អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

អង្គការលើកលែងទោសអន្តរជាតិ ៖ បើលោកហ៊ុន សែន ចង់ជួយភូមា នោះលោកមិនគួរទៅទស្សនកិច្ចនោះទេ

អង្គការលើកលែងទោសអន្តរជាតិAmnesty Internationalនៅថ្ងៃព្រហស្បតិ៍នេះ បានចេញមកស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កុំធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសភូមា។ អង្គការអន្តរជាតិមួយនេះថា បើលោកហ៊ុន សែន ចង់ជួយភូមា លោកគួរលុបចោលគម្រោងទស្សកិច្ចមួយនេះ។ តែទោះជាយ៉ាងណា លោកហ៊ុន សែន បានព្រលយពាក្យជាច្រើនដងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ភូមា គ្មានអ្វីប្រែប្រួលនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា AP - An Khoun Sam Aun
ផ្សាយពាណិជ្ជកម្ម

«ប្រសិនបើលោក ហ៊ុន សែន ពិតជាចង់ជួយភូមាមែន លោកគួរតែលុបចោលដំណើរទស្សនកិច្ចនេះ ហើយដឹកនាំអាស៊ានឱ្យចាត់វិធានការខ្លាំងក្លា ដើម្បីដោះស្រាយស្ថានការណ៍សិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ប្រទេសភូមា»។ នេះគឺជាលើកឡើងរបស់លោកស្រី អ៊ីមើលីន ហ្គីល (Emerlynne Gil) នាយករងប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិ ធ្វើឡើងមុនមួយថ្ងៃ នៃដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅភូមានៅថ្ងៃទី០៧មករា។

នាយករងប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិ ជាស្ត្រីរូបនេះ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាទំនាក់ទំនងការទូតដ៏អាក្រក់ ដែលអាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ ចំពោះចំណាត់ការរបស់អាស៊ាន ទៅលើវិបត្តិភូមា។

ជុំវិញដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន នេះ អ្នកនាំពាក្យរបបយោធាភូមា បានចេញមកឆ្លើយនៅថ្ងៃពុធម្សិលមិញនេះថា របបយោធានឹងមិនអនុញ្ញាតឲ្យលោកហ៊ុន សែន ជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវរបបយោធាឃុំឃាំងនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័តមាន Irrawaddy នៅថ្ងៃទី០៥មករា។

ការមិនអាចជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន នៅថ្ងៃស្អែកនេះ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកថាជាអំពើក្បត់នឹងអាស៊ាន។

នៅក្នុងសំណេររបស់ខ្លួនលើបណ្តាញសង្គមធ្វីតទ័រ លោក ភីល រូប៊ើតសុន នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី បានសរសេរថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គួរ​ទាមទារឲ្យ​របប​យោធាភូមា​ ​ផ្តល់​លទ្ធភាព​ដល់​គ្រប់​ភាគី​ជម្លោះ​ក្នុង​ប្រទេស​ភូមា រួមទាំង​លោកស្រី អ៊ុងសាន ស៊ូជី និង​មេដឹកនាំ​នយោបាយ​ផ្សេងទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ។ ការណ៍ដែលគ្រាន់តែជួបជាមួយឧត្តមសេនីយ មីន អ៊ុងឡាំង និងរបបយោធា គឺជាការក្បត់អាស៊ាន។

ទោះបីជាមានមតិរិះគន់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែលោកហ៊ុន សែន បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក គ្មានអ្វីប្រែប្រួលនោះទេ។ លោកថា លោកទៅប្រទេសភូមាពេលនេះ គឺមិនឃ្លាតឆ្ងាយពីកុងសង់ស៊ីស ៥ចំណុចដែលអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១ នៅឥណ្ឌូនេស៊ី។ ក៏ប៉ុន្តែលោកថាអ្វីៗគឺស្ថិតនៅលើដែនសមត្ថកិច្ចរបស់ភូមា ដោយឡែក លោក និងអាស៊ានគឺគ្រាន់តែជួយសម្របសម្រួលពីខាងក្រៅតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ