អានតួអត្ថបទ
អប់រំ សង្គម

ប្រឡងបាក់ឌុប៖ ក្តីបារម្ភពីសិស្សពពាក់ពពូន ពេលមើលឈ្មោះ និងថ្ងៃប្រឡង

ថ្ងៃអាទិត្យ​ ទី២៦ ខែធ្នូ បេក្ខជន​ត្រូវ​ប្រឡងបាក់ឌុប​​ នឹងត្រូវ​​ពិនិត្យមើល​​ឈ្មោះ​ប្រឡង​ ដើម្បី​ត្រៀមខ្លួន​ជាចុងក្រោយ  មុន​​ចូលសមរភូមិ​ផ្តាច់​ព្រ័ត្រ​​ថ្នាក់ទី​១២ នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ធ្នូ​។ នៅក្នុង​បរិបទ​កូវីដ១៩​ អ្នក​ធ្វើការ​វិស័យ​អប់រំ និង​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​ ទំនង​ជានៅ​មាន​ក្តីបារម្ភពីសិស្ស​ដែល​អាច​នឹង​ជួបជុំ​ពពាក់ពពូនគ្នា​ នៅ​ពេលពិនិត្យ​មើលឈ្មោះ និងនៅ​ថ្ងៃប្រឡង នា​ដើមសប្តាហ៍​ខាងមុខ។

សិស្ស​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​អង្គុយ​ក្នុង​ថ្នាក់​រៀន​ដោយ​មាន​ពាក់​ម៉ាស​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​។ ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា ឆ្នាំ​២០២០​។
សិស្ស​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​អង្គុយ​ក្នុង​ថ្នាក់​រៀន​ដោយ​មាន​ពាក់​ម៉ាស​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​។ ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា ឆ្នាំ​២០២០​។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នេះ ​ខុស​ពីឆ្នាំមុន​។ ឆ្នាំ​មុន ព្រោះតែមេរោគ​​កូវីដ បេក្ខជន​ដែល​ត្រូវប្រឡងបញ្ចប់​​ថ្នាក់ទី​១២ បាន​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ។ ឆ្នាំ​នេះ  បេក្ខជនចុះឈ្មោះប្រឡងសរុប ចំនួនជាង១១ម៉ឺន៤ពាន់នាក់។​ ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្ត ប្រមាណ​៤ម៉ឺននាក់  ក្រៅពីនោះ ថ្នាក់សង្គម។ ពួក​គេ​ត្រូវ​ប្រឡង​ទាំង​ក្នុង​ដំណាក់​កាល​កូវីដនិង​កូវីដបំប្លែង​ខ្លួន​ច្រើន​ប្រភេទ​ កំពុង​បន្ត​រាតត្បាត។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ អ្នក​គ្រូ អ៊ុក ឆាយាវី សម្តែង​ក្តីបារម្ភ​ប្រាប់​វិទ្យុ​បារាំង RFI ថា «អ្នកស្រី​​ព្រួយ​ខ្លាំង​បំផុត ​ពី​ការ​ឆ្លង​មេរោគ​ គឺនៅពេល​​សិស្ស​ដែល​ត្រូវ​ទៅ​ពិនិត្យ​មើលឈ្មោះ​។ ព្រួយ​ខ្លាំងព្រោះ ពួក​គេទំនងជាច្បាស់ជា​នឹង​ពពាក់ពពូន​គ្នា​។ ​នៅ​ក្នុង​ពេល​ប្រឡង នាថ្ងៃ​ច័ន្ទទៀត ក៏ដូច្នោះ​ដែរ​ លែង​អី​នឹង​ជួបប្រាស្រ័យទាក់ទង​គ្នា និង​សប្បាយ​នឹង​ជួប​ជុំ​ បន្ទាប់​ពីអាក់​ខាន​យូរហើយ​​»។

​ចំពោះ​វិធានការ​សុវត្ថិភាព​សុខភាព សម្រាប់​យកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងសញ្ញាបត្របំពេញវិជ្ជា​ គឺក្រសួង​អប់រំ​បាន​សរសេរ​លម្អិត​សេចក្តីប្រកាស​១១ទំព័រ ដើម្បី​ពន្យល់​ពីចំណាត់​ការ ​តាំងពីមុនពេល​ ក្នុងពេល និង​ក្រោយ​ពេល​ប្រឡង។​ ពោល​គឺ​ថា​ត្រូវ​រឹត​បន្តឹង​វិធានការ​​ឲ្យ​ម៉ត់ចត់ តាំងពី​អនាម័យ​ទូទៅ​របស់បេក្ខជន និងមណ្ឌល​ប្រឡង​, ត្រូវ​រំងាប់​មេរោគ​លើតុ កៅអី ​និង​បន្ទប់ប្រឡង​​ ហើយ​មានការ​វាស់កម្តៅខ្លួន​​ និង​សម្អាតដៃ​ ជាដើម​ ដើម្បី​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។​ ​រដ្ឋមន្ត្រី​ក្រសួង​សិក្សា​ធិការ​ជាតិខ្មែរ លោក ហង់ជួន ​ណារ៉ុន​ បាន​ចេញ​លិខិត​​បញ្ជាក់ថា «បេក្ខជន​​មាន​ផ្ទុក​មេរោគ​កូវីដ មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ឡើយ»។​

បើ​ទោះ​បី​ជា​ការ​ប្រឡង​នេះ រៀបចំ​ធ្វើ​នៅ​ក្នុង​បរិបទ​កូវីដ​១៩​ក៏​ដោយ តែ​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​សង្កត់​ធ្ងន់​ថា «ដំណើរការ​រៀបចំ​ការ​ប្រឡង នៅ​តែ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ដែល​អាច​ទទួល​យក​បាន»​។

ចំពោះ​ការ​ប្រឡង​បញ្ចប់ថ្នាក់​​វិទ្យាល័យ​ នៅដើម​សប្តាហ៍​ខាងមុខ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​​បញ្ជូន​វិញ្ញាសា​ប្រឡង​​ ទៅ​កាន់​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ​ រួច​ហើយ​។ អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ដែល​បាន​អង្គេត​ពី​ដំណើរការ​បញ្ចូនប្រធាន​​វិញ្ញាសា​ប្រឡង ពី​រាជធានី​ទៅខេត្ត​ បាន​វាយតម្លៃ​យ៉ាងវិជ្ជមាន​។ ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ អះអាងថា​វិញ្ញាសាទាំង​៨៧៣ហឹប​ បាន​បិត​ជិត​យ៉ាងគត់មុខ​។ មាន​ការ​រក្សា​ធានា​សុវត្ថិភាព​ត្រឹមក្នុងការ​ដឹកជញ្ជូន ហើយ​ពេល​ទៅដល់​គោលដៅនៅមណ្ឌល​ប្រឡង​ គឺ​មាន​ក្រុម​យាមកាម​២៤ម៉ោង​/២៤ម៉ោង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ