អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

ប្រមុខការទូតវៀតណាមជាមនុស្សទី៣ដែលមកទស្សនកិច្ចនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន

ប្រមុខ​ការទូត​វៀតណាម បាន​មកធ្វើ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករានេះ ទៅតាមការអញ្ជើញរបស់ប្រមុខ​ការទូត​កម្ពុជា។ លោក ប៊ូយ ថាញ់សឺន គឺជាមនុស្សទី៣ ដែល​មក​បំពេញទស្សនកិច្ច​នៅកម្ពុជា បន្ទាប់ពី​ប្រមុខ​ការទូត​អង់គ្លេស និង​អគ្គលេខាធិការ​អាស៊ាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប៊ូយ ថាញ់សឺន ប្រមុខការទូតវៀតណាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប៊ូយ ថាញ់សឺន ប្រមុខការទូតវៀតណាម © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណើរទស្សនកិច្ច​ផ្លូវការ​មកកាន់កម្ពុជា លោក ប៊ូយ ថាញ់សឺន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​ប្រមុខការទូត​កម្ពុជា លោក ប្រាក់ សុខន នៅព្រឹក​ថ្ងៃទី២០​មករានេះ​។ ចំណែកពេល​រសៀល​ ប្រមុខ​ការទូតវៀតណាម​រូប​នេះ ត្រូវ​ចូល​ជួប​សំដែង​ការគួរសមជាមួយ​លោក សាយ​ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភាកម្ពុជា។

​ក្នុងជំនួប​ទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ភាគីទាំងពីរពិភាក្សាគ្នាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។ ខណៈដែលឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត-វៀតណាម ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា គឺជាការបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដោយឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។ នេះបើតាម​សេចក្តី​ប្រកាស​​របស់​ក្រសួង​ការបរទេស​នៅមុន​ដំណើរ​ទស្សនកិច្ចនេះ។

ជាការកត់សំគាល់ ប្រមុខការទូតវៀតណាមរូបនេះ គឺជាមនុស្សទី៣​ដែល​បាន​មកធ្វើ​ទស្សនកិច្ច​នៅកម្ពុជា នៅពេលកម្ពុជាធ្វើ​ជាប្រធានអាស៊ាន​នៅឆ្នាំនេះ ដែល​ទី១គឺលោកស្រី Amanda Milling អនុរដ្ឋមន្រ្ដីការបរទេសអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី និងទី២ គឺលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន។

សម្រាប់​ប្រទេស​វៀតណាម ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​រូបនេះមកកម្ពុជា គឺតែមួយ​ខែប៉ុណ្ណោះ បន្ទាប់ពី​លោក​ ង្វៀង ស៊ួន​ហ្វុក ​ប្រធានាធិបតី​​វៀតណាម ​បាន​មក​បំពេញ​ទស្សនកិច្ចផ្លូវ​រដ្ឋ ​នៅ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ កាលពីថ្ងៃទី​២១ និង២២​ ខែធ្នូ​ ឆ្នាំ​២០២១។​ ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋវៀតណាមនៅ​ពេលនោះ​ ត្រូវ​អ្នក​ជំនាញ​ខាងកិច្ចការ​តំបន់​ និង​ទំនាក់ទំនង​អន្តរជាតិ​មើល​ឃើញថា​ ជាការ​ឲ្យតម្លៃ​របស់​ប្រទេស​វៀតណាម​ដល់​ទំនាក់​ទំនង​ទ្វេភាគី​ដល់​កម្ពុជា ខណៈកម្ពុជា​ធ្វើ​ប្រធានអាស៊ាន​ បើ​ទោះ​ណា​ជា​ប្រទេស​ទាំងពីរ​ធ្លាប់​មាន​ការ​ថ្នាំងថ្នាក់​គ្នា​រឿង​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ