អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ភូមា​៖ លោក​ហ៊ុន ​សែន​ ត្រូវ​បាន​មេដឹកនាំ​រដ្ឋ​ប្រហារ​ស្នើ​សុំ​ធ្វើ​ជា​បង​ប្អូន​ធម៌

ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទស​ភូមា ​លោកហ៊ុន សែន​ ត្រូវ​បាន​មេដឹកនាំ​រដ្ឋ​ប្រហារ ​លោក​ មីន​ អ៊ុងឡាំង ស្នើ​សុំ​រាប់​អាន​ធ្វើ​ជា​បង​ប្អូន​ធម៌​។​ ការ​ស្នើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ​មាន​ដំណើរ​ទស្សនកិច្ច​ចំនួន​ពីរ​ថ្ងៃ ​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ទៅ​កាន់​ប្រទេស​ភូមា ​កាល​ពី​ថ្ងៃ​ទី​០៧​មករា​។ នេះ​បើ​តាម​ការ​បង្ហើប​របស់​លោក​ អន​ឃួន ​សំអូន​ អ្នក​កាសែត​មួយ​រូប​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​។ ការ​រាប់​អាន​នេះ ​ត្រូវ​បាន​អ្នកវិ​ភាគ​យល់​ថា ​ជះឥទ្ធិពល​ទាំង​វិជ្ជមាន​ និង​អវិជ្ជមាន​ រវាង​ប្រទេស​ទាំង​ពីរ​។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក មីន អ៊ុងឡាំង
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក មីន អ៊ុងឡាំង © Internet
ផ្សាយពាណិជ្ជកម្ម

ជុំវិញដំណើរទស្សនកិច្ចចំនួន២ថ្ងៃ នៅឯប្រទសភូមា លោកហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានថ្មីនៅឆ្នាំនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មេដឹកនាំរដ្ឋប្រហារយោធា នាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ ក្នុងដំណើរទស្សនកិច្ចនេះ បានទម្លាយឲ្យដឹងពីផ្លែផ្កាមួយចំនួន ដែលប្រធានអាស៊ានបានព្យាយាមសម្របសម្រួលបញ្ហានយោបាយរបស់ប្រទេសភូមា។

ក្នុងចំណោមនោះ អ្នកកាសែតរូបថតមួយរូបដែលធ្វើដំណើរទៅកាន់ប្រទេសភូមាដែរនោះ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រាប់អានគ្នាធ្វើជាបងប្អូនធម៌។ នៅក្នុងសំណេរលើបណ្តាញសង្គមហ្វេសប៊ុក លោក អនឃួន សំអូន ជាអ្នកថតរូប បានសរសេរថា លោក មីន អ៊ុងឡាំង បានប្រាប់លោកនាយករដ្ឋមន្ត្រីថា បើមានកម្មវិធីអ្វី កុំភ្លេចហៅលោកឲ្យចូលរួម។

ជុំវិញទំនាក់ទំនងរាប់អានគ្នាជាបងប្អូនធម៌បែបនេះ ត្រូវបានអ្នកវិភាគគិតថា ជះនូវរូបភាពវិជ្ជមាន និងអវិជ្ជមានផងសម្រាប់កម្ពុជា។ រូបភាពវិជ្ជមានត្រង់ថា ទំនាក់ទំនងរវាងមេដឹកនាំនិងមេដឹកនាំ ជាកត្តាមួយឈានទៅរកទំនាក់ទំនងល្អរវាងប្រទេសនិងប្រទេស។ នេះបើតាមលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភា កម្ពុជា ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះ។

តែចំពោះចំណុចអវិជ្ជមាននោះ គឺត្រង់ថា នាយឧត្តមសេនីយ៍ មីន អ៊ុងឡាំងជាមេដឹកនាំរដ្ឋប្រហារ ដែលបានទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី ពីតំណែង។ សម្រាប់លោកបណ្ឌិត គិន ភា ត្រង់ចំណុចនេះ ចង់ឬមិនចង់ នឹងមានការរិះគន់ពីសាធារណជន ជាពិសេសអ្នកដែលគាំទ្រលោកស្រី អ៊ុងសាន ស៊ូជី។ លោកបណ្ឌិត គិន ភា បានលើកឡើងថា អាចនឹងមានការប្រៀបប្រដូច រវាងលោក ហ៊ុន សែន ទៅនឹង លោក មីន​ អ៊ុងឡាំង ជាដើម។

ទោះយ៉ាងណា ការរិះគន់បន្ថែមពីមតិសហគមន៍អន្តរជាតិ ក៏បានកើតមានជុំវិញដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន ទៅកាន់ប្រទេសភូមានេះ។ សម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានចាត់ទុកថា ការដែលគ្រាន់តែធ្វើដំណើរទៅជួបជាមួយ លោក មីន អ៊ុងឡាំង នោះគឺជាការក្បត់នឹងអាស៊ាន ខណៈដែលលោកស្រី អ៊ុងសាន ស៊ូជី កំពុងជាប់ឃុំឃាំង ហើយក្នុងដំណើរទស្សនកិច្ចក៏គ្មានជំនួបផងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ