អានតួអត្ថបទ
កម្ពុជា-នយោបាយ

រូបថតលោក ហ៊ុន សែន ត្រូវជាន់ឈ្លី និងដុតចោល ព្រោះតែសំណុំរឿងដំណើរទស្សនកិច្ចនៅភូមា

ជាបន្តបន្តាប់ ប្រជាពលរដ្ឋភូមា ផ្ទុះកំហឹងខឹង នឹង​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ដែល​ប្រកាស​ទៅ​ធ្វើ​ទស្សនកិច្ច​ នៅ​ស្រុក​ភូមា ដើមខែមករា​​។ ពីម្សិលមិញនេះ រូបថត​​លោក ហ៊ុន សែន និង​ថ្នាក់ដឹកនាំភូមា​ ត្រូវជាន់​ឈ្លី និងដុតចោល​។ ក្រុម​បាតុករ​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​នេះ មាន​ទាំង​យុវជន​ និស្សិត និង​ពលរដ្ឋ​ភូមា​ ក្នុង​និង​ក្រៅប្រទេសផង​។ គួរ​រំឮក​​ ថ្មីៗនេះ មន្ត្រីទូត​ភូមា មក​ស្រុក​ខ្មែរ ដើម្បីពិគ្រោះគ្នា​​ ក្រោយ​លោកនាយករដ្ឋមន្ត្រីក​ម្ពុជា ប្រកាស​ថា​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ភូមា នាដើម​ ​ឆ្នាំ​២០២២ ខ្វះតែ​ពីរ​សប្តាហ៍​ទៀត។

និស្សិតភូមា នៅសាកលវិទ្យាល័យ Yadanar Pon បាននាំគ្នាយករូបលោក ហ៊ុន សែន ទៅជាន់ឈ្លី និងដុតចោលតាមទីសាធារណៈ
និស្សិតភូមា នៅសាកលវិទ្យាល័យ Yadanar Pon បាននាំគ្នាយករូបលោក ហ៊ុន សែន ទៅជាន់ឈ្លី និងដុតចោលតាមទីសាធារណៈ © FB/Khit Thit Media
ផ្សាយពាណិជ្ជកម្ម

តាម​កាសែត​អនឡាញ​ភូមា ឈ្មោះ Khit Thit Media គឺគេឃើញ​មាន​ រូប​ថតមួយ​សន្លឹក​ របស់​​លោក ហ៊ុន សែន ពាក់វ៉ែនតា ទឹកមុខ​​ញញឹម  ត្រូវ​ផ្តិត​មួយ​ផ្ទាំង​ធំ។ រូបភាព​នេះ ត្រូវ​អម​ដោយ​ជើង​មនុស្ស​ផ្សេងៗគ្នា ជាន់ជុំវិញ និង ជាន់​លើ​ក្បាល ជាន់​ត្រចៀក និងស្មាផង។​  កាសែត​ The Cambodia Daily ​បាន​រាយការណ៍ ថ្ងៃទី​២១ធ្នូ​ ថា​ « ​និស្សិត​ភូមា នៅ​​សាកលវិទ្យាល័យ Yadanar Pon បាន​នាំគ្នា​យក​រូប​​លោក ហ៊ុន សែន ទៅ​ជាន់ឈ្លី និង​ដុត​ចោល​តាម​ទី​សាធារណៈ»។​ ទន្ទឹម​នឹងគ្នា​នេះ ហ្វេសបុក​ «ក្រុមអ្នកប្រយុទ្ធ CNRP» បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២០ធ្នូ ​ថា «ប្រជាពលរដ្ឋភូមា យល់ឃើញថា ដំណើររបស់ ហ៊ុន សែន ទៅ​ប្រទេសរបស់ខ្លួន គឺដើម្បីគាំទ្ររបបសឹក​ មីង អ៊ុងឡាំង ដែលជា មេដឹកនាំផ្ដាច់ការ​ដូចគ្នា។»

ជុំវិញ​សំណុំ​រឿង​អន្តរជាតិ​ដ៏​ចម្រូង​ចម្រាស់​នេះ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន បាន​ប្រកាស​ជាថ្មី​ពី​ជំហរ​របស់ខ្លួន​ កាលពី​សប្តាហ៍​មុន​នេះ ថា​ «សូម​កុំទាន់​​វាយ​តម្លៃ​ជាមុន  ហើយ​រង់ចាំ​មើល​សិន​» ពោល​គឺ​លោក ហ៊ុន សែន ចង់​ឲ្យ​អ្នក​រិះគន់​ទុក​ពេលវេលា​ឲ្យ​រូបលោក និងក្រុម​ការងារ ធ្វើការងារ និង​ ​ចាត់​ចែង​កិច្ចការ​ជាមួយ​ថ្នាក់​ដឹកនាំ​ភូមា​។

​ចំពោះ​សហគម​អន្តរជាតិ​ ស្ថានការណ៍ ​ស្រុក​ខ្មែរ​ គឺ​ ​ស្រដៀងគ្នានឹង​​នយោបាយភូមាដែរ ត្រង់​ថា សំឡេង​ប្រឆាំង​ត្រូវ​រឹត​ត្បិត​​។​ រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ ប្រមុខ​សំឡេង​ប្រឆាំង​នៅ​ភូមា​ លោកស្រី អ៊ុង សានស៊ូជី ​ គឺត្រូវ​​ក្រុម​យោធា​ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញ​ពីតំណែង​ កាលពី ខែ​កុម្ភៈ​ដើម​ឆ្នាំនេះ​។ សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​កាន់លទ្ធិ​ប្រជាធិបតេ្យ បាន រិះគន់​​ ចង្អុរមុខ ថ្កោល​ទោស​ របប​សឹក​ ​ភូមា ជាហូរហែ​។ ប៉ុន្មាន​សប្តាហ៍​មុន​នេះ​ លោកស្រី​ អ៊ុង សានស៊ូជី និមិត្តរូប​នៃសេរីភាព​ភូមា ត្រូវ​តុលាការ​​ ក្រោម​អំណា​ច​របបសឹក​ បាន​សម្រេច​​កាត់ទោស​ដាក់​ពន្ធនាគារ​  ចំនួន​បួន​ឆ្នាំ​ ពីបទល្មើស​ញុះញ៉ុង់​ឲ្យ​បំពាន​វិធានការ​ប្រឆាំង​កូវីដ និង​ពីបទល្មើស​​បំផ្លាញ​សណ្តាប់​ធ្នាប់​សាធារណៈ។

តាមកាសែត​ Le journal de Montréal, លោកស្រី​ អ៊ុង សានស៊ូជី ​អាច​នឹងត្រូវឋិត​​នៅក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ ច្រើន​ឆ្នាំតទៅ​ទៀត ប្រសិន​បើគ្មាន​អ្វីផ្លាស់ប្តូទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ