អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

បណ្តាអង្គការអន្តរជាតិធំៗចំនួន៧ ថ្កោលទោស ការចាប់ខ្លួនមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ពីអាជ្ញាធរក្រុងភ្នំពេញ

សហព័ន្ធ​សហជីព​អន្តរជាតិ​និង​បណ្តាអង្គការ​អន្តរជាតិធំៗ​ចំនួន៧​នៅថ្ងៃទី១៨​មករា​ បានចេញ​មកសម្តែង​ការព្រួយបារម្ភ​កាន់តែខ្លាំង​ទៅលើការ​គោរព​សិទ្ធិមនុស្ស ​និងការ​អនុវត្ត​ច្បាប់​ការងារ​ពីសំណាក​នយោជក​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​ ក្នុង​សេចក្តី​ថ្លែង​រួមរបស់​បណ្តា​អង្គការ​អន្តរជាតិ​ខាងដើម​ ក៏បាន​សម្រេច​ថ្កោលទោស​ចំពោះ​សកម្មភាព​ចាប់ខ្លួន​មេដឹកនាំ​សហជីព​ជាបន្តបន្ទាប់​ពីសំណាក​អាជ្ញាធរ​ក្រុងភ្នំពេញ​ និង​ការចូល​វាយឆ្មក់​ទៅក្នុង​ការិយាល័យ​របស់​សហជីព​នៃក្រុមហ៊ុន​ណាហ្គាវើលដ៍​ រួមទាំង​ការរឹបអូស​យកសម្ភារៈ​និង​ឯកសារ​សំខាន់​ជាច្រើន​ទៀតផងដែរ។​

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ចេញមកធ្វើកូដកម្មជុំរិញបញ្ហាវិវាទការងារ
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ចេញមកធ្វើកូដកម្មជុំរិញបញ្ហាវិវាទការងារ © សហការី
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល១ខែមកហើយ ដែលបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ចេញមកធ្វើកូដកម្មជុំរិញបញ្ហាវិវាទការងារ ក្រោយក្រុមហ៊ុនល្បែងមួយនេះបានបញ្ឈប់បុគ្គលិកជាង១២០០នាក់ចេញពីការងារ ក្រោមហេតុផលកូវីដ១៩។ បញ្ហាវិវាទការងារដ៏ចាក់ស្រេះនេះ នៅមិនទាន់មានពន្លឺនៃដំណោះស្រាយពីសំណាកថៅកែក្រុមហ៊ុន និងអ្នកពាក់ព័ន្ធនៅឡើយនោះទេ ខណៈសំណុំរឿងនេះ កំពុងស្ថិតក្រោមក្រសែភ្នែករបស់បណ្តាអង្គការជាតិ អន្តរជាតិ និងមន្ត្រីទូតជាច្រើនផងដែរ។

ជុំវិញបញ្ហាវិវាទការងារនេះ សហព័ន្ធសហជីពអន្តរជាតិ និងបណ្តាអង្គការអន្តរជាតិចំនួន៧ផ្សេងទៀតកាលពីថ្ងៃទី១៨ មករាម្សិលមិញ បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញពីក្តីព្រួយបារម្ភកាន់តែខ្លាំង ទៅលើការរំលោភសិទ្ធិមនុស្ស និងការចាប់ខ្លួនសកម្មជន និងមេដឹកនាំសហជីពចំនួន២៩នាក់​ដែលបានដឹកនាំការធ្វើកូដកម្មកាលពីថ្ងៃទី១៨ ធ្នូឆ្នាំ២០២១កន្លងទៅ។

ក្នុងសេចក្តីថ្លែងការណ៍រួមចំនួន៣សន្លឹករបស់អង្គការអន្តរជាតិទាំង៧ខាងដើម ក៏បានសម្រេចថ្កោលទោសចំពោះទង្វើចូលវាយឆ្នក់នៅក្នុងការិយាល័យរបស់សហជីពនៃបុគ្គលិកខ្មែររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងការប្រមាថរបស់អាជ្ញាធរមកលើសហជីពក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ៤ មករា កន្លងទៅថាជា ការធ្វើបដិវត្តន៍ពណ៌ និងការយាយី បំភិតបំភ័យរបស់អាជ្ញាធរមកលើក្រុមកូដករជាដើម។ បើផ្អែកតាមសេចក្តីថ្លែងការណ៍ដដែល ការជ្រៀតជ្រែកហួសហេតុរបស់អាជ្ញាធរមកលើក្រុមកូដករមិនបានបង្ហាញពីដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់នោះទេ។ ប៉ុន្តែនេះជារំលោភសិទ្ធិមនុស្សដែលមិនអាចទទួលយកបាន និងថា អាជ្ញាធរគួរតែជ្រៀសវាងពីការរំខានដល់កូដករដែលកំពុងតវ៉ាដោយសន្តិវិធី លើកលែងតែបញ្ហានេះស្ទើរតែមិនអាចរកយុត្តិធម៌បាន។

ដោយឡែកចំពោះសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយរបស់សហព័ន្ធសហជីពអន្តរជាតិ(ITUC)ក៏បានលើកឡើងដែរថា ការចាប់ខ្លួនមេដឹកនាំសហជីពជាប់ឆ្នោតចំនួន៣រូបដូចជា កញ្ញា ឈឹម ស៊ីថរ​ កញ្ញា ឈឹម សុខន និងលោកសុខ ណារិទ្ធ គឺជាភស្តុតាងនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលត្រូវបានបង្កើតឡើងក្រោមស្តង់ដារអន្តរជាតិ រួមទាំងអនុសញ្ញអន្តរជាតិលេខ ៨៧,៩៨ និង១៣៥របស់អង្គការអន្តរជាតិខាងការងារផងដែរ។

ទាក់ទិននឹងបញ្ហានេះ អង្គការទាំង៧ខាងដើម បានសម្រេចស្នើឱ្យកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ត្រូវលើកកម្ពស់ និងអនុលោមតាមសន្និសញ្ញាស្តីពីពលកម្មអន្តរជាតិ និងសិទ្ធិមនុស្សជាពិសេសស្របតាមអនុសញ្ញាILO លេខ ៨៧,៩៨ ទាំងក្នុងប្រទេស និងក្នុងក្របខណ្ឌ័អាស៊ាន។​ និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសហជីពដែលកំពុងជាប់ឃុំជាបន្ទាន់ និងត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់ទៅលើពួកគេដោយគ្មានភ្ជាប់លក្ខខណ្ឌ។ និងថា អាជ្ញាធរ ក៏ដូចជាកងកម្លាំងសមត្ថកិច្ចត្រូវបញ្ឈប់នូវសកម្មប្រឆាំង និងបំភិតបំភ័យទៅលើក្រុមបាតុករ និងសហជីពដែលកំពុងធ្វើកូដកម្មដោយសន្តិវិធីនៅខាងក្រៅក្រុមហ៊ុនល្បែងកាស៊ីណាហ្គាវើលដ៍នេះ។

សូមរំឭកថា កាលពីថ្ងៃទី០៧ មករា អង្គការអន្តរជាតិខាងការងារ ក៏ចេញមកស្នើឱ្យលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រើអំណាចរបស់ខ្លួនដើម្បីធានាឱ្យមានការដោះលែងជាបន្ទាន់នូវមេដឹកនាំសហជីព កម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ព្រមទាំងស្នើ​ឱ្យទម្លាក់បទចោទទាំងអស់ទាក់ទងទៅនឹងបទឧក្រិដ្ឋប្រឆាំងនឹងសកម្មភាពរបស់ពួកគេផងដែរ។ ប៉ុន្តែ មកទល់​ពេលនេះ ​នៅមិនទាន់​មានការឆ្លើយតប​យ៉ាងណា​នៅឡើយ​ពីសំណាក់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ