អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

អ្នកវិភាគ៖ វៀតណាមនឹងគាំទ្រកម្ពុជា ខណៈកម្ពុជាជួបរឿងធំៗពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២

តប​តាម​ការអញ្ជើញ​របស់​ ព្រះមហាក្សត្រ​កម្ពុជា​ ​លោក​ ង្វៀង ស៊ួន​ហ្វុក ​ប្រធានាធិបតី​នៃប្រទេស​សង្គមនិយម​វៀតណាម ​នឹង​មក​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​រដ្ឋ ​នៅ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២១ និង២២​ ខែធ្នូ​ ឆ្នាំ​២០២១។​ ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋវៀតណាម​ពេលនេះ​ ត្រូវ​អ្នក​ជំនាញ​ខាងកិច្ចការ​តំបន់​ និង​ទំនាក់ទំនង​អន្តរជាតិ​មើល​ឃើញថា​ ជាការ​ឲ្យតម្លៃ​របស់​ប្រទេស​វៀតណាម​ដល់​ទំនាក់​ទំនង​ទ្វេភាគី​ដល់​កម្ពុជា​ បើ​ទោះ​ណា​ជា​ប្រទេស​ទាំងពីរ​ធ្លាប់​មាន​ការ​ថ្នាំងថ្នាក់​គ្នា​រឿង​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ។​

នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និង ប្រធានាធិបតីវៀតណាម ង្វៀន ស៊ួនហ្វុក
នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និង ប្រធានាធិបតីវៀតណាម ង្វៀន ស៊ួនហ្វុក © FB/SMP
ផ្សាយពាណិជ្ជកម្ម

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក លោក​ប្រធានាធិបតីវៀតណាម ​ង្វៀន ស៊ួ​ន​ហ្វុ​ក នឹងមកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែធ្នូ​ស្អែកនេះ។ អំឡុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះ លោក ង្វៀន ស៊ួ​ន​ហ្វ៊ុ​ក នឹង​ចូល​ក្រាបថ្វាយបង្គំ​គាល់​ព្រះមហាក្សត្រ​កម្ពុជា និងមានជួបជាមួយ​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជាផងដែរ រួមមាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោក ហេង សំរិន ប្រធានរដ្ឋសភា​។

បន្ថែមពីនេះ លោក​ប្រធានាធិបតី​វៀតណាម អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបាន​រដ្ឋសភា​វៀតណាម បោះឆ្នោត​តែងតាំង ជា​ប្រធានាធិបតី​ជំនួស​លោក ង្វៀន ភូ​ជុង កាលពីខែមេសា ឆ្នាំ​២០២១នោះ​ នឹង​ធ្វើជា​អធិបតីជាមួយលោក ហេង សំរិន នៅក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​រដ្ឋបាល​ថ្មី​នៅ​វិមាន​រដ្ឋសភា ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ទឹកប្រាក់​ប្រមាណ ២៥​លាន​ដុល្លារ​។​

ជុំវិញទស្សនកិច្ចរបស់ប្រមុខរដ្ឋវៀតណាមនៅកម្ពុជាពេលនេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)មើលឃើញថា ជាដំណើរទស្សនកិច្ចមួយដែលនឹងផ្តល់តម្លៃដល់ទំនាក់ទំនងទ្វេភាគី តាមរយៈការដឹកនាំប្រតិភូ​មក​ជាមួយ​សុទ្ធសឹងជាមនុស្សសំខាន់របស់វៀតណាម រួមនឹងការជួយគាំទ្រកម្ពុជា ទាំងបញ្ហាក្នុងស្រុក បញ្ហាតំបន់ និងអន្តរជាតិ ដែលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ផងដែរ។

សូមបញ្ជាក់ថា លោក ង្វៀន ស៊ួនហ្វុក គឺជាមេដឹកនាំអាស៊ានទី៤ហើយ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាបន្ទាប់ពីនាយករដ្ឋមន្ត្រីឡាវ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីការបរទេសថៃ។ ជាទស្សនកិច្ច ដែលអ្នកវិភាគសន្និដ្ឋានថា ផ្តល់សារៈសំខាន់ដល់កម្ពុជា មុនកម្ពុជាឡើងធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងត្រូវរ៉ាប់រងរឿងធំៗមួយចំនួន ដូចជាបញ្ហាភូមា បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាកូវីដជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ