អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកវិភាគ៖ ការវាយប្រហារបន្ថែមរបស់របបយោធាភូមា គឺផ្ទុយពីសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជា

របបយោធាភូមា​ កាលពី​ចុងសប្តាហ៍​កន្លងទៅ​ បាន​បើកការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅ​លើក្រុង​ ឡយក​ នៃរដ្ឋធានីកាយ៉ាក។​ ការវាយ​ប្រហារនេះ ​ធ្វើឡើង​បន្ទាប់ពី​មាន​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទៅភូមា​ កាលពីថ្ងៃ​ទី០៧មករា​។​ ការវាយ​ប្រហារបន្ថែម​នេះ​ ត្រូវ​បាន​អ្នកវិភាគចាត់​ទុក​ថា ​ជាសកម្មភាព​ផ្ទុយ​ពីសេចក្តី​ថ្លែងការណ៍​រួមជា​មួយ​កម្ពុជា។​ តែយ៉ាង​ណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ថា ​អាស្រ័យ​លើការ​ឯកភាព​ពីគ្រប់ភាគី​ ហើយ​កម្ពុជា​ក៏​មិនទាន់​បាន​ជួប​ភាគីពាក់ព័ន្ធ​ទាំងអស់​ដែរ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មីន អ៊ុងឡាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មីន អ៊ុងឡាំង © FB/SMP
ផ្សាយពាណិជ្ជកម្ម

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃចន្ទទី១០មករា លោកបណ្ឌិត សេង សារី អ្នកតាមដានបញ្ហាសង្គម បានសរសេររៀបរាប់ថា សកម្មភាពវាយប្រហារពីសំណាក់កងទ័ពភូមាទៅលើកងទ័ពការឿងក្រហម នៅរដ្ឋកាយ៉ាកពេលនេះ ជាសកម្មភាពផ្ទុយពីសេចក្តីថ្លែងការណ៍រួមស្តីពី បទឈប់បាញ់គ្នាដែលធ្វើឡើងក្នុងដំណើរទស្សកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រកន្លងទៅនេះ។ លោកបណ្ឌិត សេង សារី បានចាត់ទុកថា នេះជាសកម្មភាពមួយដែលមិនទុកមុខ ទុកមាត់ឲ្យកម្ពុជា។

រីឯលោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាវិញ បានលើកឡើងថា មេដឹកនាំផ្តាច់ការច្រើនតែសន្យាផ្សេង ធ្វើផ្សឹង។ បើតាមលោកបណ្ឌិត ប៉ា ច័ន្ទរឿន គួរណាស់តែមើលលើសកម្មភាពជាក់ស្តែង មុននឹងជឿ។ ការដែលមិនគោរពនឹងការសន្យាក្នុងសេចក្តីថ្លែងការណ៍នេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន យល់ថា ហាក់មិនបានឆ្លុះបញ្ចាំងផ្លែផ្កាពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។

ជុំវិញបញ្ហាវាយប្រហារបន្ថែម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា បញ្ហាឈប់បាញ់គ្នានោះ គឺអាស្រ័យលើការចូលរួមនិងឯកភាពពីគ្រប់ភាគីទាំងអស់ក្នុងប្រទេសភូមា។ ដោយឡែកសម្រាប់កម្ពុជាមានតួនាទីក្នុងការជួយសម្របសម្រួលប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោក ផៃ ស៊ីផាន បានអះអាងថា កម្ពុជាក៏មិនទាន់បានធ្វើអ្វីច្រើននោះទេ ដោយរង់ចាំប្រសិតពិសេសជួយសម្របសម្រួល និងជួបជាមួយភាគីពាក់ព័ន្ធទាំងអស់សិន។

គួរជម្រាបថា ក្នុងដំណើរទស្សកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០៧មករា របបសឹកយោធាភូមាបានចេញនូវសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជា ដោយនិយាយគ្នាលើចំណុចសំខាន់ចំនួន២ជុំវិញវិបត្តិនៅភូមា។ ក្នុងសេចក្តីថ្លែងការណ៍ មេដឹកនាំយោធា លោក មីន អ៊ុងឡាំង បាន​ប្រកាស​ថា កងទ័ព​នឹង​ពន្យារ​ការអនុវត្ត​បទឈប់បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ ជនជាតិភាគតិច​ទាំងអស់​ រហូតដល់​ចុងឆ្នាំ២០២២។

ក៏ប៉ុន្តែនៅចុងសប្តាហ៍កន្លងទៅនេះ ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​តស៊ូ​និង​ទាហាន​របប​យោធា។ សកម្មភាពនេះ បានបង្ខំឲ្យប្រជាពលរដ្ឋជាងពីរពាន់នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃចន្ទម្សិលមិញ។

ក្រៅពីការវាយប្រហារបន្ថែមនេះ របបសឹកភូមាក៏មានដែរ នូវការកាត់ទោសបន្ថែមទៅលើលោកស្រីអ៊ុងសាន ស៊ូជី។ ដោយនៅថ្ងៃទី១០មករា តុលាការភូមា បានសម្រេចកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារបួនឆ្នាំបន្ថែមទៀត ដោយចោទប្រកាន់ពីបទនាំចូលអាយកូម ដោយខុសច្បាប់។ ការកាត់ទោសនេះ ក៏ត្រូវបានអ្នកឃ្លាំមើលសង្គម យល់ថា ជារឿងដែលមិនទុកមុខឲ្យកម្ពុជាទាល់តែសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ