាំ​២០២២ ផ្ញើ​ទៅ​កាន់​ប្រមុខ​ការទូតម៉ាឡេស៊ី តាម​រយៈ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក កៅ គឹមហួន រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ដ្រី នៅ​ក្រោយ​ជំនួប​តាម​ទូរសព្ទ​រវាង​មេ​ដឹក​នាំ​កម្ពុជា​និង​ឥណ្ឌូនេស៊ី នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២១ មករា​នេះ​។

បើ​តាម​លោក កៅ គឹមហួន លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន យល់​ថា រដ្ឋ​មន្ដ្រី​ការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah ធ្លាប់​ធ្វើ​ការងារ​ក្នុង​ក្របខណ្ឌ​គណបក្ស​ប្រឆាំង​នា​ពេល​កន្លង​មក​។ ប៉ុន្តែ ក្នុង​នាម​ជា​រដ្ឋ​មន្ដ្រី​ការបរទេស និង​ជា​អ្នក​ការទូត​មួយ​រូប លោក Saifuddin Abdullah បែរ​ជា​ហ៊ាន​ប្រើ​ពាក្យ​សម្ដី​ព្រហើន​ជាមួយ​ប្រធានអាស៊ាន ក៏​ដូច​ជា​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ដែល​ពុំ​មាន​ប្រើ​ប្រាស់​ភាសា​ការទូត​សោះ​ឡើយ​។

សូម​ជម្រាប​ជូន​ថា ប្រមុខ​ការទូតម៉ាឡេស៊ី លោក Saifuddin Abdullah ​ធ្លាប់​បាន​ថ្លែង​វាយ​ប្រហារ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ភូមា ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា ក្នុង​ពេល​ដែល​កម្ពុជា​កាន់​តំណែង​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន អាច​ធ្វើ​ឲ្យ​មាន​ការ​បក​ស្រាយ​ខុស​ថា អាស៊ាន​ទទួល​ស្គាល់​របប​យោធាភូមា ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​។

យ៉ាង​ណា​ក៏​ដោយ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ថ្លែង​ពន្យល់​ទៅ​កាន់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅ​កាន់​ប្រទេស​ភូមា​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ គឺ​ដើម្បី​ដាំ​ដើមឈើ មិន​មែន​ទៅ​កាប់​ឈើ​ទេ​។ ហើយ​ការងារ​ដាំ​ដើមឈើ​នេះ​ទៀត​សោត ពុំ​មែន​ដាំ​មួយ​ថ្ងៃ ហើយ​រំពឹង​ថា​បាន​ផ្លែ​ផ្កា​ភ្លាម​ដែរ។ ការងារ​នេះ ទាមទារ​ពេល​វេលា ដំណោះ​ស្រាយ​នយោបាយ​ដែល​មាន​លក្ខណៈ​យូរ​អង្វែង និង​ការ​ធ្វើ​ការ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​។ នេះ​បើ​តាមប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ស្រង់​បន្ត​ប្រាប់​អ្នក​សារព័ត៌មាន តាម​រយៈ​​លោក កៅ គឹម ហួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ