អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ប្រសិតពិសេសអាស៊ាន៖ «យើងមានសុទិដ្ឋិនិយមលើអនាគតអាស៊ាន ទោះបីកំពុងប្រឈមនឹងបញ្ហាមួយចំនួន»

លោកប្រាក់​ សុខុន​ ក្នុង​នាម​ជាប្រសិត​ពិសេស​អាស៊ានឆ្នាំ​២០២២​នេះ​ បាន​គូសបញ្ជាក់​ថា​ លោក​និង​អគ្គលេខាធិការអាស៊ាន​ បន្ត​មាន​សុទិដ្ឋិនិយម​លើអនាគត​របស់​អាស៊ាន​ បើទោះបី​ជា​ពេលនេះ​កំពុង​ប្រឈម​នឹង​បញ្ហាមួយ​ចំនួនក្តី។​ ការគូសបញ្ជាក់​នេះ ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាងលោក​ ប្រាក់​ សុខុន​ និងលោក លឹម ចុកហ៊ុយ​ អគ្គលេខាធិការ​អាស៊ាន​ កាលពីថ្ងៃ​ចន្ទ​ទី១៧​មករា​ម្សិលមិញ​ នៅខណៈ​ដែល​មតិជាតិ​និង​អន្តរជាតិ​មួយ​ចំនួន​ លើកឡើងថា​ អាស៊ាន​កំពុងឈាន​ទៅរកភាព​បែកបាក់​ បន្ទាប់​ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ធ្វើ​ដំណើរ​ទៅភូមា។​

ជំនួបរវាងលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន
ជំនួបរវាងលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន © FB/MOFAIC
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​អគ្គលេខាធិការ​អាស៊ាន​ លោកប្រាក់​ សុខុន​ ប្រមុខការទូត​កម្ពុជា​ បាន​លើកឡើង​ថា​ លោក លឹម ចុក ហ៊ុយ​ បាន​គាំទ្រកម្ពុជាយ៉ាងពេញទំហឹងចំពោះអាទិភាព និងគម្រោងសំខាន់ៗររបស់អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្តូរវេននៅឆ្នាំនេះ។ បើតាមប្រមុខការទូតកម្ពុជា ជំនួបទ្វេភាគីនេះ បានពិភាក្សាលើបញ្ហាមួយចំនួន ខណៈដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំអាស៊ានធំៗនាពេលខាងមុខ។

ទោះជាយ៉ាងណា ភាគីទាំងពីរក៏បានទទួលស្គាល់ដែរ ចំពោះបញ្ហាមួយចំនួនដែលអាស៊ានកំពុងជួបប្រទះ។ បញ្ហាមួយចម្បងដែលកំពុងចម្រូងចម្រាស់នោះគឺ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសភូមា កាលពីថ្ងៃទី០៧មករា។ ដំណើរទស្សនកិច្ចរបស់លោក ត្រូវបានប្រទេសក្នុងតំបន់មួយចំនួនរិះគន់ ដ្បិតលោកបានក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន។ លើសពីនេះ មតិអន្តរជាតិមួយចំនួនក៏បានលើកឡើងដែរ អំពីការលើកពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅពេលនេះ ថាដោយសារតែភាពខ្វែងគំនិតគ្នា។

យ៉ាងណាក៏ដោយ នៅក្នុងជំនួបលោកប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ាន លោកបានអះអាងថា កម្ពុជាបន្តមានភាពវិជ្ជមានលើអនាគតរបស់អាស៊ាន ទោះបីជាកំពុងប្រឈមនឹងបញ្ហាមួយចំនួនក្តី។ បើតាមប្រេសិតពិសេសអាស៊ានរូបនេះ  កម្ពុជាដឹងច្បាស់ថាស្មារតីសាមគ្គីភាព និងការរួបរួមគ្នារបស់អាស៊ាន នឹងយកឈ្នះរាល់គ្រប់ឧបសគ្គ។

កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃនេះ បានចេញផ្សាយនូវអត្ថបទមួយ ដោយនិយាយអំពីតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា។ កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា ជោគជ័យនៃប្រធានអាស៊ានរបស់លោក ហ៊ុន សែន នឹងត្រូវ កំណត់ដោយបញ្ហាធំៗចំនួនបី គឺវឌ្ឍនភាពនៃវិបត្តិភូមា និងការចរចាអំពីក្រមសីលធម៌នៅសមុទ្រចិនខាងត្បូង និងប្រតិបត្តិការទស្សនវិស័យអាស៊ានសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក។

ជុំវិញបញ្ហាវិវត្តរបស់ភូមា ប្រសិតពិសេសអាស៊ាន លោកប្រាក់ សុខុន ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាក់គ្រីស្ទ្សណាន់ កាលពីថ្ងៃទី១៣មករាកន្លងទៅដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានជជែកពីការវិវត្តនៅក្នុងប្រទេសភូមា។ ហើយសម្រាប់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី សម្តែងការព្រួយបារម្ភពីការវិវត្តចុងក្រោយរបស់ភូមា ធ្វើឲ្យការខិតខំទាំងប៉ុន្មានកន្លងមកនេះ ក្លាយជាអាសាបង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ